+85561 777 090
Logo
សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា
Updated on: May 31, 2022, 5:39 a.m.
Published on: March 23, 2018, 10:05 a.m.

សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា


តំបន់អរិយក្សត្រស្ថិតនៅប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ហើយក៏ជាទីតាំងមួយសាកសមនឹងការវិនិយោគលើវិស័យអចលនទ្រព្យធំៗបំផុតដោយសារតែទីតាំងនៃតំបន់នេះស្ថិតនៅកៀកនឹងតំបន់កណ្តាលក្រុងបំផុតបើនិយាយឲ្យខ្លីទៅគឺស្ថិតនៅបាំងតែទន្លេចតុមុខមួយប៉ុណ្ណោះ។ របាំងនៃទន្លេនេះក៏ប្រហែលមិនមែនជាបញ្ហានោះទេប្រសិនបើតំបន់នេះមានស្ពានភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិច។

នៅក្នុងដំណើរទស្សនៈកិច្ចរប​ស់​របស់ប្រនាធិបតីសាធារណរដ្ឋ​កូរ៉េខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះភាគីកូរ៉េបាន​យល់ព្រម​ទទួលយក​សំណើ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេទៅ​កាន់​តំបន់​អរិយ​ក្សត្រ​ដោយភាគីកូរ៉េ​បាន​បញ្ជាក់ថាបច្ចុប្បន្ននេះ​កូរ៉េកំពុង​ពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​។

ការ​សាងសង់​ស្ពាន​មិត្តភាព​កូរ៉េ​-​កម្ពុជាឆ្លងកាត់​ចតុមុខទៅកាន់​អរិយ​ក្សត្រនេះត្រូវបានគេរំពឹងថាស្ពាននេះនឹងជម្រុញវិស័យអចលនទ្រព្យឲ្យបោះជំហានបន្ថែមទៀតនៅក្នុងតំបន់នេះ។​ កន្លង មកគម្រោងអភិវឌ្ឍមួយចំនួននៅតំបន់អរិយក្សត្របានពន្យារការសាងសង់របស់ខ្លួនប៉ុន្តែទាំងអ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកអភិវឌ្ឍទាំងនេះនៅបន្តការយកចិត្តទុកដាក់ទៅលើតំបន់មួយនេះដដែលពិសេសគឺរងចាំគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់អរិយក្សត្រនេះ។​

លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិរបស់គេហៈទំព័រ cambodia21.com​ ធ្លាប់បានលើកឡើងថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគតជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់​ដែលមានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតង ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ស្អាត។

លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ CPL មានទស្សនៈដូចលោកស៊ីថាដែរលោកថា “ទីតាំងនេះពិតជាយុទ្ធសាស្រ្តទីតាំងដ៏អំណោយផលដែលជាកត្តាទាក់ទាញដល់អ្នកអភិវឌ្ឍន៍ឲ្យមកអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។”

អ្នកភូមិដែលរស់នៅក្នុងតំបន់អរិយក្សត្របានសំដែងភាពរីករាយនៅពេលបានឮថារដ្ឋាភិបាលមា​នគម្រោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងភ្នំពេញទៅតំបន់របស់ពួកគាត់។

លោកមឿនជាអ្នកលក់ដូរម្នាក់នៅក្នុងនៅតំបន់អរិយក្សត្របាននិយាយ “ខ្ញុំពិតជាចង់ឲ្យមានការសាងសង់ស្ពានយ៉ាងខ្លាំងនៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើនគម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះ។ នៅពេលមានស្ពានវានឹងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលក្នុងទីក្រុង។”

កន្លងមកក៏មា​នប្រកាសអំពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់មកតំបន់អរិយក្សត្រនេះដែរ។ កាលពីមេសាឆ្នាំ២០១៤កន្លងទៅលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយនៅច្បារអំពៅទៅតំបន់អារិយក្សត្រ និងពីផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វារទៅតំបន់ស្វាយជ្រំក្នុង សង្កាត់ល្វាឯមក្នុងខេត្តកណ្តាល។

ទោះជាយ៉ាងគេមិនទាន់បា្រដកថាតើគម្រោងទាំងនេះនឹងមានការប្រែប្រួលទៀត ឬយ៉ាងណាទេដោយហេតុថាមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេហើយប្រសិនបើមានការប្រែប្រួលគឺនឹងត្រូវចំណាលជាងមួយឆ្នាំ ឬច្រើនជាងនេះដើម្បីសិក្សាអំពីទីតាំងឡើងវិញ។

ក្រៅពីគម្រោងទាំងនេះក្នុងពេលបច្ចុប្បន្នស្ពានមិត្តភាពកម្ពុជា-​ជប៉ុនបានកំពុងជួលជុលឡើងវិញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់៣៣លានដុល្លារហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៩៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់នៅ​អរិយក្សត្រ Realestate.com.kh

Comments