+85561 777 090
Logo
ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
Updated on: June 1, 2022, 3:40 p.m.
Published on: February 25, 2019, 12:57 p.m.

ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨


(រូបភាពតំណាង)

ក្រុមហ៊ុនកាស៊ីណូ Naga World ដែលស្ថិតក្រោមក្រុមហ៊ុន NagaCorp ជាក្រុមហ៊ុនមេ បានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០១៨ដោយបានបង្ហាញថា Naga World ទទួលបានប្រាក់ ចំណេញសុទ្ធ កើនឡើង៥៣% នៅឆ្នាំ២០១៨ ។

ក្រុមហ៊ុនដែលទទួលបានសិទិ្ធវិនិយោគលើអាជីវកម្មកាស៊ីណូ ផ្តាច់មុខតែ១គត់នៅ ទីក្រុងភ្នំពេញមួយ បានបង្ហាញពីប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងគឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូត៣៩០.៦ លានដុល្លារអាមេរិកដែលចំនួនទឹកប្រាក់នេះ ស្ទើរតែប្រហាក់ប្រហែលនឹង ប្រាក់ចំណេញមួយឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា ។

អានអត្ថបទបន្ថែម៖  កម្ពុជាចាំបាច់ត្រូវបង្កើនល្បឿនបញ្ចេញច្បាប់កាស៊ីណូ ដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមាន អាជីវកម្មកាស៊ីណូ

ក្រុមហ៊ុនកាស៊ីណូ NagaCorp ដែលក្រុមហ៊ុនមេបានចេញផ្សាយនៅផ្សារហ៊ុនថាក្រុមហ៊ុនអាជីវកម្មកាស៊ីណូមួយនេះទទួលបានប្រាក់ចំណូលពីការលេងល្បែងដុលរហូតដល់ទៅ១.៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨ (កើនឡើង ៥៥% បើធៀបនឹងឆ្នាំ ២០១៧) និងបានចេញរបាយការណ៍ថាចំណូលពន្ធមានចំនួន៨.៨១លានដុល្លារអាមេរិកដែលជាការបង់ពន្ធលើប្រាក់ចំណូលសរុប ។

ចំណូលពន្ធនឹងមានចំនួនច្រើនជាង ៨.៨១ លានដុល្លារ ដោយសារថាក្រុមហ៊ុននេះនឹងចាំបាច់ត្រូវ បង់ពន្ធលើប្រាក់ចំណេញពីប្រតិបត្តិការមិនមែនល្បែងដទៃទៀតដែលសំដៅដល់ប្រាក់ចំណូល បានមកពីថ្លៃបន្ទប់សណ្ឋាគារ ចំណូលពីប្រតិបត្តិការភោជនីយដ្ឋាន និងចំណូលពីសេវាផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ី វ៉ាន់ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកបានបន្ថែមថា៖ «យើងមិនទាន់បានបញ្ចប់ដំណើរការសវនកម្មនៅឡើយទេ។ ចាំមើលសិនថានៅពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារបញ្ចប់របាយការណ៍ដែលធ្វើសវនកម្មរួច ។ ចំាមើលក្រុមហ៊ុននេះ នឹងកែតម្រូវរបាយការណ៍របស់ខ្លួននៅផ្សារហ៊ុនយ៉ាងម៉េច»។

លោកក៏បានបង្ហើបអោយដឹងថា ៖ «គ្រាន់តែនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ប្រាក់ចំណូល របស់កាស៊ីណូ Naga World ទាបជាងឆ្នាំ ២០១៨ ផង ដែលពេលនោះ រដ្ឋាភិបាលបាន ប្រមូលពន្ធបានដល់ទៅជាង ២០ លានដុល្លាររួចទៅហើយ ។ ម៉្យាងទៀត ចំណូលពន្ធជាក់ស្ដែង ដែលក្រុមហ៊ុននេះបង់ដល់ពួកយើង គឺនឹងច្រើនជាងចំនួន ដែលគាត់បានចេញផ្សាយនៅផ្សារហ៊ុន» ។

លោក Timothy Patrick McNally ប្រធាន NagaCorp បានឱ្យដឹងថា៖ «របាយការណ៍នេះបង្ហាញឱ្យឃើញពីភាពជោគជ័យ និងកំណើនដ៏រហ័សរបស់ Naga World 2 ។ ក្រុមហ៊ុនយើងកំពុងស្ថិតក្នុងដំណាក់កាល រៀបចំផែនការ សម្រាប់ការអភិវឌ្ឍ Naga World 3» ។

លោកបានគូសបញ្ជាក់ថាកត្តាដែលជម្រុញឱ្យមានវិនិយោគបន្ថែម ពីព្រោះកំណើនភ្ញៀវទេសចរក្រៅស្រុកជាពិសេសមកពីប្រទេសចិន ព្រមទាំងបរិយាកាសនយោបាយ ប្រកបដោយស្ថិរភាពជាមូលហេតុមួយដ៏សំខាន់បំផុត ។

តាមរបាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជានិយតករអាជីវកម្មកាស៊ីណូ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ ៥២ក្រុមហ៊ុនកាលពីឆ្នាំ២០១៨ ដែលបានធ្វើឱ្យចំនួនកាស៊ីណូនៅកម្ពុជាកើនឡើង រហូតដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ។ គ្រាន់តែខេត្តព្រះសីហនុមួយ មានទីតាំងអាជីវកម្មកាស៊ីណូស្របច្បាប់ ៨៨ ទីតាំង៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments