+85561 777 090
Logo
ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការនៅថ្ងៃនេះដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះ
Updated on: June 7, 2022, 2:49 a.m.
Published on: July 17, 2017, 9:48 p.m.

ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការនៅថ្ងៃនេះដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះ


 

ស្ថិតនៅសង្កាត់កោះរ៉ុង ខណ្ឌមិត្តភាពខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥ គីឡូ ម៉ែត្រពីដីគោកខេត្តព្រះសីហនុ កោះរ៉ុងជាកោះធំជាងគេទីពីរនៅប្រទេសកម្ពុជា បន្ទាប់ពីកោះកុងជាមួយនឹងផ្ទៃដីសរុបប្រមាណ​ ៧៨ គីឡូម៉ែត្រការ៉េ។ 

កោះរ៉ុងដែលមាន៤ភូមិមានអ្នកភូមិជាង ៣,០០០នាក់រស់នៅគឺជាកោះមួយក្នុងចំណោមកោះដែលមានភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភាពទាក់ទាញនឹងមានបន្តបន្ទាប់ទៀត ដោយសារតែមានការប្រកាសពីគម្រោងទេសចរណ៍ធំៗដែលនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជា។

ដើម្បីជំរុញការអភិវឌ្ឍន៍នៅកោះរ៉ុង នៅឆ្នាំ ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានរយៈពេល៩៩ឆ្នាំដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដើម្បីអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋានប្រណីតនៅលើកោះនេះ។ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនមានបំណងប្រែក្លាយកោះនេះឱ្យទៅជាទិសដៅទេសចរណ៍ទាក់ទាញបំផុតក្នុងតំបន់អាស៊ី។

  

លោកសេង ហួរលាន ជាចៅសង្កាត់កោះរ៉ុងបានមានប្រសាសន៍ថា "កោះរ៉ុងនឹងក្លាយទៅជាកោះមួយក្នុងចំណោមកោះដែលទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ដោយសារភាពស្រស់ស្អាត និងគម្រោង អភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរួមជាមួយក្រុមហ៊ុនតូចៗចំនួនជាង១០០​​​ផ្សេងទៀត។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បានកំពុងអភិវឌ្ឍន៍នៅលើតំបន់នេះ ហើយនឹងអភិវឌ្ឍន៍ហេដ្ឋារចនាមូលដ្ឋានព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតក្នុងតំបន់ក្នុងពេលឆាប់ៗខាងមុខ។ 

លោក ដែន សាកល នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុមានប្រសាសន៍ថា "កោះរ៉ុងគឺជាកោះឆ្នេរដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុង ប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។ គ្រប់ពេលដែលភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុពួកគេមិនដែលភ្លេចទៅកំសាន្តនៅកោះរ៉ុងទេ។ កោះនេះមានសេវាកម្មដូចគ្នាទៅនឹងក្រុងព្រះសីហនុដែរ។ សេវាកម្មទាំងនេះរួមមានឆ្នេរសមុទ្រ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ ភោជនីយដ្ឋាន ក្លឹបរាត្រី និងហាងស្រា។ 

ទោះជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានភាពចម្រូងចម្រាសទាក់ទងនឹងប័ណ្ណកម្មសិទ្ធិដីធ្លី សម្រាប់អ្នកភូមិដែលរស់នៅលើកោះនេះ។អ្នកខ្លះដែលរស់នៅលើកោះមុនឆ្នាំ ២០០៨មានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់លើដីរបស់ពួកគេខណៈដែលអ្នកដែលមករស់នៅក្រោយឆ្នាំ២០០៨មិនមានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ទេ។ ប៉ុន្តែប័ណ្ណកម្មសិទ្ធិទាំងនេះនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

 

