(រូបភាពតំណាង)
ថ្មីៗកន្លងទៅនេះក្រុងប៉ោយប៉ែតត្រូវបានវិនិយោគិនចិនជាច្រើនបោះទុនរាប់សិនលានដុល្លារអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យក្រុងជាយដែនមួយនេះកាន់តែសម្បូរបែប ។
ក្រោយពីមានការកើនឡើងនូវអគារកាស៊ីណូពីសំណាក់អ្នកវិនិយោគចិនព្រមទាំងកំណើនជនបរទេសផងនោះមានអ្នកវិនិយោគជាច្រើនផ្សេងទៀតបានសម្រេចចិត្តធ្វើការអភិវឌ្ឍគម្រោងខុនដូសម្រាប់ស្នាក់នៅ។
អានអត្ថបទបន្ថែម៖ បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត
លោក សាន ស៊ាងហូ ជាអភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩នេះខុនដូចំនួន៥គម្រោង បាននិងកំពុងសាងសង់នៅទីក្រុងប៉ោយប៉ែត។ លោកបន្តថានេះជាការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ពីអ្នកវិនិយោគក្នុងស្រុកពិសេសអ្នកវិនិយោគអន្តរជាតិដែលបាន និងកំពុងបន្តកើនឡើងក្នុងទីក្រុងនេះ ។
ក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះមានប្រជាជនរស់នៅសរុបប្រមាណ១៥០,០០០នាក់ និងជនបរទេសរស់នៅប្រមាណ៣០,០០០នាក់។ ក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលបាននិងកំពុងស្រូបយកកំលាំងពលកម្មរាប់ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋជិតឆ្ងាយ។
បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារខ្ពស់ៗជាង៦០អាគារធ្វើឲ្យទីក្រុងនេះមានភាពរីកចម្រើន មិនចាញ់ទីក្រុងដទៃឡើយ ពិសេសបច្ចុប្បន្នទីក្រុងនេះមានចំនួនប្រជាសាស្រ្តកើនឡើងជាបន្តបន្ទាប់ ។
អ្នកវិនិយោគបុរីនៅក្រុងប៉ោយប៉ែតម្នាក់បានលើកឡើងថាបច្ចុប្បន្នក្រុងប៉ោយប៉ែតមានការរីកចម្រើនខ្លាំងប៉ុន្តែជាមួយនេះខេត្តកំពុងប្រឈមនឹងកង្វះខាតធនធានមនុស្សកង្វះបន្ទប់ធ្វើការ និងកន្លែងស្នាក់នៅ ។
លោកបន្តថាពេលនេះជាពេលវេលាល្អ ដែលអ្នកវិនិយោគក្នុង ស្រុកគួរមកវិនិយោគនៅក្រុង ប៉ោយប៉ែតដើម្បីសាងសង់អាគារការិយាល័យ អាផាតមេន និងខុនដូនានា ។ លោកក៏បានអំពាវនាវ ដល់អ្នកមានជំនាញ និងចំណេះដឹង ឱ្យមករកការងារធ្វើនៅទីក្រុងជាយដែននេះ ដែលនឹងទទួលបានប្រាក់ចំណូលច្រើនផងដែរ ។
Comments