សៀមរាបគឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ជាមួយនឹងកំណើននៃវិស័យទេសចរណ៍ខេត្តសៀមរាបបានក្លាយជាទិសដៅវិនិយោគផ្នែកអចលនទ្រព្យដ៏មាមាញឹកមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលបានកំពុងរុញច្រានវិស័យសំណង់ឲ្យងើបឡើងច្រើននៅក្នុងទីក្រុង។ ទោះយ៉ាងជាណាក្នុងរយៈពេលចុងក្រោយឆ្នាំថ្មីៗនេះក្រុងព្រះសីហនុឯណោះវិញ ក៏ទទួលបានឱកាសវិនិយោគជាច្រើនលើវិស័យអចលនទ្រព្យផងដែរ។ ការវិនិយោគរបស់វិនិយោគិនចិននៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រនេះបានជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រកម្ពុជា។
អ្នកជំនាញមួយចំនួនបាននិយាយថាខេត្តសៀមរាបកំពុងត្រូវបានអភិឌ្ឍក្នុងដំណើរស្រដៀងគ្នាទៅនឹងខេត្តព្រសីហនុដែរ។ ខណៈអ្នកខ្លះទៀតអះអាងថាសៀមរាបនឹងរីកចម្រើនបន្តិចម្តងៗ។ ជុំវិញការលើកឡើងទាំងនេះ លោក គី កុសល ដែលជាអ្នកនិពន្ធរបស់ក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកជំនាញអចលនទ្រព្យ ៤ នាក់ នៅខេត្តសៀមរាប ដើម្បីស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពនៃទីផ្សារខេត្តសៀមរាបនៅពេលបច្ចុប្បន្ន។
អានអត្ថបទបន្ថែម៖ វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពលតែមានហានិភ័យ
តើអ្វីដែលជាចំណុចខ្លាំង និងចំណុចខ្សោយនៃទីផ្សារអចលនទ្រព្យខេត្តសៀមរាបក្នុងឆ្នាំ២០១៨?
លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
បដិសណ្ឋារកិច្ចបានក្លាយជាវិស័យដ៏ធំបំផុតមួយនៅក្នុងខេត្តសៀមរាប។ ទីផ្សារផ្ទះជួល និងកន្លែងស្នាក់នៅដែលមានតម្លៃទាប និងមធ្យមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញទីផ្សារអាផាតមិន និងអចលនទ្រព្យពាណិជ្ជកម្មធំៗមិនសូវមានដំណើរការល្អទេដោយសារតម្រូវការនៅទីនេះមិនទាន់មានភាពពេញនិយមខ្លាំងនៅឡើយ។
ទោះយ៉ាងណាយើងបានមើលឃើញពីភាពរីកចម្រើនទាំងគម្រោងអភិឌ្ឍន៍ចម្រុះ និងគម្រោងលំនៅដ្ឋាននៅឆ្នាំ២០១៨នេះ។ ចំណែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យទ្រព្យក៏បានកើនឡើង យ៉ាងខ្លាំងផងដែរ ខណៈវិស័យសំណង់បានបង្ហាញភាពវិជ្ជមានច្រើនគួរឲ្យកត់សម្គាល់។