លោក អ៊ិន ណាន ជាដៃគូអចលនទ្រព្យរបស់ក្រុមហ៊ុន Property.com នៅកោះរ៉ុងបានលើកឡើងអំពីបញ្ហានេះថា “​ប្រជាពលរដ្ឋនិយាយថាពួកគេមានសិទ្ធិកាន់កាប់ដីធ្លីនៅលើកោះប៉ុន្តែជាក់ស្តែងមិនឃើញមានប័ណ្ណកម្មសិទ្ធនោះទេ។ ពួកគេអាចលក់ និងទិញដីជាធម្មតាប៉ុន្តែតម្លៃមិនខ្ពស់ទេបើគ្មានប្លង់កម្មសិទ្ធិ។ ខ្ញុំព្រួយបារម្ភអំពីដំណើរការយឺតយ៉ាវនៃការអភិវឌ្ឍន៍របស់កោះ ខណៈដែលរដ្ឋាភិបាលចំណាយពេលយ៉ាងយូរដើម្បីដោះស្រាយជម្លោះរវាងអ្នកភូមិ និងក្រុមហ៊ុនក៏ដូចជាការចេញប្លង់កម្មសិទ្ធិដីស្របច្បាប់សម្រាប់ប្រជាជន។

ប៉ុន្តែ លោក ហួលាន បានបញ្ជាក់ថារដ្ឋាភិបាលបានដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លីរួចហើយសម្រាប់អ្នកភូមិនៅលើកោះរ៉ុង។ ហើយបានប្រកាសជាសាធារណៈដល់អ្នកភូមិនៅថ្ងៃនេះថ្ងៃទី១៤ខែកក្កដា ឆ្នាំ ២០១៧នេះ។ ដូច្នេះអ្នករស់នៅក្នុងតំបន់នេះនឹងមិនមានការភ័យព្រួយទៀតទេ ពួកគេអាចលក់ ឬទិញដីដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នាពេលអនាគតលោក ហួលាន បានបន្ថែមថា “ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដីសរុបចំនួន ២,៥០០ ហិកតា។ ក្រុមហ៊ុនតូចៗចំនួន១០០ផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍នៅលើកោះនេះដែរ។ គម្រោងព្រលានយន្តហោះ កាស៊ីណូ សេវាដឹកជញ្ជូន រោងចក្រទឹក និងអគ្គិសនី នឹងត្រូវបានអភិវឌ្ឍន៍នៅទីនោះក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៅទៀតរដ្ឋាភិបាលក៏មានគម្រោងធ្វើឱ្យកោះរុងក្លាយជាទីក្រុងទេសចរណ៍ដែលជាដំណឹងល្អមួយសម្រាប់អ្នកភូមិជាពិសេសនិងខេត្តទាំងមូល។” 

ផែនការអភិវឌ្ឍន៍នៅកោះរ៉ុងនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនក្នុងស្រុកពីព្រោះតម្លៃដីធ្លីនឹងឡើងថ្លៃខ្ពស់ហើយអ្នកស្រុកនឹងមានឱកាសរកចំណូលបានច្រើនជាងមុននៅពេលដែលអ្នកទេស ចរច្រើនឡើងៗនាំគ្នាមកលេងកម្សាន្ដនៅកោះមួយនេះ។

លោក ណាន និយាយថា កោះរ៉ុងគឺជាកោះដែលសក្ដានុពលនៅថ្ងៃអនាគតជាពិសេសសម្រាប់វិស័យទេសចរណ៍ពីព្រោះវាជាកោះស្រស់ស្អាតបំផុតមួយនៅប្រទេសកម្ពុជាដែលជាទីកន្លែងល្អបំផុត សម្រាប់សម្រាកលំហែកាយ។ អ្នកស្រុកអាចប្រកបអាជីវកម្មខ្នាតតូចដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ពួកគេនឹងសប្បាយចិត្តជាមួយ នឹងឳកាសការងារ ច្រើនជាងមុន ដែលនៅទីបំផុតនឹង ធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរជាងមុន។

