+85561 777 090
Logo
កំ​ណើន​សេដ្ឋ​កិច្ច និងលំហូរ​វិនិយោគកំ​ពុង​ផ្តល់​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងដល់​វិស័យ​អចល​ន​ទ្រព្យ
Updated on: June 6, 2022, 5:02 p.m.
Published on: August 6, 2019, 5:13 a.m.

កំ​ណើន​សេដ្ឋ​កិច្ច និងលំហូរ​វិនិយោគកំ​ពុង​ផ្តល់​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងដល់​វិស័យ​អចល​ន​ទ្រព្យ


An aerial shot of Phnom Penh, Cambodia

ស្ថិរ​ភាពម៉ា​ក្រូ​សេដ្ឋកិច្ច និងកំ​ណើន​លំហូរវិនិយោគ​ផ្ទាល់​ពី​បរទេស​​ (FDIs) ក្នុងឆមាសទី ១ ឆ្នាំនេះ បាន​ក្លាយ​ជាកត្តា​វាស់​វែង​ដ៏​រឹង​​មាំនៃ​សេដ្ឋ​កិច្ច​កម្ពុជា​ និង​បង្កើត​ជា​សញ្ញា​វិជ្ជ​មាន​​ថា​​វិ​ស័យអចលនទ្រព្យ​​នឹង​នៅ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់​​។

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ធនាគារ​ជាតិ​នៃ​កម្ពុជា បានព្យាករថាកម្ពុជា​នឹងមានកំ​ណើន​ផ្នែក​សេដ្ឋ​កិច្ច​ ៧.១​ ភាគរយ​ក្នុងឆ្នាំ២០១៩ នេះ​ដោយ​បាន​រួម​ចំ​ណែក​ខ្លាំង​ដោយ​​វិស័យសំណង់ វិស័យ​អចលនទ្រព្យ និងវិស័យទេសចរណ៍ជា​ដើម។​

ទន្ទឹមនឹងនេះដែរ នៅដើមខែនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថាខ្លួនបានយល់ព្រមលើគម្រោង​ស្នើរ​សុំ​​វិនិយោគដែលមានទឹកប្រាក់ចំនួន ៥.២ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះគឺជាការកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកម្ពុជា CBRE (ខេមបូឌា) អ្នក​ស្រី អាន សុ​ធី​តា បាន​មានប្រសាសន៍ថាលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់វិនិយោគិនទៅលើបរិយាកាសអាជីវកម្មនៅកម្ពុជា។ អ្នក​ស្រីបញ្ជាក់​​ថា កត្តា​នេះ​មាន​ន័យ​ថា​​តម្រូវការ​អចល​ន​ទ្រព្យ​ និង​សេវា​កម្ម​ផ្សេងៗ​នៅតែកើនឡើង។

លោកស្រីបន្ត​​ថា៖​ «​​កំណើនសេដ្ឋកិច្ចរឹងមាំគឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យហើយវាបង្កើតនូវទំនុកចិត្តភាគី​ពាក់​ព័ន្ធ​នា​នា​​នៅក្នុងឧស្សាហកម្មនេះ»​។

លោកស្រីបានបន្ថែមទៀតថាចំនួនគម្រោង​ស្នើរ​សុំ​វិនិយោគ​ដែល​ត្រូវ​បាន​​អនុម័តពី CDC កាន់តែច្រើនមានន័យថាតម្រូវការដីសម្រាប់​សាង​សង់​រោងចក្រនឹង​កើន​ឡើង ជា​ពិ​សេស​ទី​តាំង​នៅ​តំ​បន់​​ជុំវិញ និង​ជាយ​រាជធានីភ្នំពេញ។

អ្នក​ស្រី​បន្ត​ថា​៖​ «​ការសា​ក​សួរ​រក​ដី​ទំ​នេរ​ដើម្បី​សាង​សង់​រោង​ចក្រ​កំពុងកើនឡើង ជា​ពិ​សេស​តំ​បន់​ជាយ​​ក្រុង​ ហើយ​យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ថា​អាច​នឹង​ថម​ថយ​នៅ​ពេល​ឆាប់​ៗ​ទេ»។

