នៅក្នុងបរិបទនៃទីផ្សារលំនៅដ្ឋានកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មត្រូវបានគេស្គាល់ជាទូទៅ និងថែមទាំងទទួលបានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក។
មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្ទះពីរប្រភេទនេះត្រូវបានគេស្គាល់ជាទូទៅនៅអាស៊ីអាគ្នេយ៍ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ហើយជាធម្មតាវាត្រូវបានគេសាងសង់ នៅតាមទីប្រជុំជន ទីរួមខេត្ត និងទីក្រុង។
ជាក់ស្តែងផ្ទះទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នា ហើយប្រហែលជាអ្នកមួយចំនួនគិតថា វាជាប្រភេទផ្ទះតែមួយគ្រាន់តែអ្នកខ្លះដាក់លក់ឥវ៉ាន់ និងអ្នកខ្លះមិនលក់។ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួន ដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម៖
អានអត្ថបទបន្ថែមអំពី៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះប្រភេទបុរី!
ផ្ទះល្វែង
ផ្ទះល្វែងជាទូទៅមានទំហំធំជាង និងអាចវែងជាងផ្ទះអាជីវកម្ម។ ផ្ទះល្វែងត្រូវបានគេប្រើប្រាស់ជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ ជារឿយៗ ផ្ទះប្រភេទនេះត្រូវបានគេសាងសង់នៅជួរក្រោយ ឬផ្លូវក្នុងនៃគម្រោង។ កម្ពស់របស់វាអាចមាន ៣ ឬ ៤ជាន់។ ភាគច្រើននៃផ្ទះល្វែងត្រូវបានសាងសង់ ដោយគម្រោងអភិវឌ្ឍន៍បុរី។
លក្ខណៈទូទៅរបស់ផ្ទះល្វែង៖
-
សាងសង់ជាប់ផ្លូវក្នុង ឬផ្លូវក្រោយ
-
សាងសង់ជាប់ៗគ្នា មានជញ្ជាំរួមគ្នា (អាចមានជណ្ដើរឡើងទៅជាន់លើ)
-
មានកម្ពស់ដល់ ៤ ឬ ៥ ជាន់
-
មានតម្លៃទាប និងមធ្យម ពី ៥ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារ
-
មានទទឹងធំជាង ផ្ទះអាជីវកម្ម បណ្តោយពី ១៦ - ២០ ម៉ែត្រ
-
មានដីសល់មុខផ្ទះពី ៤ - ៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រ
ផ្ទះអាជីកម្ម
ផ្ទះអាជីវកម្មត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតប្រាក់ចំណូលប្រចាំខែផង និងរស់នៅផងក្នុងនោះគេអាចប្រើប្រាស់ជាន់ផ្ទាល់ដីជាហាងលក់ទំនិញ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកនៅជាន់ខាងលើត្រូវធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ គម្រោងអភិវឌ្ឍន៍ធំៗបានសាងសង់ផ្ទះអាជីវកម្មដ៏មានសក្តានុពលជាច្រើនកន្លែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា។
លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្ម៖
-
សាងសង់ជាប់ផ្លូវកែង ឬផ្លវធំៗ
-
សាងសង់ជាជួរជាប់ៗគ្នា
-
មានកម្ពស់ ២ - ៣ ជាន់ និងមានជញ្ជាំងរួមគ្នា
-
មានតម្លៃថ្លៃជាងផ្ទះល្វែង (ក្នុងគម្រោងជាមួយគ្នា)
-
មានទទឹងតូច [៤ ម៉ែត្រ] ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំំនិញ)
-
មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះ
-
ជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ
-
តុបតែងផ្នែកខាងមុខ និងប្រើប្រាស់ពណ៌ទាក់ទាញ
ដូច្នេះប្រសិនប្រើអ្នកចង់ស្វែងរកលំនៅដ្ឋានសម្រាប់គ្រួសារអ្នកត្រូវដឹងពីគោលបំណងពិតប្រាកដរបស់អ្នកជាមុនសិន ថាតើចង់បានកន្លែងស្នាក់នៅ ឬស្នាក់នៅផងរកប្រាក់ចំណូលផង។ បន្ទាប់មក អ្នកអាច ជ្រើសរើសបានភ្លាម រវាងផ្ទះល្វែង និងផ្ទះអាជីកម្ម។
សរុបទៅប្រភេទផ្ទះទាំងពីនេះមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនប៉ុណ្ណោះ។ មិនថាអ្នកជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់អ្នកត្រូវរកឲ្យឃើញពីសក្តានុពលពិតប្រាកដនៃតំបន់លំនៅដ្ឋានរបស់អ្នក៕
Comments