លំនៅដ្ឋាន ឬអគារជាទ្រព្យដ៏សំខាន់សម្រាប់គ្រួសារ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ជារឿយៗយើងមើលឃើញថាគ្រោះអគ្គីភ័យបានឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើននាពេលកន្លងមក។ គ្រោះអគ្គីភ័យអាចកើតឡើងបានគឺបណ្តាលមកពីការធ្វេសប្រហែល ឬជាគ្រោះថ្នាក់ចៃដន្យណាមួយ។
ដើម្បីស្វែងយល់អំពីគ្រោះអគ្គីភ័យ មូលហេតុបង្ក និងការការពារមួយចំនួន យើងមានបទសម្ភាសន៍មួយជាមួយអ្នកនាង ស៊ឹម កល្យាណ ដែលអ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions។
១. ហេតុអ្វីបានជាផ្ទះ និងសំណង់អគារមួយចំនួនត្រូវភ្លើងឆេះបាន?
ចម្លើយ៖ ជាដំបូងយើងគួរស្វែងយល់ថាអ្វីទៅដែលហៅថា “ភ្លើង” ជាមុនសិន៖ ភ្លើងគឺជាចំហេះ សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅលើលោក។ ប៉ុន្តែភ្លើងនេះនឹងក្លាយទៅ ជាគ្រោះអគ្គីភ័យនៅពេល ដែលមនុស្សយើងគ្រប់គ្រងពុំបានត្រឹមត្រូវហើយវាបានបំផ្លាញទ្រព្យ សម្បត្តិ អាយុជីវិតមនុស្ស សត្វ ផ្ទះសម្បែង ផលដំណាំ និងបរិស្ថាន ។ល។
ដូចនេះជនគ្រប់រូបត្រូវមានករណីយកិច្ចចូលរួមក្នុងសកម្មភាពបង្ការអគ្គីភ័យ និងការពន្លត់អគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយអគ្គីភ័យ។
ចំណែកសំណួរដែលសួរថាហេតុអ្វី បានជាអគារខ្ពស់ៗ មួយចំនួនត្រូវភ្លើងឆេះបាន?
ខ្ញុំគិតថាមិនថាអគារខ្ពស់ ឬក៏ទាបផ្ទាល់ដីនោះទេ សុទ្ធតែអាចមានអគ្គីភ័យកើតឡើងគ្រប់ពេលប្រសិនបើយើងមានការធ្វេសប្រហែស។
២. តើមានកត្តាអ្វីខ្លះដែលអាចបណ្តាលឲ្យអគារខ្ពស់ត្រូវភ្លើងឆេះបាន?
ចម្លើយ៖ មានកត្តាជាច្រើនដែលអាចបណ្តាលអោយសំណង់អគារខ្ពស់ៗត្រូវភ្លើឆេះប៉ុន្តែយើងលើកយកតែ៣ចំណុចមកធ្វើការពន្យល់បង្ហាញ៖
ក. អគ្គីភ័យកើតឡើងដោយសារការធ្វេសប្រហែសរបស់មនុស្សទូទៅ (ប្រុស ស្រី ក្មេង ចាស់)
ដូចជា៖ ភ្លើងចង្រ្កានធ្យូង ឬ ហ្គាស ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងសំរាម ភ្លើងបារី ភ្លើងព្រៃ រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ។ល។
ខ. អគ្គីភ័យកើតឡើងដោយសារការប្រើប្រាស់ចរន្តអគ្គិសនី ការដាច់រលាត់ ការតថ្ពក់ ការប្រើប្រាស់ ហួសកម្រិត ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈ ដែលប្រើប្រាស់ចរន្តអគ្គិសនីពុំមានបច្ចេកទេស ត្រឹមត្រូវ។ល។
គ. ដោយសារការប្រើប្រាស់គ្រឿងអេឡិចត្រូនិចហួសកំណត់ដោយមិនមានការគ្រប់គ្រង ច្បាស់លាស់ ។
៣. តើត្រូវការការពារដូចម្តេចខ្លះ? ការការពារអាចត្រូវធ្វើក្នុងដំណាក់កាលណាខ្លះ?