រោងចក្របានផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលមកកម្ពុជា

បើតាមអ្នក​ស្រី សុ​ធីតា ​មាននិន្នាការកើនឡើងនៃរោងចក្រដែលផ្លាស់ប្តូរទីតាំង​​មកប្រទេសកម្ពុជាពីប្រទេសចិន។ លោកស្រីបាននិយាយថានេះកំពុងបង្កើតតម្រូវការបន្ថែមទៀតទាំងកន្លែងរោងចក្រនិងកន្លែងការិយាល័យ។

ទិន្នន័យរបស់ CBRE បានបង្ហាញថា ក្នុង​​រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះផ្ទៃ​ក្រ​លា​​ការិ​យា​ល័យ​ថ្មី​​ទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវ​បាន​ជួល​។​ នេះគឺជា​ការ​កើន​ឡើង​​ទ្វេដងបើធាប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។

បើ​បូក​បញ្ចូ​ល​ទាំង​អគារ​ការិ​យា​ល័យ​បង្កើត​ថ្មី និង​អគារ​ដែល​មាន​ស្រាប់ ចំនួន​ការិយា​ល័យ​សរុប​នៅ​ភ្នំពេញ​បានកើនឡើងដល់ជិត ៣៦០,០០០ ម៉ែត្រការ៉េគិត​ត្រឹម​​ចុងខែមិថុនា​ឆ្នាំ ២០១៩ នេះ។

មាន​ការ​​ព្យាករ​​ថាកម្ពុជានឹងដើរតួនាទីដ៏​សំខាន់ជាងមុនក្នុងវិស័យផលិតកម្មនា​ពេល​ខាង​មុខ​។

យោងតាម ​​NBC ប្រទេសកម្ពុជាបាននាំចេញទំនិញដែលមានតម្លៃប្រហែល ៦,៨ ពាន់លានដុល្លារនៅឆមាសទីមួយក្នុងឆ្នាំនេះ។ តួលេខនេះតំណាងឲ្យ​ជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនិងបានកើនឡើង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីខែមុនថាកំណើននៃការនាំចេញនឹងនៅតែរឹងមាំពេញមួយឆ្នាំ។

លោកបញ្ជាក់​ថា​៖​«​​ក្នុងរយៈពេល ៦ ខែដំបូង​ឆ្នាំនេះ ការ​នាំ​ចេញ​មិនមានការធ្លាក់ចុះនោះ​ទេ។ កំណើននាំចេញគឺខ្លាំង” ។ លោកបានបន្ថែមថាវិស័យកាត់ដេរកំពុងដំណើរការល្អដោយសារការនាំចូលវត្ថុធាតុដើមបានកើនឡើង។

យ៉ាងណាក៏ដោយ ស្រប​ពេល​មា​នសកម្មភាពវិជ្ជមានលើ​កត្តា​វាស់​វែង​ពី​សុខុ​មាល​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​ក៏​ប្រ​ឈម​នឹង​​ហានិភ័យមួយ​ចំ​នួន​ផង​ដែរ។ ការប្រ​ឈម​នឹង​ការ​បាត់​បង់​ប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ​ អ្វីៗ​ទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុបអាចប៉ះពាល់ដល់កំណើនឧស្សាហកម្ម។

កាលពីខែកុម្ភៈឆ្នាំនេះ សហភាព​​អ៊ឺរ៉ុបបានប្រកាសថាខ្លួនបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ១៨ ខែដើម្បីសម្រេច​ពី​ការ​ដក​ EBA ពី​កម្ពុជា​ក្រោម​ហេតុ​ផល​​ស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់នៅក្នុងប្រទេស។

ការបាត់បង់កិច្ចព្រមព្រៀង EBA អាចប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាដែលមានចំនួន ១៦ ភាគរយនៃទំ​ហំ​សេដ្ឋ​កិច្ច​​របស់ប្រទេស។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 

Comments