(រូបភាពតំណាង)
កាលពីថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជានិយតករអាជីវកម្មកាស៊ីណូរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ៥២ក្រុមហ៊ុន កាលពីឆ្នាំ២០១៨ ដែលធ្វើឲ្យចំនួនកាស៊ីណូនៅកម្ពុជាកើនឡើងដល់ចំនួនសរុប១៥០គិតត្រឹមដំណាច់ឆ្នាំ២០១៨។ គ្រាន់តែខេត្តព្រះសីហនុមួយមានទីតាំងអាជីវកម្មកាស៊ីណូស្របច្បាប់៨៨ទីតាំង ។
Naga World ជាក្រុមហ៊ុនអាជីវកម្មកាស៊ីណូតែ១គត់នៅទីក្រុងភ្នំពេញដែលរកបានប្រាក់ចំណេញជិត៤០០លានដុល្លារនៅឆ្នាំ២០១៨។ ប្រាក់ចំណេញនេះស្ទើរតែប្រហាក់ប្រហែលនឹងប្រាក់ចំណេញ១ឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា។
អានអត្ថបទបន្ថែម៖ ក្រុមហ៊ុនវិនិយោគលើអាជីវកម្មកាស៊ីណូមួយ រកបានប្រាក់ចំណេញជិត ៤០០ លានដុល្លារនៅឆ្នាំ ២០១៨
ប្រធានក្រុមហ៊ុន NagaCorp លោក Timothy Patrick McNally បានឱ្យដឹងថា៖ «នេះជាភាពជោគជ័យ និងកំណើនដ៏រហ័សរបស់ Naga World 2 ដែលនាំឱ្យមានការរៀបចំផែនការ សម្រាប់ ការអភិវឌ្ឍ Naga World 3 ដើម្បីឱ្យសមស្របនឹងកំណើនភ្ញៀវទេសចរក្រៅស្រុកជាពិសេសមកពី ប្រទេសចិនព្រមទាំងស្ថិរភាពនយោបាយរបស់កម្ពុជាបច្ចុប្បន្ន» ។
លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមបានឲ្យដឹងថាកំណើនចំនួនកាស៊ីណូ និងប្រាក់ចំណូលរបស់កាស៊ីណូជានិន្នាការគួរឲ្យបារម្ភមួយដោយសារតែកត្តាហានិភ័យសង្គម ខណៈលោកបានឲ្យដឹងថា មានផលប៉ះពាល់អវិជ្ជមានជាច្រើន ដោយសារកំណើន ចំនួនអ្នកលេងល្បែង។
លោកថ្លែងថា៖ «កម្ពុជាមិនទាន់មានការអនុវត្តច្បាប់លើអាជីវកម្មកាស៊ីណូទាំងស្រុងនៅឡើយទេ។ ខ្ញុំតែងតែបារម្ភថានៅពីក្រោយកំណើនប្រាក់ចំណេញដ៏ច្រើនរបស់ប្រតិបត្តិករកាស៊ីណូនេះ ។ តើអ្វីជាផលប៉ះពាល់នៅពីក្រោយនេះ?»
លោកបញ្ជាក់ថា៖ «កម្ពុជាចាំបាច់ត្រូវបង្កើនល្បឿនបញ្ចេញច្បាប់កាស៊ីណូដើម្បីប្រមូលពន្ធកាន់តែច្រើន និងដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមានដ៏ធំដោយសារតែអាជីវកម្មលេងល្បែង»។
លោកបន្តថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ជឿជាក់ថា ប្រាក់ចំណូលពន្ធបានពីក្រុមហ៊ុន កាស៊ីណូ កំពុងរួមចំណែកដល់ដំណោះស្រាយរបស់បញ្ហានេះនោះទេ»។
បើតាមការបញ្ជាក់របស់តាមលោក ម៉ី វ៉ាន់ អគ្គនាយកអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា៖ «សេចក្ដីព្រាងច្បាប់ស្តីពីអាជីវកម្មកាស៊ីណូ បានធ្វើសេចក្តីព្រាងរួចហើយ។ បច្ចុប្បន្នរង់ចាំតែការអនុម័តពីរដ្ឋាភិបាល និងរដ្ឋសភាប៉ុណ្ណោះ» ។ ''
Comments