ចម្លើយ៖ វីធីការពារមានច្រើនបែប ច្រើនសណ្ឋាន ប៉ុន្តែយើងលើកយកតែរបៀបការពារមួយ ចំនួនមកបង្ហាញ៖
-
ត្រូវគោរពអនុវត្តតាមបទដ្ឋានបច្ចេកទេស អំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសារធាតុងាយឆេះ ឬងាយផ្ទុះឆេះគ្រប់ប្រភេទ។
-
ការតភ្ជាប់ចរន្តអគ្គិសនី ឧស្ម័នចំហេះត្រូវធ្វើតាមការណែនាំផ្នែកបច្ចេកទេស។
-
ត្រូវរៀបចំប្រព័ន្ធការពាររន្ទះអោយបានត្រឹមត្រូវ។
-
ត្រូវពិនិត្យមើលបណ្តាញ ឬឧបករណ៍តភ្ជាប់ចរន្តអគ្គិសនីដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ករណីរកឃើញថាមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រូវផ្លាស់ប្តូរជាបន្ទាន់។
-
ត្រូវផ្តាច់ចរន្តអគ្គិសនី បិទ ឬពន្លត់ភ្លើងចង្ក្រាន អំពូលបំភ្លឺ ចង្កៀងប្រេង ភ្លើងធូបជាដើម នៅពេលឈប់ប្រើប្រាស់ ឬមុនពេលចាកចេញពីលំនៅដ្ឋាន ឬកន្លែងធ្វើការ។
-
ត្រូវបង្កើនការប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់បំផុតក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនៅ តាមលំនៅដ្ឋាន និងទីកន្លែងប្រកបមុខរបរនីមួយៗអោយបានជាប់ជាប្រចាំ។
-
ត្រូវបំពាក់ប្រព័ន្ធបន្លឺសំឡេងស្វ័យប្រវត្តិនៅពេលមានផ្សែង ឬអណ្តាតភ្លើង (Fire Alarm System)។ នៅពេលលឺសំឡេងរោទ៍ពីប្រព័ន្ធមួយនេះ យើងជាម្ចាស់ផ្ទះ ឬអគារអាចទាញ យកបំពង់ ពន្លត់អគ្គីភ័យសំដៅទៅកន្លែងកើតហេតុ។ ទន្ទឹមនឹងនោះត្រូវស្រែក ឬផ្លុំកញ្ចែ ដើម្បីប្រកាស អាសន្នដល់មនុស្សដែលរស់នៅទីនោះ ហើយត្រូវស្រែកអោយនរណាម្នាក់ ជួយទំនាក់ទំនងទៅនាយកដ្ឋានពន្លត់អគ្គីភ័យភ្លាម។
-
គួរតែបំពាក់ប្រព័ន្ធពន្លត់អគ្គីភ័យស្វ័ប្រវត្តិព្រោះវាអាចពន្លត់ភ្លើងបានករណី យើងមិនបាន នៅទីកន្លែង កើតហេតុដូចជាប្រព័ន្ធបាញទឹកពន្លត់អគ្គីភ័យ (Fire Sprinkler System) ។ល។
-
គ្រប់អគារ និងគ្រប់គេហដ្ឋានទាំងអស់ត្រូវតែមានបំពង់ពន្លត់អគ្គីភ័យដាក់នៅក្បែរកន្លែង ដែលយើងគិតថាងាយមានបញ្ហា ដូចជានៅទីតាំងផ្ទះបាយជាដើម។
-
គួរតែទាក់ទងទិញបំពង់អគ្គីភ័យពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះព្រោះ ពួកគាត់មានបំពង់ ដែលពិនិត្យបានយ៉ាងត្រឹមត្រូវ។
-
នៅពេលយើងបាញ់ម្ស៉ៅខាងក្នុងអស់ក៏គួរតែទាក់ទងទៅពួកគាត់ ដើម្បីបញ្ចូលម្ស៉ៅក្នុងបំពង់ ។ ប្រសិនបើយើងបញ្ចូលនៅតាមទីសាធារណៈ ម្ស៉ៅដែលគេបញ្ចូលអោយនោះមិនប្រាកដថា ជាម្ស៉ៅសំរាប់ពន្លត់ពិតប្រាកដទេ។
-
គួរតែអញ្ជើញមន្ត្រីខាងអគ្គីភ័យដើម្បីមកពិនិត្យបំពង់យ៉ាងតិច ៣ ខែម្តង និងយ៉ាងយូរ ៦ ខែម្តង។
៤. អ្នកណាជាអ្នកទទួលខុសត្រូវជាមួយម្ចាស់លំនៅដ្ឋាន នៅពេលអគារត្រូវបំផ្លាញដោយសារភ្លើង ឬគ្រោះធម្មជាតិ ឬហេតុការណ៍ណាមួយ?