ទាក់ទងនឹងតម្លៃដីធ្លី លោក សាកល និងណានបានលើកឡើងដូចគ្នាថាតម្លៃដីប្រែប្រួលអាស្រ័យលើទីតាំងនីមួយៗដូចជាដីនៅតំបន់ឆ្នេរដីតំបន់ស្នាក់នៅ ឬដីចំការ។ តម្លៃដីអាចមានតម្លៃចន្លោះពី ៣៥ ទៅដល់ ៧៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ​។

បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ពីកម្មសិទ្ធដីស្របច្បាប់ទៅអោយអ្នកស្រុកកោះរ៉ុង និងបានបញ្ចប់ជម្លោះ ព្រមទាំងភាពមិនច្បាស់លាស់រវាងដីអ្នកស្រុក និងដីរបស់ក្រុមហ៊ុនរួចមកតម្លៃដីនៅទីនោះទំនងជានឹងឡើងថ្លៃខ្លាំង។ កោះរ៉ុងនឹងប្ដូរមុខមាត់ថ្មីចំណោមកោះដទៃទៀតក្នុងប្រទេសកម្ពុជា។

លោក Brad King នាយកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia Real Estate ដែលមានការិយាល័យនៅកោះរ៉ុងខេត្តព្រះសីហនុ និយាយថាកោះរ៉ុងនឹងក្លាយជាទិសដៅលេចធ្លោះមួយទៀតសម្រាប់អ្នក វិនិយោគអចលនទ្រព្យជាពិសេសអ្នកវិនិយោគផ្ដោតលើលំនៅដ្ឋានប្រណិតៗ។

លោក King បន្តថា អ្នកវិនិយោគគួរតែផ្ដោតលើការវិនិយោគដីធ្លីនៅកោះរ៉ុងពីព្រោះបច្ចុប្បន្នតម្លៃដីនៅលើកោះ មានតម្លៃថោកជាងដីនៅក្រុងព្រះសីហនុឆ្ងាយណាស់។ ដីធ្លីនៅក្រុងព្រះសីហនុឡើងថ្លៃខ្លាំង ពោលគឺថ្លៃជាងដីដូចគ្នានៅប្រទេសថៃ និងហ្វីលីពីនដោយសារតែអ្នកវិនិយោគចិនដែលជំរុញតម្លៃនៅទីនោះឱ្យឡើងខ្លាំង។ តម្លៃដីជាមធ្យមនៅកោះរ៉ុងបច្ចុប្បន្នមានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងជាង ១ ០០០ ដុល្លារនៅឆ្នេរសមុទ្រព្រះសីហនុ។ ឆ្នេរកោះរ៉ុងគឺជាឆ្នេរស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់។

លោក ព្រុំ សេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ នាន សេង ស្ថិតនៅក្រុងព្រះសីហនុ លើកឡើងថាការចេញប្លង់រឹងដល់អ្នកស្រុកផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះអ្នកស្រុក និងអ្នកវិនិយោក។ ដីធ្លីរបស់ អ្នកស្រុកនឹងមានតម្លៃថ្លៃ ហើយពួកគេនឹងមានឳកាសប្រកបរបរកស៊ីបានប្រសើរជាងមុន។​ ពួកគេអាចលក់ដីបានដោយសេរីហើយអ្នកវិនិយោគនឹងមានការធានាមួយរយភាគរយនៅពេលពួកគេទិញដីនៅទីនោះជាមួយនឹងកម្មសិទ្ធប្លង់រឹងស្របច្បាប់។

លោក បន្ថែមថា កោះរ៉ុងនឹងស្គាល់ភាពត្រចះត្រចង់នៅថ្ងៃអនាគតដោយសារដីមានទំហំតូចតម្រូវការនឹងមានច្រើននៅពេលដែលមានប្លង់កម្មសិទ្ធស្របច្បាប់។ នេះជាពេលវេលាល្អសម្រាប់រស់នៅ និងធ្វើអាជីវកម្មនៅទីនេះ។

ស្វែងរកដីសម្រាប់លក់ និងជួលនៅកោះរ៉ុងឥឡូវនេះ!

Comments