កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានដឹកនាំកិច្ចប្រជុំមួយនៅទីស្តីការក្រសួងរៀបចំដែនដី ដើម្បីចាត់ចែងការងារ សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីដែលមានភូមិសាស្រ្តនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការប្រកាសរបស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រោយកិច្ចប្រជុំ មានលទ្ធផលមួយចំនួនដូចតទៅ៖
១៖ ជម្រាបជូនអំពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។
២៖ ប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរៀបចំកិច្ចព្រមព្រៀងដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងសិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។
៣៖ ប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ចុះកំណត់និយាមកាទីតាំងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បោះបង្គោលព្រំកំណត់តំបន់លំនៅឋាន និងកម្ពស់អគារ រៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ។
៤៖ អនុវត្តឱ្យមានការឯកភាពគ្នានូវប្រព័ន្ធនិយាមកា Datum WGS 84 ក្នុងការវាស់វែងគូសទីតាំងក្បាលដីក្នុងផែនទីតែមួយ។
៥៖ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលខេត្តតាកែវសហការជាមួយក្រុមការងារ និងក្រុមហ៊ុនក្នុងការអនុវត្តតួនាទី និងភារកិច្ចគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
៦៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាលរដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់ តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង។
៧៖ ស្នើស្ថាប័នពាក់ព័ន្ធគិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាអាទិ៍ ឩការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរសព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេសប្រព័ន្ធការពារ និងរំដោះទឹកជំនន់។
៨៖ ស្នើក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមានកាយសម្បទា និងលក្ខណសម្បត្តិតាមចំនួនសមស្របមកបម្រើការងារចាំបាច់ក្នុង ការអនុវត្តគម្រោង។ជំហានបន្ទាប់អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង។
៩៖ លើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាព ក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
គួរបញ្ជាក់ផងដែរថាព្រលានយន្តហោះភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ។ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនមួយ ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ ដើម្បីសាងសង់ដែលរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ៕
Comments