បើនិយាយពីដីតាមតំបន់ជាយក្រុងវិញយើងឃើញថាវាបានចាប់ផ្ដើមមានតម្រូវការច្រើនពីប្រជាជនក្នុងស្រុក និងវិនិយោគិនហើយកត្តានេះបានជំរុញតម្លៃដីឲ្យកើនឡើងខ្ពស់ជាងឆ្នាំកន្លងមក។
លោក Charles Evans នាយកក្រុមហ៊ុន Cambodia Property Shop
ខ្ញុំគិតថាឆ្នាំ២០១៨ជាឆ្នាំដ៏ល្អមួយសម្រាប់ទីផ្សារដីធ្លីនៅសៀមរាប។ តម្លៃដីបានកើនឡើងហើយជាមួយគ្នាដែរ វិស័យសណ្ឋាគារ និងអាជីវកម្មជាច្រើនត្រូវបានអភិវឌ្ឍយ៉ាងច្រើននៅក្នុងក្រុង។ ទាំងវិស័យទេសចរណ៍ និងការបណ្តាក់ទុនវិនិយោគពីប្រទេសចិន ខ្ញុំមើលឃើញថាបានកើនឡើងខ្លាំង។ ទន្ទឹមជាមួយគ្នានេះដែរ ប្រជាជនក្នុងស្រុកជាច្រើនបានចាប់ផ្តើមវិនិយោគលើវិស័យដីធ្លី។ ចំណុចនេះបានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ហើយទីក្រុងទាំងមូលកាន់តែរីកធំជាងមុន។
ទោះជាយ៉ាងណាក៏ដោយខ្ញុំបានមើលឃើញពីកង្វះខាតផ្នែកវិជ្ជាជីវៈក្នុងចំណោមភ្នាក់ងារអចលនទ្រព្យ។ នៅឆ្នាំ២០១៨យើងឃើញមានអ្នកដែលមិនមានបទពិសោធន៍គ្មានក្រុមហ៊ុនស្របច្បាប់ គ្មានអាជ្ញាប័ណ្ណបានដើរតួជាឈ្មួញកណ្តាល/ភ្នាក់ងារ។
ទាក់ទងនឹងទីផ្សារជួលវិញ តម្លៃជួលភាគច្រើនបាននៅទ្រឹង និងបានធ្លាក់ចុះ សម្រាប់ប្រភេទ ផ្ទះវីឡា អាផាតមេន និងអចលនទ្រព្យពាណិជ្ជកម្ម។
លោក Choch Cho ស្ថាបនិក និងនាយកប្រតិបត្តិនៃ Siem Reap Property Services
ការជួលមិនសូវមានច្រើនទេនៅដើមឆ្នាំ ២០១៨។ ទោះបីយ៉ាងណារយៈពេលពីរបីខែចុងឆ្នាំ២០១៨ ឃើញថាការជួលបានកើនឡើងវិញ។ កើនឡើងដោយសារតែជនបរទេសមកពីបច្ចឹមប្រទេស នៅតែបន្តចូលមកខេត្តសៀមរាបសម្រាប់ការចូលនិវត្តន៍របស់ពួកគេ។ យើងក៏មើលឃើញពីការកើនឡើងនៃនិន្នានៃការធ្វើការងារតាមប្រព័ន្ធដែលពួកគេបានចូលមកស្នាក់នៅក្នុងខេត្តសៀមរាប។ កត្តាទាំងនេះបានជួយពង្រឹងសេដ្ឋកិច្ចនៅក្នុងខេត្ត។
បច្ចុប្បន្នអាផាតមេន ២ បន្ទប់គេង អាចជួលបានពីចន្លោះពី៣០០ទៅ៦០០ដុល្លារក្នុងមួយខែ ដែលជាផ្ទះវីឡាឯកជន៤បន្ទប់គេងមានតម្លៃចន្លោះពី៨០០ដុល្លារទៅ១,៥០០ដុល្លារ និងអាផាមេនប្រភេទស្ទូឌីយូមានតម្លៃពី១៥០ទៅ៣០០ដុល្លារក្នុងមួយខែ។ សង្កាត់សាលាកំរើក វត្តបូព៌ និងវត្តដំណាក់គឺជាកន្លែងពេញនិយមសម្រាប់អ្នកជួលកន្លែងស្នាក់នៅ។
ម្យ៉ាងវិញទៀត ដោយសារតែដីនៅក្នុងខេត្តសៀមរាបមានតិច ហើយតម្រូវការបានកើនឡើងច្រើនវាបានជំរុញតម្លៃដីធ្លីឲ្យហក់ឡើងខ្ពស់។
