+85561 777 090
Logo
ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:03 p.m.
Published on: March 22, 2018, 9:56 a.m.

ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ


ក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយរបស់ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។

ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន WorldBridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០​ ហ្វីតការ៉េ។

លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។

លោក Wilson បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ។ នេះដោយសារតែក្រុមហ៊ុនទាំងនេះមានបំណងទាញយកប្រយោជន៍ពីកំណើននៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរដែលបានមកដល់ប្រទេសកម្ពុជា។ កត្តានេះបានជម្រុញឲ្យមានកំណើនតម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក Wilson បានបន្ថែមថា "បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថាគម្រោងមានលក្ខណៈរឹងមាំ ស្រប ទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន ១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak។”

មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី​ ក្រុមហ៊ុន CapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។

មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងទល់មុខមាត់ទន្លេ អគារThe Peak ដែលមានកម្ពស់៥៥ជាន់ជាមួយខុនដូប្រណីតចំនួន១,០១៤យូនីត គឺត្រូវបានគេចាត់ទុកថាជាគម្រោងអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត និងធំបំផុត ដែលកំពុងដំណើរការនៅក្នុងទីក្រុងភ្នំពេញ។ គម្រោង The Peak រំពឹងថានឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។

ក្រុមហ៊ុនAscott Limited ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអាជីវកម្មលំនៅដ្ឋានក៏ស្ថិតនៅក្រោមក្រុមហ៊ុន CapitaLand នេះដែរ។ Ascott Limited បានគ្រប់គ្រងគម្រោងមួយនៅទីក្រុងភ្នំពេញ គឺគម្រោង CASA Meridian ។ ហើយក្រុមហ៊ុននេះដដែលក៏គ្រោងនឹងគ្រប់គ្រងគម្រោង Somerset Norodom Phnom Penh​ ដែលនឹងបើកដំណើរការក្នុងឆ្នាំនេះ និងគម្រោង Somerset Meridian Square ដែលគម្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ៕

ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh
ស្វែងរកព័ត៌មានលម្អិតរបស់គម្រោង The Peak ឥឡូវនេះ!​

Comments