+85561 777 090
Logo
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
Updated on: June 6, 2022, 5:03 p.m.
Published on: November 13, 2017, 7:31 a.m.

ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ


បន្ទាប់ពីទទួលបានសិទ្ធិសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយប្រាក់អស់៨០លានដុល្លារនៅលើអតីតអគារប៊ូឌីញរួចមក ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុន Arakawa នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឆាប់ៗខាងមុខនេះ។

សាងសង់លើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយជម្រុញឱ្យមានគម្រោងលំនៅដ្ឋានតម្លៃទាបកាន់តែច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដូចជា WorldBridge Land និង B & BM Development បានចាប់ផ្ដើមគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួនរួចស្រេចហើយនៅខេត្តកណ្ដាលក្រោមគោលនយោបាយលំនៅដ្ឋានជាតិ។

ក្នុងឱកាសនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិធ្វើនៅខែមិថុនាឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថាក្រសួងកំពុងតែផ្ដោតការយកចិត្តទុកដាក់ស្វែងរកមធ្យោបាយផ្ដល់លំនៅដ្ឋានសមរម្យជូនដល់ប្រជាពលរដ្ឋចំណូលទាបនៅទូទាំងប្រទេសដើម្បីអាចមានលំនៅដ្ឋានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពថ្លៃថ្លូរ។

ក្រសួងរៀបចំដែនដីកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់តម្លៃលំនៅដ្ឋានសមរម្យ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតិកម្មដើម្បីជម្រុញឱ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីសម្រេចបានគោលដៅនេះ នេះបើយោងតាមលោក រដ្ឋមន្រ្តី ជា សុផារ៉ា។

ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនថែមទៀតទំនងជានឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសកម្ពុជា ដែលនៅទីបំផុតអាចនឹងឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រមាណ ៥៥ ០០០ ខ្នងក្នុងមួយឆ្នាំ។

សូមតាមដានព័ត៌មានអចលនទ្រព្យថ្មីៗនៅលើគេហទំព័រ Realestate.com.kh

 

Comments