មានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ខេត្តកំពតបានទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗមានវត្តមានកាន់តែច្រើននៅក្នុងខេត្ត។
គម្រោងអន្ដរជាតិខ្នាតធំលើកដំបូងមួយដែលបានចូលមកក្នុងតំបន់នេះដែលត្រូវបានស្គាល់ថាជាគម្រោង French Riviera Marina ដែលមានតម្លៃទឹកប្រាក់សរុប ២៣,២ពាន់លានដុល្លារត្រូវសាងសង់តាមបណ្តោយឆ្នេរសមុទ្រនៃខេត្តកំពតនិងកែប។
យោងទៅតាមក្រុមហ៊ុនអភិវឌ្ឍន៍ក្រុមហ៊ុន Pallas Group ធ្លាប់លើកឡើងថាគម្រោង French Riviera នៅកំពតនឹងផ្តល់ជូននូវសហគមន៍ទេសចរណ៍មាត់សមុទ្រមួយប្រកបដោយសុវត្ថិភាពដែលរួមមាន៖ សណ្ឋាគារ វីឡា អាផាតមេន ឆ្នេរសិប្បនិម្មិតឯកជន ទីលានវាយកូនហ្គោល ឧទ្យានកម្សាន្ត និង ផ្សារទំនើបរួមជាមួយសេវាកម្មផ្សេងៗជាច្រើនទៀត។ គម្រោងក៏នឹងមានសាលារៀន និងមណ្ឌលសុខភាពផងដែរ ហើយផ្នែកខ្លះរបស់គម្រោងនឹងត្រូវបានតភ្ជាប់គ្នាដោយព្រែកជីក និងកន្រ្តកខ្សែកាបសម្រាប់ធ្វើដំណើរ។
ក្រុមហ៊ុន Pallas Group មានគោលបំណងចង់ធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ទេសចរណ៍លំដាប់ពិភពលោក។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះបានឱ្យដឹងថាតំបន់នេះកាន់កាប់ដីទំហំ ៦,០៥៦ ហិចតា តាមបណ្តោយឈូងសមុទ្រថៃ ខណៈដែលឯកសាររបស់ក្រុមហ៊ុនបានបង្ហាញដោយសារព័ត៌មាន Kyodo ក៏បានឲ្យដឹងថាមានគម្រោងអភិវឌ្ឍន៍តូចមួយទៀតនៅខេត្តកែបដែលនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ១៤៤ ហិចតា។
អនុប្រធានក្រុមហ៊ុន លោកស្រី Siriluck Choochart បានមានប្រសាសន៍ថា “គម្រោង Riviera Marina និង Kep Marina នឹងក្លាយជាគោលដៅលំដាប់ថ្នាក់ពិភពលោកសម្រាប់ការរស់នៅ អាជីវកម្ម ទេសចរណ៍ និងផលិតភាពយន្ត។ ក្រុមហ៊ុន Pallas នឹងបង្កើតការងាររាប់ពាន់កន្លែងក្នុងអំឡុងពេលសាងសង់ដោយមានមនុស្សជាង ៥០,០០០នាក់ធ្វើការនៅកន្លែងផ្ទាល់ និងមនុស្សរាប់ពាន់នាក់ទៀតទទួលបានឱកាសការងារដោយប្រយោលសម្រាប់សេវាកម្មអភិវឌ្ឍន៍នេះ។"
លោកស្រី Choochart បានបន្ថែមថា “គម្រោងនីមួយៗរបស់យើងត្រូវបានរចនាឡើងស្របគ្នាជាមួយលក្ខណៈធម្មជាតិដោយប្រើប្រាស់វិធីសាស្រ្តសាងសង់ស្តង់ដារទំនើប និងសម្ភារៈដែលមានគុណភាពខ្ពស់បំផុតទាំងនេះនឹងផ្តល់ជូននៅភាពឯកជន និងប្រណិតភាពជូនដល់លោកអ្នក។”
បន្ថែមលើគម្រោងនេះលោក សុខ គែន ជាស្ថាបនិកនៃក្រុមហ៊ុន Kampot Property បានមានប្រសាសន៍ថា “កំពតនឹងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតមួយនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់មកកំសាន្តជារៀងរាល់ឆ្នាំ។”
“គម្រោងធំបំផុតរបស់បារាំង Riviera Marina បានជម្រុញយ៉ាងខ្លាំងដល់ប្រតិបត្តិការអចលនទ្រព្យនៅក្នុងខេត្តជាមួយនឹងតម្លៃដីកើនឡើងគួរឲ្យកត់សម្គាល់ពីមួយខែទៅមួយខែ។ គម្រោងនេះនឹងបង្វែរខេត្តនេះទៅជាទីក្រុងដ៏ទាក់ទាញនិងមានភាពទាន់សម័យដោយមានគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងទេសចរណ៍ដែលដើរតួយ៉ាងសំខាន់ក្នុងការនាំនូវគម្រោងអភិវឌ្ឍន៍ផ្សេងទៀតមកកាន់ខេត្តនេះ។”
គម្រោងអភិវឌ្ឍន៍ដទៃទៀតដូចជា បុរី រមណីយដ្ឋាន សណ្ឋាគារ និងកន្លែងកំសាន្តនឹងបន្តជម្រុញកំណើនអចលនទ្រព្យនៅកំពត។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងដំណើរនៅក្នុងខេត្តកំពតដែលអ្នកវិនិយោគិនសំខាន់ៗមកពីតំបន់អឺរ៉ុប និងចិន។ ក្រៅពីវិនិយោគិនអឺរ៉ុប និងចិនក៏មានប្រជាជនក្នុងស្រុកជាច្រើនចាប់អារម្មណ៍ក្នុងការទិញដីនៅក្នុងខេត្ដនេះផងដែរ។
