+85561 777 090
Logo
រៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ស្រ្តីក្នុងវិស័យអចលនទ្រព្យ
Updated on: May 28, 2022, 8:17 a.m.
Published on: August 3, 2018, 6:45 p.m.

រៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ស្រ្តីក្នុងវិស័យអចលនទ្រព្យ


ថ្វីបើកាលពីអតីតកាល ស្ត្រីភាគច្រើនធ្វើការនៅតែក្នុងផ្ទះ មើលថែរក្សាកូន និងគ្រួសារក៏ពិតមែនប៉ុន្តែសម្រាប់ទសវត្សទី២១នេះស្រ្តីបានផ្លាស់ប្តូរទាំងការគិត និងការធ្វើការងារនៅក្នុងសង្គម។ តួយ៉ាងបច្ចុប្បន្នស្ត្រីមួយចំនួនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យអចលនទ្រព្យកម្ពុជាពោលគឺពួកគេធ្វើការជានាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកលក់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យជាដើម។

ខាងក្រោមនេះជាបទសម្ភាសន៍រវាង Realestate.com.kh និង អ្នកស្រី តាំងហួរ ដែលបច្ចុប្បន្នជានាយិកាក្រុមហ៊ុនអចលនទ្រព្យអមតៈប្រភើធីស័រវីស (Amatak Property Service)។

REAKH: សូមរៀបរាប់អំពីអំពីប្រវត្តិរបស់អ្នកស្រីដោយសង្ខេប៖

អ្នកស្រីតាំងហ៊ួរ៖ ខ្ញុំមិនមែនជាស្ត្រីដែលមានចំណេះដឹងខ្ពស់ទេហើយគ្រួសាររបស់ខ្ញុំគ្រាន់តែរំពឹងថាខ្ញុំនឹងក្លាយជាស្រ្តីមេផ្ទះម្នាក់។ ប៉ុន្តែការធ្វើការនៅក្នុងផ្ទះមិនបានធ្វើឲ្យខ្ញុំនៅសុខស្រណុកចិត្តទេ។ បន្ទាប់មកខ្ញុំបានចូលរៀ​នថ្នាក់ភាសាអង់គ្លេស ហើយបានចាប់ផ្តើមធ្វើការនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញ ហើយក្រោយមកទៀតធ្វើការនៅសណ្ឋាគារសាន់វេដោយធ្វើជាអ្នកគ្រប់គ្រងផ្នែកស្ប៉ា។ ជាមួយបទពិសោធន៍នេះខ្ញុំបានសម្រេចចិត្តធ្វើអាជីវកម្មផ្ទាល់ខ្លួនផ្នែកថែរក្សាសម្រស់ និងស្ប៉ាអស់រយៈពេល៧ឆ្នាំ។

នៅក្នុងឆ្នាំ២០១៤ខ្ញុំបានចាប់ផ្តើមធ្វើការជាភ្នាក់ងារអចលនទ្រព្យក្រៅម៉ោងសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យក្នុងស្រុកមួយ។ ខ្ញុំបានមើលឃើញសក្តានុពលដ៏ច្រើននៅក្នុងវិស័យនេះ។ ដូច្នេះនៅឆ្នាំ២០១៥ខ្ញុំបានចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថាអមតៈប្រភើធីស័រវីស (Amatak Property Service) ដែលមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងពាក់ព័ន្ធ។​

REAKH៖ តើអ្វីទៅជាសមិទ្ធផលធំៗរបស់អ្នកស្រី?

អ្នកស្រីតាំងហួរ៖ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍លើអចលនទ្រព្យតាំងពីឆ្នាំ១៩៩៧។ ពេលនោះខ្ញុំបានទិញផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញហើយជួសជុលឡើងវិញបន្ទាប់មកលក់ចេញវិញក្នុងតម្លៃខ្ពស់។ ជាមួយបទពិសោធន៍ទាំងនេះវាបានរុញច្រានខ្ញុំឲ្យសម្រេចក្តីស្រម៉ៃរបស់ខ្ញុំ។

ការមានក្រុមហ៊ុនអចលនទ្រព្យផ្ទាល់ខ្លួនគឺជាជោគជ័យដ៏ធំបំផុតរបស់ខ្ញុំ។ អតិថិជនទុកចិត្តខ្ញុំហើយខ្ញុំមានអតិថិជនថ្មីៗជាច្រើនជាពិសេសអតិថិជនចាស់ៗតែងតែមករកខ្ញុំនៅពេលពួកគាត់ត្រូវការសេវាកម្មអចលនទ្រព្យ។

REAKH៖ តើអ្វីជាបញ្ហាប្រឈមធំបំផុតរបស់អ្នកស្រីក្នុងអាជីពមួយនេះ?

