+85561 777 090
Logo
គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ
Updated on: June 6, 2022, 11:18 p.m.
Published on: December 7, 2017, 3:59 a.m.

គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ


ខណៈពេលដែលការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញនៅតែបន្តរីកចម្រើនការយកចិត្តទុកដាក់លើដីធ្លី និងលំនៅដ្ឋាននៅជាយក្រុងមួយចំនួនទៀតដូចជាជ្រោយចង្វារក៏បានកើនឡើង យ៉ាងខ្លាំងដែរ។ ជ្រោយចង្វារ ដែលស្ថិតនៅក្នុងតំបន់ភាគឦសានរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិ លេខ៦អា បាននិងកំពុងក្លាយជាតំបន់ពេញនិយមសម្រាប់គម្រោងលំនៅដ្ឋាន ពិសេស សម្រាប់គ្រួសារដែលស្វែងរកការរស់នៅបែបស៊ីវីល័យមានហេដ្ឋារចនាសម្ព័ន្ធ និងអាកាសធាតុល្អប្រសើរ។

គម្រោងបុរីជាច្រើនបានលេចឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នក អភិវឌ្ឍន៍បានស្វែងរកទិញដីដើម្បីរៀបចំការអភិវឌ្ឍន៍របស់ពួកគេ។ គម្រោងបុរីធំៗមួយចំនួន ដូចជា បុរីផ្លររ៉ា, បុរីមេគង្គរ៉ូយ៉ាល់ បុរីអ័រគីដេវីឡា និងបុរីប៉េងហ៊ួតជាដើមក៏បានចាប់អារម្មណ៍វិនិយោគនៅជ្រោយចង្វារផងដែរ។

មែនទែនទៅ ភាពទាក់ទាញរបស់ជ្រោយចង្វារគឺទីតាំង និងការតភ្ជាប់ជាយុទ្ធសាស្រ្តរបស់វាទៅកាន់ខេត្តសំខាន់ៗមួយចំនួនដូចជា កំពង់ចាម កំពង់ធំ និងសៀមរាប។ លើសពីនេះ ទន្លេពីរស្ថិតនៅសងខាងតំបន់ជ្រោយចង្វារផ្តល់នូវបរិយាកាសធម្មជាតិល្អប្រណិតផងដែរសម្រាប់តំបន់មួយនេះ។

លោក ចេង សុធា អតិថិជនម្នាក់ដែលបានទិញផ្ទះវីឡាមួយនៅបុរីមេគង្គរ៉ូយ៉ាល់បាននិយាយថាជ្រោយចង្វារគឺជាកន្លែងដ៏ល្អសម្រាប់ការរស់នៅពីព្រោះវាមានផ្លូវធំទូលាយ ដែលគ្មានបញ្ហា កកស្ទះចរាចរខុសពីកណ្តាលរាជធានីភ្នំពេញ។  លោក សុធា ជឿជាក់ថាជាមួយគម្រោងធំៗមួយចំនួនដូចជា ពហុកីឡាដ្ឋានដែលផ្តល់មូលនិធិដោយប្រទេសចិន និងសួនសត្វដ៏ធំបំផុតរបស់កម្ពុជានៅទីនោះ លោករំពឹងថានឹងទទួលបានផលចំណេញពីការវិនិយោគរបស់លោកនៅតំបន់ជ្រោយចង្វារ។

ទន្ទឹមនេះ លោក តេង រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Property Investment Realty Partner បានលើកឡើងពីការអភិវឌ្ឍន៍នៅតំបន់នេះថាជ្រោយចង្វារគឺជាតំបន់កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ហើយបានទាក់ទាញគម្រោងបុរីដ៏ល្បីល្បាញ និងក្រុមហ៊ុនធំៗដើម្បីវិនិយោគ លើគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម។ លោកជឿជាក់ថា ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ កំពុងទាក់ទាញប្រជាជនដែលមានប្រាក់ចំណូលលើមធ្យម និងចំណូលខ្ពស់ដើម្បីទិញអចលនទ្រព្យនៅទីនោះហើយតំបន់នេះកំពុងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលសម្រាប់ការស្នាក់នៅការិយាល័យ ពាណិជ្ជកម្ម និងទេសចរណ៍។