ទាក់ទងនឹងប្រភេទដី និងតម្លៃដីនៅក្នុងខេត្ត លោក គែន បានលើកឡើងថាដីមានសក្តានុពលមាន៣ប្រភេទ៖ ដីឆ្នេរ ដីតាមមាត់ព្រែក និងដីជើងភ្នំ។ ដីនៅតាមមាត់ព្រែកកំពុងមើលឃើញនូវកំណើនឡើងគួរឱ្យកត់សម្គាល់ដែលមានតម្លៃចាប់ពី ៦០ ដុល្លារ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យទៅលើទីតាំងនៅជិត ឬឆ្ងាយពីក្រុងកំពត។ កំពង់ផែទេសចរណ៍ដំបូងគេនៅក្នុងខេត្តនេះដែលចាបផ្តើមនៅសាងសង់ក៏នឹងរួមចំណែកដល់ការកើនឡើងនៃតម្លៃដីផងដែរបើធៀបនឹងរយៈពេលបីឆ្នាំមុន។
នៅក្នុងឆ្នាំ២០១៦ខេត្តកំពតមានអ្នកទេសចរបរទេសប្រហែល៩០០,០០០នាក់ហើយគម្រោងកំពង់ផែ និងអភិវឌ្ឍន៍ទេសចរណ៍ទំនងជានឹងអាចទាក់ទាញអ្នកទេសចរបរទេសបន្ថែមទៀតឲ្យចូលមកខេត្តនេះ។ តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីៗនេះបានបង្ហាញថាកំពង់ផែទេសចរណ៍ដែលមានតម្លៃ១៨លានដុល្លារដែលនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៩ត្រូវបានគេរំពឹងថានឹងផ្តល់សេវាដល់ភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុកចំនួន ៣៦០,០០០នាក់ក្នុងមួយឆ្នាំៗនៅពេលដែលបើកដំណើរការ។
លោក ម៉ម សិរីបញ្ញា អគ្គនាយករបស់ក្រុមហ៊ុន Easy Property Investment បាននិយាយថា “អចលនទ្រព្យនៅកំពតកំពុងមើលឃើញពីកំណើនយ៉ាងឆាប់រហ័ស ដោយសារតែក្នុងពេលថ្មីៗនេះមានអ្នកទិញក្នុងស្រុក និងអន្តរជាតិជាច្រើនបាននាំគ្នាមកទិញដី និងអចលនទ្រព្យនៅក្នុងខេត្តកំពតជាមួយតម្លៃសមរម្យ។ ភាគច្រើននៃអ្នកទិញក្នុងស្រុកចូលចិត្តទិញដី និងផ្ទះនៅតាមមាត់ព្រែកកំពតដោយសារនៅទីនោះមានបរិយាកាសល្អ។”
បច្ចុប្បន្ននេះខេត្តកំពតបានទទួលការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនខណៈពេលដែលតម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុនៅក្បែរឆ្នេរសមុទ្របានកើនឡើងយ៉ាងខ្លាំងដោយសារមានលំហូរវិនិយោគិនចិនដែលកំពុងទិញដីក្នុងតម្លៃខ្ពស់ជាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមិនមែនជនជាតិចិន។ លោក Brad King ជាផ្នែកមួយនៃ KohrongProperty.com និយាយថាការរំពឹងទុកពីវិនិយោគិនជាពិសេសចិន “កំពុងជម្រុញឱ្យតម្លៃដីធ្លីនៅខេត្តព្រះសីហនុកើនឡើងខ្ពស់ជាងដីឡូតិ៍ដែលស្រដៀងគ្នានៅប្រទេសថៃ និងហ្វីលីពីន។ នេះគឺជាការវិនិយោគដែលគេមិនចង់បាននៅតាមដីគោកហើយការរំពឹងទុកលើតម្លៃកំពុងក្លាយជារឿងគួរឱ្យអស់សំណើច។ តម្លៃដីជាមធ្យមគឺជាង ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមបណ្តោយឆ្នេរខេត្តព្រះសីហនុ។”
លោក សិរីបញ្ញា បានបន្ថែមថា “បច្ចុប្បន្ននេះប្រតិបត្តិការអចលនទ្រព្យនៅកំពតបានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមកជាមួយការកើនឡើងនៃទីផ្សារលក់ និងទិញខ្ពស់ជាងទីផ្សារជួល។ ការវិនិយោគបានចូលមកខេត្តកំពតគួរឲ្យកត់សម្គាល់ដោយសារមានគម្រោងធំៗមួយចំនួនដូចជាគម្រោងអភិវឌ្ឍម៍កំពង់ផែសមុទ្រ។ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀតចូលទៅក្នុងតំបន់នេះយើងចាំបាច់ត្រូវបង្កើតរោងចក្រ និងពង្រីកកន្លែងទេសចរណ៍ឲ្យបានច្រើនកន្លែងបន្ថែមទៀត៕
Comments