លោក ភិន វណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន Camglobe Realtor ក្នុងខេត្តសៀមរាប
ការទិញលក់ដីធ្លីបានកើនឡើងខ្លាំងនៅក្នុងអំឡុងឆ្នាំ២០១៨កន្លងទៅ។ កំណើនបានរីករាលដាលទៅដល់ឃុំដំដែក និងតំបន់ភ្នំក្រោមដែលបានធ្វើឲ្យតំបន់ទាំងនេះមានប្រជាប្រិយភាពខ្លាំង។ ចំណែកដីនៅជុំវិញផ្សារត្រាំនាគបានឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងមក។ ខ្ញុំគិតថាដោយសារតែតម្រូវការរបស់អ្នកវិនិយោគកើនឡើងកាន់តែច្រើនទើបធ្វើឲ្យតំបន់ក្រៅក្រុងចាប់ផ្តើមរីកចម្រើន។
ដីនៅតាមតំបន់នេះដែលមានតម្លៃត្រឹម១ដុល្លារពីមុនបានឡើងដល់៥ដុល្លារក្នុងឆ្នាំ២០១៨។ ដីនៅក្នុងក្រុងពិសេសនៅជិតផ្សារត្រាំនាគក្នុងសង្កាត់ស្លរក្រាមបានឡើងថ្លៃរហូតដល់២០០ ដុល្លារ/ម៉ែត្រការ៉េ។
តើទីផ្សារអចលនទ្រព្យនៅក្នុងខេត្តសៀមរាបនឹងមានលក្ខណៈដូចម្តេចនៅក្នុងឆ្នាំ ២០១៩?
លោក ច្រឹក សុខនីម
ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មអចលនទ្រព្យនៅក្នុងខេត្តសៀមរាបខ្ញុំគិតថាឆ្នាំ២០១៩គឺជាឆ្នាំដែលត្រូវធ្វើការងារនេះដើម្បីទទួលបានភាពរីកចម្រើនក្នុងរយៈពេលតែ៣ទៅ៥ឆ្នាំទៀត។ មួយវិញទៀត វិនិយោគិនអន្តរជាតិ ពិសេសជនជាតិចិន នឹងឆ្ពោះទៅកាន់ខេត្តសៀមរាបដូចដែលពួកគេបានចូលទៅវិនិយោគនៅក្នុងក្រុងព្រះសីហនុដែរ។
វិស័យទេសចរណ៍នឹងបន្តជំរុញកំណើនៃការជួលកន្លែងស្នាក់នៅ ជាមួយនឹងការជំរុញដល់វិស័យ ដែលពាក់ព័ន្ធដូចជា៖ ម្ហូបអាហារ និងភេសជ្ជៈ កន្លែងកម្សាន្ត អាផាតមិន សណ្ឋាគារ អេកូទេសចរណ៍ និងផ្នែកសំខាន់ៗជាច្រើនទៀត។ កំណើនសេដ្ឋកិច្ចក្នុងខេត្តនេះរំពឹងនឹងមានចំនួន១៣ភាគរយក្នុងឆាំនះ។
លោក Charles Evans
បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ ខ្ញុំមានសុទិដ្ឋិនិយមថាឆ្នាំនេះគឺជាឆ្នាំដ៏ល្អសម្រាប់ការធ្វើអាជីវកម្ម។ វាគ្មានអ្វីគួរឲ្យសង្ស័យទេ វិនិយោគិនចិននឹងគ្របដណ្តប់ទីផ្សារនៅឆ្នាំ២០១៩។
ជនជាតិចិននឹងបន្តទិញដី និងអចលនទ្រព្យផ្សេងទៀតនៅក្នុងខេត្ត។ តម្លៃដីធ្លីដែលកំពុងកើនឡើងនៅខេត្តសៀមរាបមានលក្ខណៈដូចគ្នានឹងខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ខ្ញុំជឿជាក់ថាដីធ្លីគឺជាកំពុងមានសក្តានុពលខ្លាំងបំផុត និងជាផ្នែកមួយដែលល្អបំផុតនៅក្នុងខេត្តសៀមរាបនៅពេលនេះ។ វាមានសក្តានុពលដោយសារតែមានការផ្គត់ផ្គង់មានកម្រិត ចំណែកតម្រូវការកើនឡើងជានិច្ច។