ចម្លើយ៖ យើងហាក់មិនទាន់ដឹងឲ្យប្រាកដថាតើស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវនៅឡើយ។ អ្នកអាចសាកសួរព័ត៌មានពីក្រសួងដែលពាក់ព័ន្ធ ឬសាលាក្រុងភ្នំពេញ។
៥. តើត្រូវសង្គ្រោះជីវិតមនុស្សពីអគ្គីភ័យដោយរបៀបណាខ្លះ?
ចម្លើយ៖ ក្នុងនាមជាសន្តិសុខដែលយាមអគារមួយ ស្រាប់តែមានភ្លើងឆេះ សន្តិសុខចាំបាច់ត្រូវយួរបំពង់ពន្លត់អគ្គីភ័យសំដៅទៅកន្លែងកើតហេតុ។
ក្នុងពេលដែលកំពុងរត់សន្តិសុខត្រូវតែស្រែក ឬផ្លុំកញ្ចែសម្រាប់ប្រកាសអាសន្ន។ ហើយសន្តិសុខម្នាក់ទៀតត្រូវតែរាយការណ៍ភ្លាមទៅនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ។ជួយជន្លៀសមនុស្សទាំងអស់អោយចេញទៅតាមច្រកដែលបានរៀបទុក និងចុះតាមជណ្តើរជើង (ហាមផ្តាច់ចុះតាមជណ្តើរយន្ត) តាមលទ្ធភាព ដែលអាចធ្វើទៅបានព្រោះយើងមិនមែនជាមន្ត្រី ជំនាញខាងអគ្គីភ័យទេ ដូចនេះយើងមិនមានសំលៀកបំពាក់សំរាប់ការពារភ្លើងឡើយ។
សន្តិសុខត្រូវតែប្រុងប្រយ័ត្នផងដែលមុននឹងរត់ចូលទៅសង្គ្រោះក្នុងទីតាំងណាមួយត្រូវមើលស្ថានភាពជុំវិញ និងលើក្រោមថាមានការធ្លាក់បាក់ ឬក៏ស្រុត។ល។ បើស្ថានភាពមិនអំណោយផល សន្តិសុខមិនគួរចូលទៅជួយឡើយព្រោះវាអាបង្ករ អោយមានគ្រោះថា្នក់ថែមម្នាក់ទៀត។
ប្រសិនបើមានភ្លើងឆេះលើខ្លួន ជនរងគ្រោះគួរតែបន្ទាបខ្លួន ហើយននាលលើដី ឬកំរាលឥដ្ឋ ដើម្បីពន្លត់ភ្លើង។ ករណីមានមនុស្សនៅក្បែរគាត់អាចយកភួយ ឬក្រណាត់ក្រាស់ទៅជ្រលក់ទឹកហើយយកមគ្របឬរុំជនរងគ្រោះដែលកំពុងភ្លើងឆេះ។
ប្រសិនបើមានជនរងគ្រោះជាប់នៅអគារខាងលើ ស្រាប់តែលឺ សំឡេងរោទ៍ប្រកាសអាសន្នជាបឋមគួរតែយករបស់ណាដែលចាំបាច់ជាប់ខ្លួនព្រមទាំងសោបន្ទប់មកជាមួយ។ យកដៃកាន់ ឬស្ទាបគន្លឹះទ្វារ ប្រសិនបើវាក្តៅខ្លាំងនោះមានន័យថាភ្លើងឆេះដល់ក្រៅ បន្ទប់យើងហើយ ប្រសិនបើបើក ចេញទៅផ្សែងនិងចូលពេញបន្ទប់ ហើយយើងប្រាកដណាស់មិនអាចចេញទៅរួច។
