យោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ត្រូវបានសាងសង់ក្នុងតម្លៃប្រមាណ ២ ពាន់លានដុល្លារ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ គិតត្រឹមពេលនេះសម្រេចបានចំនួន៦៤%ហើយ ។
តាមប្រភពហ្វេសប៊ុកផេកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានប្រើប្រាស់ម៉ាសុីនស្វ័យប្រវត្តិក្រាលផ្លូវថ្នល់ 3D ដែលមានកម្រិតច្បាស់លាស់ ។ ម៉ាសុីនស្វ័យប្រវត្តិក្រាលផ្លូវថ្នល់ 3D ត្រូវបានប្រើសម្រាប់ត្រួសត្រាយស្រទាប់បេតុង (Cement Stabilized Sub-Base) និងស្រទាប់កៅស៊ូ (Asphalt Pavement) ដោយតម្លើងប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិទៅនៅលើម៉ាសុីនក្រាលផ្លូវថ្នល់ដែលមានស្រាប់ ប្រៀបនឹងការវាស់ដោយបុគ្គលិកផ្ទាល់ ប្រព័ន្ធស្វ័យប្រវត្តិអាចជួយសន្សំកម្លាំង និងពេលវេលា ។
តាមប្រភពខាងលើក៏បានឱ្យដឹងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានក្រាលថ្នល់ដោយប្រើប្រាស់កៅស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាចស៊ាំទៅនឹងសីតុណ្ហភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យពង្រឹងនូវសមត្ថភាពដឹកជញ្ជូន និងអាយុកាលនៃផ្លូវ ។
គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនទទួលបានសម្បទានវិនិយោគប្រមាណ ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះមានផ្លូវបំបែកទិស ៧កន្លែង, កន្លែងឈប់សម្រាកចំនួន៣កន្លែង, ចំណតរថយន្ត១កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង, ស្ពានតូចចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ៕
Comments