ដូចគ្នាដែរ លោក យឹម សុជាតិ នាយកក្រុមហ៊ុន CDN មានប្រសាសន៍ថា ខណៈពេលដែលការអភិវឌ្ឍន៍លំនៅឋានភាគច្រើននៅតំបន់ជាយក្រុងដទៃទៀតត្រូវបានរៀបចំឡើងដើម្បីផ្ដោតលើគ្រួសារដែលមានប្រាក់ចំណូលមធ្យម លំនៅដ្ឋាននៅជ្រោយចង្វារត្រូវបានបង្កើតឡើងសម្រាប់គ្រួសារដែលមានចំណូលលើមធ្យម និងចំណូលខ្ពស់។ ម្យ៉ាងវិញទៀតតំបន់នេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានលក្ខណៈស៊ីវិល័យច្រើនជាងតំបន់ជាយក្រុងដទៃទៀត នៅក្នុងរាជធានីភ្នំពេញ។

ទាក់ទងនឹងតម្លៃដី លោកសុជាតិ បានពន្យល់ថាតម្លៃដីធ្លីនៅជ្រោយចង្វារ បានកើនឡើងគួរឱ្យកត់សម្គាល់ពោលគឺកើនឡើង ៣០០ ភាគរយបើប្រៀបធៀបទៅនឹងបួនឆ្នាំមុន។ ដីធ្លីក្នុងរង្វង់២គីឡូម៉ែត្រនៃស្ពានជ្រោយចង្វារត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ១២០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងតំបន់លំនៅដ្ឋាន ហើយចន្លោះពី ២០០០ ទៅ ៤៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្មសំខាន់ៗ។

យ៉ាងណាក៏ដោយតម្លៃដីចម្ងាយលើសពី២គីឡូម៉ែត្រពីស្ពានមានតម្លៃតែ ៤០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីចាប់ពីស្ពានទី១ទៅមានតម្លៃពី៥០ទៅ២០០ដុល្លារសម្រាប់ដីធំៗដែលអាចធ្វើការអភិវឌ្ឍន៍បាន។

លោកសុជាតិបន្តថាហេតុផលដែលនាំឱ្យមានការកើនឡើងតម្លៃដីធ្លីនៅជ្រោយចង្វារគឺដោយសារតែមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីល្បីល្បាញបានប្រមូលផ្តុំនៅតំបន់នោះហើយបានទិញដីសម្រាប់ធ្វើការអភិវឌ្ឍន៍ជាច្រើន។

ម្យ៉ាងទៀតគម្រោងអភិវឌ្ឍន៍ធំៗចំនួនពីរគឺទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន LYP Group និង China Minsheng Investment Group ដើម្បីបង្កើតទីក្រុងរណបលីយ៉ុងផាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញគម្រោងបុរី នៅទីនោះ។ គម្រោងបុរីទាំងអស់នេះហើយដែលបានជំរុញឱ្យតម្លៃដីកើនឡើងខ្លាំងនៅ ជ្រោយចង្វារ។

លើសពីនេះទៅទៀត OCIC ក៏គ្រោងនឹងសាងសង់ស្ពានបេតុងថ្មីតម្លៃ៣៥លានដុល្លារឆ្លងកាត់ទន្លេសាបចាប់ពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចនៅឫស្សីកែវទៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ។

គេជឿថា ស្ពានថ្មីដែលគ្រោងសាងសង់ដោយ OCIC នឹងមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរនៅពេលឆ្លងកាត់ស្ពានជ្រោយចង្វារប៉ុណ្ណោះទេប៉ុន្តែក៏នឹងជួយជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់កើនឡើងថែមទៀតផងដែរ។

សរុបមកវិញតំបន់ជ្រោយចង្វារគឺជាតំបន់ប្រកបដោយសក្ដានុពលខ្លាំងនៅពេលបច្ចុប្បន្ន និងអនាគតដោយសារតែមានបរិយាកាសធម្មជាតិអំណោយផលអមដោយទន្លេរពីរនៅសងខាង ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរព្រមទាំងមានគម្រោងទីក្រុងរណប និងបុរីល្បីៗជាច្រើននៅទីនោះ។

ស្វែងរកអចលនទ្រព្យសម្រាប់ជួលលក់នៅតំបន់ជ្រោយចង្វារតាមរយៈ Realestate.com.kh















Comments