ក្រសួងមហាផ្ទៃ បានប្រកាសថានឹងបង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីចំនួន៦បន្ថែមលើក្រុង ស្រុក ខណ្ឌដែលមាននៅពេលបច្ចុប្បន្ននេះ។ ក្នុងនោះខណ្ឌថ្មីចំនួនពីរនឹងលេចរូបរាងជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលមានដូចជា៖ ខណ្ឌបឹងកេងកង ដែលកាត់ចេញពីខណ្ឌចំការមន ចំណែកខណ្ឌកំបូលនឹងត្រូវកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះខណ្ឌបឹងកេងកងមានសង្កាត់ចំនួន៧រួមមាន៖ សង្កាត់បឹងកេង១ សង្កាត់បឹងកេង២ សង្កាត់បឹងកេង៣ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។ រីឯខណ្ឌកំបូលត្រូវកាត់យក៦ សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យក ១សង្កាត់ពីដង្កោ គឺសង្កាត់ប្រទះឡាង។
តាមរយៈបទសំភាសន៍ជាមួយវិទ្យុបារាំង (RFI) លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បាននិយាយថាការបង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីទាំងនេះគឺដើម្បីជួយសម្រួលសេវាសាធារណៈដល់ពលរដ្ឋបន្ទាប់ពីមើលឃើញពីកំណើនប្រជាជនកាន់តែច្រើនឡើងនៅពីមួយឆ្នាំទៅមួយឆ្នាំ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បានបង្ហាញថាពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថា កំណើននេះនឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង។
លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងថាការបែងចែកទៅជាខណ្ឌថ្មីនេះគឺមិនមានអ្វីប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេតែវាក៏មិនមែនជាកក្តាធ្វើឲ្យវិស័យអចនទ្រព្យកើ់នឡើងនោះដែរ។
ទោះយ៉ាងណាលោកយល់ថាវាទំនងជានឹងជួយសម្រួលដល់វិស័យឯកជនឲ្យបានកាន់តែល្អប្រសើរ។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាបង្កើតជាខណ្ឌថ្មី ឬមិនបង្កើតថ្មី វាហាក់មិនមានអ្វីជាចំណុចព្រួយបារម្ភសម្រាប់ទីផ្សារអចលនទ្រព្យនោះទេ។ លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់គួរសម្យរួចទៅហើយ ប៉ុន្តែតម្លៃនឹងនៅតែកើនឡើងតាមធម្មតា ដោយសារនៅតែមានការសាងសង់ថ្មីទាំងអគារស្នាក់នៅ និងអគារពាណីជ្ជកម្ម។
សម្រាប់តំបន់កំបូលវិញលោកបញ្ជាក់ថាវាមានសក្តានុពលសម្រាប់ការដឹងជញ្ជូនមានតំបន់សេដ្ឋកិច្ចពិសេសតំបន់រោងចក្រ និងឃ្លាំងពិសេសចាប់ពីគីឡូលេខ១៥ឡើងទៅ។
“បើតាមមើលទៅលើទិសដៅរបស់រដ្ឋាភិបាលតំបន់នេះអាចជាចំណុចក្តៅមួយសម្រាប់ទីផ្សារអចលនទ្រព្យ។”
នៅពេលសួរថាតើប្លង់កម្មសិទ្ធិនឹងត្រូវផ្លាស់ប្តូរដែរឬទេ លោក ខាន់ណារ៉ុន និយាយថាម្ចាស់អចលទ្រព្យដែលមានប្លង់កម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្រោមរដ្ឋបាលចាស់អាចប្រើប្រាស់បានជាធម្មតាលើកលែងមានការទិញលក់ បន្ទាប់រដ្ឋបាលថ្មីប្រកាសជាផ្លូវការ នោះប្លង់កម្មសិទ្ធិនឹងតម្រូវឲ្យប្តូរទៅតាមតំបន់រដ្ឋបាលថ្មី។
ក្រៅពីខណ្ឌពីរនៅក្នុងទីក្រុងភ្នំពេញ សង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹមក៏នឹងត្រូវកាត់ចេញក្រុងព្រះសីហនុ ដើម្បីបង្កើតជាក្រុងថ្មីមួយ។ ស្រុកចំនួនបីផ្សេងទៀតនឹងត្រូវបង្កើតឡើងដោយកាត់ចេញពីខេត្តស្ទឹងត្រែងខេត្តកំពង់ធំខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថាបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងរៀបចំបែបបទរដ្ឋបាល ហើយគម្រោងនេះនឹងចេញរូបរាងជាផ្លូវការនៅខែឧសភាខាងមុខ
ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
Comments