+85561 777 090
Logo
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗស្ពានថ្មីឆ្លងកាត់ខេត្ត២នេះនឹងកសាងឆាប់ៗ
Updated on: May 9, 2022, 5:58 a.m.
Published on: August 31, 2021, 5:37 a.m.

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗស្ពានថ្មីឆ្លងកាត់ខេត្ត២នេះនឹងកសាងឆាប់ៗ


ស្របពេលប្រទេសកម្ពុជាកំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ស្ទើរគ្រ​ប់វិស័យ ជាពិសេសរាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ​ផ្លូវ​ ថ្នល់​ និង​ស្ពាន​ជាច្រើន​ទៅដល់​តំបន់​ដាច់​ស្រយាល​ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់រហ័ស ​ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​មក​អភិវឌ្ឍ​នៅ​កម្ពុជា​កាន់តែ​ច្រើន ។

ថ្លែងក្នុងកម្មវិធី MPWT Live Show ក្រោមប្រធានបទ៖ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការ កំពុងបន្តរហូតដល់ឆ្នាំ២០២៣» ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជាគម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញ​ពេលវេលាក្នុងការធ្វើដំណើរ ។

ក្នុងនោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមថា ៖ «គម្រោងស្ពាននេះត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្តលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី ហើយសង្ឃឹមថា ៖ គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច» ។

គួររម្លឹកផងដែរថា ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់ ។ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​តភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ​ត្រូវបាន​បញ្ចប់​ការសិក្សា​រួចហើយ​ដោយ​ត្រូវរង់ចាំ​ការសម្រេច​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​តែប៉ុណ្ណោះ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នាពេល​ខាងមុខ​នេះ ៕

Comments