តែបើស្ទាបគន្លឹះទ្វារមិនមានកំដៅអ្វីទេនោះយើងអាចបើទ្វាររត់ ទៅតាមទិសដៅ ដែលគេបានណែនាំ ក្នុងប្លង់ ដែលបានបិតជាប់ក្នុងបន្ទប់នីមួយៗនោះ បើផ្លូវនោះទៅមិនរួចឬមើលមិនយល់ ត្រូវរត់សំដៅទៅរកជណ្តើរជើងតាមច្រកណាដែលខ្លួនគិតថាមានសុវត្ថិភាព (ហាមផ្តាច់ជណ្តើរយន្ត)។
ករណីដែលរត់ទៅហើយពុំមានផ្លូវ ឬច្រកណាមួយ ដែលអាចអោយយើងគេចពីភ្លើងបាននោះទេយើងមិនត្រូវសម្រេចចិត្តលោតចុះពីអគារនោះភ្លាមទេ យើងត្រូវតែរត់ត្រឡប់ចូលទៅក្នុងបន្ទប់វិញហើយបិទទ្វារអោយជិត។ យកស្កុត ឬក្រណាត់បិតអោយជិតគ្រប់ប្រហោងទ្វារ ឬក៏រន្ឋផ្សេងៗ
ដែលគិតថាផ្សែងអាចចូលមកដល់។ ត្រូវបិតស្កុតនៅលើបង្អួចកញ្ចក់ ហើយសរសេរពាក្យជួយផង ឬក៏យកក្រណាត់ពណ៌សក្រវីតាមបង្អួចដើម្បីអោយអ្នកជួយសង្គ្រោះគាត់បានដឹង។កុំភ្លេចបើកទឹកគ្រប់កន្លែងដែលមាននៅក្នុងបន្ទប់ទឹក ហើយយកខ្នើយភួយ និងក្រណាត់ផ្សេងៗ ទៅជ្រលក់ទឹកអោយ សើមទាំងអស់ ។
ប្រសិនបើមានផ្សែងខ្លាំងចូលមក ហើយចង់ធ្វើចលនាពីកន្លែងមួយ ទៅកន្លែងមួយត្រូវធ្វើចលនាដោយបន្ទាបខ្លួនអោយកាន់តែទាបកាន់តែល្អ ព្រោះថាកាន់តែខ្ពស់អ៊ុកស៊ីសែនកាន់តែខ្សត់ នោះនឹងធ្វើអោយយើងពិបាកក្នុងការដកដង្ហើម។
វីធីមួយទៀតយកកន្សែងឬក្រណាត់សើមយកមកខ្ទប់នឹងច្រមុះដើម្បីធ្វើការដកដង្ហើមស្រួល។ បើគ្មានទឹកយើងអាចបត់ជើងតូចដាក់ក្រណាត់ហើយយកមកខ្ទប់នឹងច្រមុះ ដើម្បីធ្វើការដកដង្ហើម បើមិនដូច្នេះទេការដកដង្ហើមរបស់យើងនឹងពោរពេញទៅ ដោយផ្សែង ហើយវានឹងកាត់បន្ថយ អ៊ុកស៊ីសែន ដែលអាចធ្វើអោយយើងសន្លប់បាន។
ការជួយសង្គ្រោះជនរងគ្រោះតាមបែបសង្រ្គោះបឋម។ប្រជាជនគ្រប់រូបគួរតែសិក្សានិងយល់ដឹងពីអគ្គីភ័យព្រមជាមួយនិងការសង្គ្រោះបឋមអោយបានច្រើននោះរឹតតែប្រសើរ។
៦. តើរដ្ឋាភិបាលមានច្បាប់បែបណាខ្លះ ដើម្បីការពារ និងផ្តល់សំណងដល់ម្ចាស់អគារឬម្ចាស់លំនៅដ្ឋាន?
ចម្លើយ៖ ពុំដឹងច្បាស់ទេគ្រាន់តែដឹងថាច្បាប់អាចអនុញ្ញាត្តអោយ មន្ត្រីអគ្គីភ័យគាស់សោទ្វារដើម្បីធ្វើការសង្គ្រោះ និងពន្លត់៕
ទទួលបានព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសូមចុះឈ្មោះដើម្បីទទួលបានដំណឹងថ្មីៗនៅទីនេះ!
Comments