+85561 777 090
Logo
ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី
Updated on: June 6, 2022, 5:03 p.m.
Published on: October 20, 2017, 11:37 p.m.

ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី


ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជាបាត់ដំបងដែលជាខេត្តជង្រុកស្រូវរបស់ប្រទេសកម្ពុជាបានស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់មួយចំនួនខាងវិស័យអចលនទ្រព្យនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្របពេលដែលទីផ្សារអចលនទ្រព្យនៅបាត់ដំបងត្រូវបានគេស្គាល់ដោយសារតែអគារសម័យអនានិគមគេឃើញមានបុរីជាង១១គម្រោងត្រូវបានអភិវឌ្ឍន៍នាពេលថ្មីៗនេះ ជាមួយនឹងក្ដីរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

លោក អៀ វ៉េងម៉ុង ប្រធាននាយកប្រតិបត្តិបុរីរុំចេកនៃខេត្តបាត់ដំបងបានវិនិយោគប្រាក់ជាង៣០លានដុល្លារលើគម្រោងអភិវឌ្ឍន៍បុរីទំហំ១៩ហិកតាដែលបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥។ ក្នុងកិច្ចសន្ទនាពីការវិនិយោគរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោកវ៉េងម៉ុងបញ្ជាក់ថាបាត់ដំបងនឹងមានសក្ដានុពលយ៉ាងខ្លាំងក្លានៅថ្ងៃអនាគតដោយសារតែំមន្ត្រីរដ្ឋាភិបាល និងក្រសួងទេសចរណ៍កំពុងតែធ្វើការងារដើម្បីប្រែក្លាយខេត្តបាត់ដំបងឱ្យក្លាយជាទិសដៅទេសចរណ៍សំខាន់មួយ។

ម្យ៉ាងវិញទៀតលោកវ៉េងម៉ុងជឿថាខេត្តមួយនេះមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស និងមានប្រជាជនចំណូលមធ្យមជាច្រើនដែលអាចមានលទ្ធភាពទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ នេះគឺជាហេតុផលសំខាន់មួយ ដែលលោកសម្រេចចិត្តចាប់ផ្ដើមគម្រោងបុរីរបស់លោកនៅបាត់ដំបង។ លោក អ៊ុង សង្ហា ប្រធានតំណាងការិយាល័យក្រុមហ៊ុន បុណ្ណា រៀលធី ក្នុងខេត្តបាត់ដំបងយល់ឃើញស្រដៀងគ្នាដោយលើកឡើងថាអ្នកវិនិយោគមិនអាចមើលរំលងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបងបានទេដោយសារតែបាត់ដំបងគឺជាខេត្តដ៏ធំមួយដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានប្រជាជនជាងមួលាននាក់។ យ៉ាងណាក៏ដោយលោកសង្ហាជឿថាការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកនឹងអាចជម្រុញប្រជាជនក្នុងស្រុកជាច្រើនឱ្យមានលទ្ធភាពទិញគេហដ្ឋានសម្រាប់ស្នាក់នៅ។

ម្យ៉ាងទៀតការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងតែបង្កើតឱ្យមានចរាចរណ៍មនុស្សកាន់តែច្រើនឱ្យចូលមកខេត្តបាត់ដំបងរួមមានការបើកច្រកព្រំដែនអន្តរជាតិនៅស្រុកសំពៅលូនដែលតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តស្រះកែវប្រទេសថៃ។ ច្រកអន្តរជាតិនេះនឹងអនុញ្ញាតិឱ្យមានការជួញដូរច្រើនជាងមុន និងមានអ្នកទេសចរណ៍ច្រើនជាងមុនដែលនៅទីបំផុតនឹងអាចបង្កើនចំណូលរបស់ប្រជាជនក្នុងស្រុក។

លើសពីនេះ រាជរដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិតភ្ជាក់ខេត្តបាត់ដំបងទៅកាន់រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខនេះជារឿងល្អសម្រាប់ខេត្តបាត់ដំបងដែលសេដ្ឋកិច្ចពឹងផ្អែកសឹងទាំងស្រុកលើវិស័យកសិកម្ម។ យ៉ាងណាក៏ដោយទោះបីជាមានសក្តានុពល វិនិយោគខ្លាំងក្លាយ៉ាងណាក្ដីតម្លៃដីមិនមានការកើនឡើងខ្លាំងទេ បើធៀបនឹងខេត្តដទៃទៀតដូចជាខេត្តព្រះសីហនុ និងសៀមរាប។

