ខណៈវិស័យទេសចរណ៍កម្ពុជាកំពុងមានភាពរីកចម្រើនគួឲ្យកត់សម្គាល់ ទំហំនៃការស្រូបយកចំនួនភ្ញៀវទេសចរណ៍បរទេសក៏កំពុងមានកំណើនឡើងក្នុងរយៈចុងក្រោយនេះ។ ភ្ញៀវទេសចរណ៍អន្ដរជាតិមានការកើន ឡើងរហូតដល់ ៦.២លាននាក់ ក្នុងឆ្នាំ២០១៨ អត្រាននេះបានកើនឡើង ១១ ភាគរយធៀបទៅនឹងឆ្នាំ២០១៧។
ភាពរីកចម្រើននេះ បណ្ដាលមកពីសក្ដានុពលតំបន់ទេសចរណ៍ និងការអភិវឌ្ឍន៍នៃតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ កំណើនភ្ញៀវទេសចរណ៍បានជំរុញឲ្យមានកំណើន ជើងហោះហើរកាន់តែច្រើននៅកម្ពុជា។ ក្នុងរយៈពេលចុងក្រោយនេះកម្ពុជាបានប្រកាសសាងសង់ព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់។
ទាក់ទងនឹងចំណុចនេះដែរ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ មេសា នេះ លោកថោនខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជាកំពុងសិក្សា គម្រោងសាងសង់ព្រលានយន្ដហោះខ្នាតតូច ដើម្បីទាក់ទាញវិស័យទេសចរណ៍ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនក្នុងស្រុក។
ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង ថែមទៀត។
នៅក្នុងផែនការមេអភិវឌ្ឍន៍តំបន់ ក្រសួងបានចាត់វិធានកាលចាំបាច់ ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ជាតិ ក្នុងនោះខេត្ដមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ ស្រាប់ ត្រូវបានកំណត់ជាទីតាំងសំខាន់មួយនៃការអភិវឌ្ឍន៍បន្ត។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឲ្យបានឆាប់រហ័ស និងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។
តាមផែនការ ការសិក្សាគម្រោងនេះនឹងបញ្ចប់រយៈពេល៦ខែ ហើយចំពោះការចំណាយលើ ការសាងសង់ព្រលានយន្តហោះនៅខេត្តភាគឦសានមួយនេះ គឺជាថវិការបស់រាជរដ្ឋាភិបាល ទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ និងប្រលានយន្ដហោះក្នុងស្រុកតាមបណ្ដាលខេត្តមួយចំនួនមានចំនួន ១៤។
ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
Comments