លោក Choch Cho
អ្នកវិនិយោគ និងអ្នកទេសចរជនជាតិចិនជាច្រើននាក់នឹងមកចូលមកខេត្តសៀមរាបនៅឆ្នាំ ២០១៩។ ចំណែកអាជីវកម្មដែលផ្តោតលើភ្ញៀវទេសចរលោកខាងលិចអាចមានការលំបាកខណៈចំនួនភ្ញៀវទេសចរអឺរ៉ុបកំពុងធ្លាក់ចុះ។ ដើម្បីថែរក្សាស្ថេរភាពនៃទីផ្សារ យើងត្រូវការអាជីវកម្មចម្រុះទាំងពីសំណាក់អ្នកក្នុងស្រុក និងជនជាតិអឺរ៉ុប។
ទន្ទឹមនឹងនេះដែរភ្នាក់ងារអចលនទ្រព្យនៅតំបន់នេះត្រូវបង្កើនជំនាញវិជ្ជាជីវៈ ចំណេះដឹង និងមានភាពស្មោះត្រង់។
ជាមួយគ្នានេះដែររដ្ឋាភិបាលត្រូវជំរុញកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឲ្យមានភាពប្រសើរ ឡើង។ រដ្ឋត្រូវលើកម្ពស់សុវត្ថិភាព និងបរិស្ថានស្អាត ដើម្បីស្វាគមន៍ការវិនិយោគបន្ថែមទៀត។
លោក ភិន វណ្ណា
ឆ្នាំនេះនឹងមានគម្រោងច្រើនថែមទៀតចាប់ផ្តើមសាងសង់នៅតាមតំបន់ជាយក្រុង។ ប្រជាជនក្នុងស្រុកជាច្រើនដែលបានទិញដីកាលពីឆ្នាំមុននឹងចាប់ផ្តើមសាងសង់លំនៅដ្ឋាន ឬអគារពាណិជ្ជកម្មនៅលើដីរបស់ពួកគេ។
ចំណែកអ្នកអភិវឌ្ឍន៍ចិនក៏នឹងចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេនៅក្នុងឆ្នាំនេះដើម្បីអាចបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
សម្រាប់លទ្ធភាពនៃការទិញវិញអ្នកអភិវឌ្ឍន៍ក្នុងស្រុកនឹងកំណត់គោលដៅចាប់យកអ្នក ដែលមានចំណូលទាប និងមធ្យមដែលមានលទ្ធភាពទិញលំនៅដ្ឋានតម្លៃក្រោម ៥០,០០០ ដុល្លារ។
បើពិនិត្យជារួមភាពរីកចម្រើននៃសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនឹងមានលក្ខណៈប្រសើរឡើង ប៉ុន្តែវានឹងមិនអភិវឌ្ឍលឿនរហ័សដូចនៅក្រុងព្រះសីហនុទេ។ ដោយហេតុថានៅសៀមរាបមានការរឹត បន្តឹងច្រើនលើការអភិវឌ្ឍអគារខ្ពស់ៗ។ ម្យ៉ាងទៀតការវិនិយោគកាស៊ីណូក៏មិនត្រូវបានគេអនុញ្ញាតឲ្យហូរចូលដោយងាយស្រួលឡើយ។
ជាទូទៅប្រជាជននៅក្នុងខេត្តសៀមរាបបានដឹងផលចំណេញ និងការប្រឈមមួយចំនួនដែលកំពុងកើតមាននៅក្នុងក្រុងព្រះសីហនុ។ ដូច្នេះហើយទើបពួកគេមានការប្រុងប្រយ័ត្នជាមុន សម្រាប់ការវិនិយោគពីបរទេស៕
ទទួលបានព័ត៌មានអភិវឌ្ឍន៍ថ្មីៗសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តសៀមរាប!
Comments