+85561 777 090
Logo
ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ
Updated on: June 5, 2022, 5:11 a.m.
Published on: July 6, 2021, 5:04 a.m.

ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ


កាលពីពេលថ្មីៗកន្លងទៅនេះមន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន បានស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាចំនួន៣គឺ ខេត្តសៀមរាប, ខេត្តកំពត និងខេត្តព្រះសីហនុ ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្ញើជុនសម្តេចក្រឡាហោម ស ខេង ។

តាមប្រភពលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា គោលបំណងស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្ត​របស់ប្រទេសកម្ពុជាទាំង៣ខាងលើគឺដើម្បីបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងខេត្តខាងលើ ។

នៅក្នុងលិខិតនោះបានបញ្ជាក់បន្ថែមថា ខេត្តហ៊ូប៉េជាមជ្ឍមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងផែនការអភិវឌ្ឍខ្សែក្រវាត់ក្រុង និងផ្លូវផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗនៅខេត្តនេះ បានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម ។

គួររម្លឹកផងដែរថា ខេត្តសៀមរាប , ខេត្តកំពត និងខេត្តព្រះសីហនុ សុទ្ធសឹងតែជាខេត្តដែលសម្បូរទៅដោយភ្ញៀវទេសចរ និងថែមទាំងជាខេត្តដែលមានសក្តានុពលខ្លាំងទៀតផង ។

ជាក់ស្តែងដូចជាខេត្តព្រះសីហនុដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន បច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្តដែលនៅជាប់សមុទ្រមួយនេះ ។ ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនផ្សេងៗឡើយ ។ អមនឹងពាក្យមួយដែលគេប្រសិទ្ធនាមឱ្យថា ជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង ។

រីឯខេត្តសៀមរាបវិញប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍធំៗជាច្រើនមានដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសដែលគ្រោងនឹងធ្វើឡើងនៅលើផ្ទៃដីទំហំ១០០០ហិកតាដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ រួមជាមួយនឹងគម្រោងអភិវឌ្ឍផ្សេងៗជាច្រើនទៀតផងដែរ ។

ចំណែកឯខេត្តកំពតក៏ជាមុខព្រួញសំខាន់មួយរបស់អ្នកអភិវឌ្ឍលើវិស័យអចលនទ្រព្យពោលក៏មានការបង្កើតទីក្រុងបូកគោដែលស្ថិតក្នុងផែនការមេអភិវឌ្ឍន៍គោលដៅទេសចរណ៍ រួមជាមួយនឹងគម្រោងធំមួយទៀតគឺសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិជាដើម ៕

Comments