ទំហំទឹកប្រាក់វិនិយោគមានការធ្លាក់ចុះបន្តិចរយៈពេល ៣ ខែចុងក្រោយក្នុងឆ្នាំ២០១៨ ប៉ុន្តែឆ្នាំបីខែដំបូង ឆ្នាំ២០១៩ នេះ ការវិនិយោគក្នុងវិស័យសំណង់មើលឃើញថាវានឹងកើន ឡើងវិញជាមួយនឹងទំហំទឹកប្រាក់ចំនួន ១.៨ ពាន់លាន ដុល្លារ នេះបើតាមរបាយការណ៍ទីផ្សារ ការិយាល័យត្រីមាសទី១ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន CBRE។
ទោះបីជាបរិបទនៃការសាងសង់ការិយាល័យទំនើបនៅមានលក្ខណៈក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជាក៏ ដោយ ប៉ុន្តែគេសង្កេតឃើញថានិន្នាការនៃការផ្គត់ផ្គង់មានកំណើនឡើង ហើយតម្រូវការក្នុងរយៈពេលថ្មីៗនេះក៏កើនឡើងផងដែរ។
បើយោងតាមការស្រាវជ្រាវេរបស់ CBRE បានឲ្យដឹងថា គេបានបែងចែកការផ្គត់ផ្គង់ការិយាល័យ ជា ៣ កម្រិត រួមមាន “A” “B” និង“C”។ ការផ្គត់ផ្គង់កម្រិត “c” បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០៨ ហើយវា មានការកើនឡើងជាលំដាប់រហូតដល់ឆ្នាំ ២០១៨។ ទោះបីជាការផ្គត់ផ្គង់នេះ មានការធ្លាក់ចុះបន្តិចនៅអំឡុងឆ្នាំ ២០១៨ តែតួលេខ បានបង្ហាញពីការកើនឡើងវិញនៅដើមឆ្នាំ២០១៩។
ចំណែកឯការផ្គត់ផ្គង់កម្រិត “B” ចាប់ផ្តើមមានវត្តមាននៅក្នុងឆ្នាំ ២០០៩ ហើយកម្រិត “A” នៅឆ្នាំ២០១៤ ហើយបន្តកើនឡើងជាលំដាប់ផងដែរ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា ទោះបីជាការផ្គត់ផ្គង់កំរិត “B” និង “A” កើនឡើងក្តី ការប្រើប្រាស់ការិយាល័យកម្រិត “C” នៅតែមានប្រជាប្រិយភាពខ្លាំង ដែលជាមធ្យមមានការកាន់កាប់រហូតដល់ ៨៥.៩៦%។
ទោះយ៉ាងណា លោក James Hewson ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE បង្ហាញពីភាពវិជ្ជមាននៃការិយាល័យ កម្រិត A នៅពេលអនាគត។ លោកលើកឡើងថាទោះបីជាក្នុងពេលបច្ចុប្បន្ន ការផ្គត់ផ្គង់កម្រិត “B” និង “C” កំពុងមានលក្ខណៈនាំមុខក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់កម្រិត “A” នឹងកើនឡើងច្រើនក្នុងថ្ងៃអនាគត ដោយសារតែកំណើននៃទំនោរថ្មីនេះ បានចាប់ផ្តើមរួចហើយនៅពេលបច្ចុប្បន្ន។
លោកបានបន្ថែមទៀតថា ការផ្គត់ផ្គង់ការិយាល័យកម្រិត “A” ថែមទៀត នឹងហក់ចូលក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅកោះពេជ្រ។ បច្ចុប្បន្ន គម្រោងការិយាល័យចំនួន ២ ផ្សេងទៀត ដែលមានឈ្មោះថា Chief Tower និង Maritime Tower កំពុងបន្តសាងសង់ ហើយគេរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ២០២២ និង២០២៣ខាងមុខ។
ក្រុមហ៊ុន CBRE រំពឹងទុកថាចាប់ពីត្រីមាសទី២ ឆ្នាំ២០១៩ រហូតដល់ ២០២៣ ការផ្គត់ផ្គង់ការិយាល័យកម្រិត A និង B និងមានដល់ ៣០ គម្រោង (ការិយាល័យកម្មសិទ្ធិផ្តាច់មុខ ១៦ និងការិយាល័យសហកម្មសិទ្ធិ ១៤ គម្រោង) ដែលមានផ្ទៃសាងសង់សរុបរហូតដល់ជាង ៦៤០,០០០ ម៉ែត្រការ៉េ។
ដោយសារមើលឃើញកំណើនយ៉ាងផុសផុលក្នុងការសាងសង់គម្រោងការិយាល័យនេះនៅក្នុងទី ក្រុង អ្នកជំនាញមានការរំពឹងទុកជាវិជ្ជមានចំពោះអនាគតនៃវិស័យមួយនេះ៕
តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!
Comments