លោក សង្ហា បញ្ជាក់ថាតម្លៃដីនៅតំបន់លំនៅដ្ឋានមានតម្លៃពី៦០ ទៅ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលលោកជឿថាជាតម្លៃដែលគេអាចទិញបាន។ យ៉ាងណាក៏ដោយតម្លៃដីនៅតំបន់អាជីវកម្មស្ថិតនៅចន្លោះ ១៥០០ ទៅ ១៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង១៨០០ ទៅ២២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម។

ដោយសារតែតម្លៃដីនៅទាបអ្នកវិនិយោគច្រើនឡើងៗកំពុងតែធ្វើការសិក្សាពីលទ្ធភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅបាត់ដំបង។ លោក សង្ហា បង្ហើបថាមានអ្នកវិនិយោគមកសាកសួរព័ត៌មានពីក្រុមហ៊ុន បុណ្ណា រៀលធី បណ្ដើរៗហើយទាក់ទងនឹងតម្លៃអចលនទ្រព្យនៅខេត្តបាត់ដំបងនាពេលថ្មីៗនេះ។ មែនទែនទៅសក្ដានុពលវិនិយោគខេត្តបាត់ដំបងបានទាក់ទាញក្រុមហ៊ុនស៊ីម៉ង់ត៍មួយចំនួនរួចស្រេចទៅហើយមកបោះទុកវិនិយោគដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យសំណង់នៅបាត់ដំបង។

ជាក់ស្ដែងក្រុមហ៊ុន Battambang Conch Cement ដែលវិនិយោគប្រាក់២៣០លានដុល្លារលើគម្រោងរបស់ខ្លួនគ្រោងនឹងចាប់ផ្ដើមដំណើរការនៅខែធ្នូឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Thailand’s Siam Cement Group ក៏បានប្រកាសដែរថាខ្លួនកំពុងត្រៀមបើកដំណើរការក្រុមហ៊ុនស៊ីម៉ង់ត៍ទីបីរបស់ខ្លួននៅបាត់ដំបងនៅឆ្នាំ២០១៨ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ ១.៨លានតោនក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្ដើមដំណើរការ។

អ្នកវិនិយោគក្នុងស្រុក លោក ហេង តុលា បាននឹងកំពុងអភិវឌ្ឍន៍គម្រោងដីឡូត៍ និងលំនៅដ្ឋាននៅភូមិតាព្រួចសង្កាត់ក្ដុលដូនទៀវតាំងពីខែមករាឆ្នាំ២០១៥មកម្លេះ។ លោក តុលា បញ្ជាក់ថាមូលហេតុដែលលោកវិនិយោគលើគម្រោងទាំងនេះគឺដោយសារតែប្រទេសរបស់យើងបន្តមានស្ថេរភាពនយោបាយល្អ និងមានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ។

លោកជឿថានៅពេលដែលចំណូលប្រជាជនថ្នាក់កណ្ដាលកើនឡើងនៅបាត់ដំបងប្រជាជននឹងអាចមានលទ្ធភាពទិញលំនៅដ្ឋានថ្មីនៅក្នុងខេត្តមួយនេះ។យ៉ាងណាក៏ដោយលោកតុលាទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនក្នុងស្រុក ដែលបានសាកសួរទិញដីធ្លី និងលំនៅដ្ឋានក្នុងគម្រោងរបស់លោក។ លោករៀបរាប់ថា នៅឆ្នាំ២០១៥ យើងចាប់ផ្ដើមគម្រោងដីឡូត៍ទំហំតែ១.៥ ហិកតា ហើយពីរឆ្នាំកន្លះក្រោយមកយើងបានពង្រីកគម្រោងរបស់យើងដល់ទំហំ២០ហិកតារួមមានផ្ទះល្វែង២០០ខ្នងផ្សារមួយ និងរោងកុនមួយ។

ចុងក្រោយភ្នាក់ងារអចលនទ្រព្យ និងអ្នកវិនិយោគមានទស្សនៈសុទិដ្ឋិនិយមថាខេត្តបាត់ដំបងនឹងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឱ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ។ ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនឹងបន្តជម្រុញទំនុកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុករកស៊ីនៅបាត់ដំបងដែលជាកន្លែងទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគអចលនទ្រព្យ។

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តបាត់ដំបងលើគេហទំព័រ Realestate.com.kh

 

Comments