អ្នកស្រីតាំងហួរ៖ ចំពោះការងារមួយនេះខ្ញុំពិតរវល់ច្រើនពេលខ្លះខ្ញុំមិនមានពេលទំនេរសម្រាប់គ្រួសាររបស់ខ្ញុំទេ។ ការងារផ្នែកអចលនទ្រព្យក៏តម្រូវឱ្យធ្វើការក្រោមពន្លឺព្រះអាទិត្យហើយនេះជាមូលហេតុដែលស្ត្រីជាច្រើនមិនចូលចិត្តប៉ុន្តែខ្ញុំអាចធ្វើបាន។​

ក្រៅពីនោះខ្ញុំមានបញ្ហាជាច្រើនទៀតដែលទាក់ទងជាមួយនឹងការងារប្រចាំថ្ងៃដែលត្រូវដោះស្រាយក្នុងនោះរួមមាន៖ ការមិនទុកចិត្តគ្នារវាង អ្នកលក់ និងអ្នកទិញ ការព្រួយបារម្ភពីគុណភាពសំណង់ បញ្ហាប្លង់កម្មសិទ្ធិកាន់កាប់ស្រប ឬមិនស្របច្បាប់ និងកត្តាតម្លៃទាបជាងទីផ្សារជាដើម។

រាល់បញ្ហាទាំងនេះ គឺត្រូវទាមទារឲ្យមានការជួយសម្របសម្រួលពីភ្នាក់ងារដល់ភាគីអ្នកទិញ និងអ្នកលក់ ហើយក៏មានជាចាំបាច់ផងនោះ គឺមេធាវី ឬធនាគាដែលជាសាក្សីដ៏សំខាន់សម្រាប់ ប្រតិបត្តិការអចលនទ្រព្យ។

REAKH៖  តើអ្វីទៅជាគោលការណ៍ស្នូលរបស់ក្រុមហ៊ុន អមតៈ ប្រភើធី ស័រវីស?

អ្នកស្រីតាំងហួរ៖ ខ្ញុំនិងក្រុមការងារទាំងអស់របស់ក្រុមហ៊ុន​បានប្រកាន់ខ្ជាប់ជាមួយនឹងភាពស្មោះត្រង់សម្រាប់អតិថិជនពោលគឺពួកយើងធ្វើការដោយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអត់ធ្មត់ព្យាយាមជាពិសេសគឺការស្វែងយល់ពីតម្រូវការពិតប្រាកដរបស់អតិថិជន។

REAKH៖ តើអ្វីទៅជាសាររបស់អ្នកស្រីដើម្បីផ្ញើជូនដល់យុវតី និងស្រ្តីដទៃក្នុងការចាប់យកអាជីពមួយពិសេសក្នុងវិស័យអចលនទ្រព្យ?

អ្នកស្រីតាំងហួរ៖ ខ្ញុំគិតថាអាជីពក្នុងវិស័យអចលនទ្រព្យមិនត្រឹមតែសម្រាប់បុរសទេ ប៉ុន្តែស្ត្រីក៏អាចធ្វើបានដែរ។ វាអាស្រ័យលើថាតើពួកគេស្រលាញ់ការងារនេះឬក៏អត់។ នៅក្នុងសម័យនេះស្រ្តីមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសអាជីពមួយដែលខ្លួនពេញចិត្ត។ ប្រសិនបើពួកគេមានចំណង់ចំណូលចិត្ត ឬចាប់អារម្មណ៍ការងារផ្នែកអចលនទ្រព្យសូមចាប់ផ្តើមធ្វើវាទៅ។​

REAKH៖ តើអ្នកស្រីមើលឃើញយ៉ាងដូចម្តេចចំពោះវិស័យមួយនេះទៅថ្ងៃអនាគត?

ដោយមើលឃើញពីសន្ទស្សន៍នៃវិស័យអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន នឹងសំឡឹងឃើញ ពីបទពិសោធន៍នៃការវិវត្តន៍នៃវិស័យអចលនទ្រព្យរបស់ប្រទេសក្នុងតំបន់ផង ខ្ញុំយល់ថាវិស័យ អចលនទ្រព្យកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំទៅមុខនឹងបន្តរីកចម្រើនយ៉ាងខ្លាំង បន្ថែមទៀត  នេះក៏ជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរ​​បស់កម្ពុជាផងដែរ៕

ស្វែងរកភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ទិញនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments