ការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃដើមនៃផ្ទះនោះទេ អ្នកក៏ត្រូវចំណាយលើការចំណាយបន្ថែមផ្សេងទៀតដែលទាក់ទងនឹងអចលនទ្រព្យនោះផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលណាមួយមិនល្អ។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Realestate.com.kh បានពន្យល់អ្នកពីបញ្ហានេះនៅក្នុងអត្ថបទ "ភាគទី១" នៃការចំណាយបន្ថែមមួយចំនួនរួមមាន៖ ថ្លៃសេវាដាក់ពាក្យសុំ ប្រាក់កម្ចី និងសេវាច្បាប់ ថ្លៃផ្ទេរកម្មសិទ្ធិ និងថ្លៃលើសេវាភ្នាក់ងារអចលនទ្រព្យ។ នៅសប្តាហ៍នេះ Realestate.com.kh នឹងពន្យល់អំពីការចំណាយបន្ថែមទៀតដែលទាក់ទងនឹងអចលនទ្រព្យរបស់អ្នក ខាងក្រោមនេះគឺជាការចំណាយបន្ថែមផ្សេងទៀតដែលអ្នកត្រូវដឹងនៅពេលទិញផ្ទះថ្មីមួយ។
អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖
នៅពេលទិញផ្ទះមួយអ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកជម្រើសកម្ចីទិញផ្ទះជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសចំណាយជាមួយគម្រោងរបស់ស្ថាប័ន ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយសម្រាប់ការប្រាក់លើកម្ចីទិញផ្ទះនោះ។ នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យ ធានាដូចជាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលជាដើមដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រហូតដល់ ១៥ ឬ ២០ ឆ្នាំអាស្រ័យលើលក្ខខណ្ឌធនាគារដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៨% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេ ប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។
សេវាផ្ទៀងផ្ទាត់ប្លង់៖
នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា ១២,៥០ដុល្លារ។
ពន្ធលើអចលនទ្រព្យ៖
គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធនេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០,១% នៃតម្លៃអចលនទ្រព្យសរុប។
ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន ២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។
ការចំណាយសេវាផ្សេងៗ៖
ថ្លៃទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។
សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកបោស សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ វានឹងត្រូវគិតថ្លៃចន្លោះពី ២០ដុល្លារទៅ ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី ០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរអ្នកគួរ តែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារឹម និងការជួលជុលកែលម្អនាពេលអនាគត។
Comments