+85561 777 090
Logo
រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់់ស្ពឺ នឹងដំណើរការនៅខែមេសានេះ
Updated on: June 5, 2022, 3:49 a.m.
Published on: March 25, 2019, 4:47 a.m.

រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់់ស្ពឺ នឹងដំណើរការនៅខែមេសានេះ


ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ ប្រទេសកម្ពុជា ជាពិសេសគឺក្នុងទីក្រុងភ្នំពេញសុទ្ធតែទទួលរងនូវបញ្ហាដាច់អគ្គីសនី ខណៈដែលរដូវនេះជារដូវប្រាំងក្តៅហួតហែង ដូច្នេះហើយតម្រូវការនៃការប្រើប្រាស់អគ្គីសនីក៏កើនឡើងខ្លាំង ស្របពេលដែលរោងចក្រវារីអគ្គីសនីមិនអាចផលិតថាមពលបានដោយសារតែកង្វះទឹក។

ដោយមើលឃើញពីផលលំបាកជាច្រើនដែលបង្កមកពីកង្វះថាមពលអគ្គីសនីដើម្បីផ្គត់ផ្គង់នេះហើយ អគ្គីសនីកម្ពុជា (Electricite du Cambodge) បានសម្រេចដាក់បន្ថែមប្រភពផ្គត់ផ្គង់ ដោយក្នុងនោះរួមមានទាំងការបញ្ជាទិញភ្លើងពីបរទេសបន្ថែម និងការបង្កើនផលិតកម្មភ្លើងក្នុងស្រុក។ ​

តួយ៉ាងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្រ ដែលគ្រប់គ្នាស្គាល់ថាជាថាមពលសូឡាមួយនឹងបើកដំណើរការ ដើម្បីចម្រាញ់ថាមពលអគ្គីសនីឱ្យប្រើប្រាស់នៅក្នុងខែមេសាឆាប់ៗខាងមុខនេះហើយ (នេះបើតាមការប្រកាសជាសាធារណៈពីអគ្គីសនីកម្ពុជា)។ សួនបន្ទះសូឡានេះមានទីតាំងនៅក្នុងភូមិត្មាតពង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងមួយនៅមិនឆ្ងាយប៉ុន្មាននោះទេ ពីរាជធានីភ្នំពេញ

តាមការលើកឡើងពីប្រភពតែមួយនេះដែរបានបង្ហាញថា បន្ទះសូឡានេះអាចផលិតថាមពលបានរហូតដល់ទៅ ៦០ មេហ្គាវ៉ាត់ នៅពេលដែលវាដំណើរការពេញលេញ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមេសានេះ វានឹងផលិតថាមពលប្រមាណ ២០ មេហ្គាវ៉ាត់ជាមុនសិនដើម្បីផ្គត់ផ្គង់ និងចែកចាយឱ្យប្រើប្រាស់។

ការដាក់ឱ្យផលិតថាមពលនេះ ត្រូវបានគេដឹងថាគឺធ្វើឡើងដល់ទៅ៤ខែមុនការគ្រោងទុក ដោយសារតែតម្រូវការនាពេលនេះមានលក្ខ​ណៈបន្ទាន់ខ្លាំង។​ ទោះជាយ៉ាងណាក៏ដោយ រោងចក្រនេះនឹងដំណើរការទាំងស្រុងតែម្តងនៅក្នុងខែសីហាខាងមុខ។

ថ្វីបើនឹងមានការផ្គត់ផ្គង់ថាមពលពីប្រភពទាំងនេះទៅហើយក្តី ប៉ុន្តែបរិមាណនៃតម្រូវការនៅតែមិនទាន់សមតុល្យទៅនឹងការផ្គត់ផ្គង់នៅឡើយ។​ តាមការបង្ហើបស្របគ្នានោះដែរបានបង្ហាញថា កម្ពុជាអាចនឹងមានគម្រោងសួនថាមពលសូឡារនេះបន្ថែមចំនួនពីរទៀតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត​ពោសាត់ ដោយកន្លែងទាំងពីរនេះអាចនឹងផលិតថាមពលបានរហូតដល់ទៅ ១៨០មេហ្គាវ៉ាត់។

គូសបញ្ជាក់ផងដែរថា គម្រោងផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីផលិតថាមពលប្រើប្រាស់ ដោយសារតែថាមពលព្រះអាទិត្យគឺកើតមានជាទៀងទាត់រៀងរាល់ថ្ងៃ ពោលគឺមិនពិបាកប៉ាន់ស្មានដូចជាបរិមាណទឹកនោះឡើយ។ ម្យ៉ាងវិញទៀត កម្ពុជានៅសល់ដីទំនេរច្រើន ដែលសាកសមបំផុតនៅក្នុងការបំពាក់ផ្ទាំងសូឡាដើម្បីស្រូបយកថាមពលពន្លឺព្រះអាទិត្រនេះ៕​

ប្រភព៖ Khmer Times

ស្វែងរកព័ត៌មានថ្មីៗ នៃទីផ្សារអចលនទ្រព្យអចលនទ្រព្យកម្ពុជា! ឬចង់ដាក់លក់ ដាក់ជួល និងស្វែងរកអចលនទ្រព្យណាមួយ សូមចូលទៅកាន់ Realestate.com.kh!

Comments