យោងតាមរបាយការណ៍របស់ GCR (Global Construction Review) បានឱ្យដឹងថាប្រទេសចិនបានធ្វើកិច្ចព្រមព្រៀងសាងសង់ផ្លូវដែកចិន-ឡាវ ដែលត្រូវបានរំពឹងថានឹងត្រូវបញ្ចប់នៅឆ្នាំ២០២១ដែលនឹងប្រែក្លាយប្រទេសឡាវពីប្រទេសមិនតភ្ជាប់ទៅជាប្រទេសតភ្ជាប់ព្រមទាំងធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវគោកក្នុងឧបទ្វីបឥណ្ឌូចិន។
គម្រោងផ្លូវដែកចិន-ឡាវគឺជាគម្រោងផ្លូវដែកក្រៅប្រទេសលើកដំបូងរបស់ប្រទេស ចិនដើម្បីផ្ដល់ការតភ្ជាប់ដោយត្រង់ជាមួយបណ្ដាញផ្លូវដែកខាងក្នុងរបស់ប្រទេសចិន ចាប់តាំងពីគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវត្រូវបានស្នើឡើង។ ខ្សែផ្លូវដែក ប្រវែង៤១៤គីឡូម៉ែត្រនេះត្រូវបានកសាងឡើងដោយបច្ចេកវិទ្យា និងឧបករណ៍របស់ប្រទេសចិនដើម្បីសម្រេចបានតាមស្ដង់ដារបស់ប្រទេសចិនដោយមានការកំណត់ល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោង។
ដោយចាប់ផ្ដើមចេញពីច្រកតំបន់ព្រំដែនរវាងទីក្រុង Mohan របស់ប្រទេសចិន និងទីក្រុង Boten របស់ប្រទេស ឡាវ ផ្លូវដែកចិន-ឡាវ មួយខ្សែនេះរត់ឆ្ពោះទៅកាន់ទីក្រុងវៀងចន្ទន៍ដែលរដ្ឋធានីរបស់ប្រទេស ឡាវ ដែលជាប្រទេសសម្បូរទៅដោយភ្នំ និងព្រៃ។ ជិត ៦៣%នៃផ្លូវនេះ គឺជាស្ពាន និងផ្លូវក្រោមដី ។
លោកប្រធានាធិបតីឡាវ Bounnhang Vorachit បានឲ្យដឹងថាគម្រោងផ្លូវដែកនេះជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងឡាវ និងចិន ហើយនឹងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឡាវ ៕
Comments