+85561 777 090
Logo
តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?
Updated on: June 7, 2022, 4:56 a.m.
Published on: January 14, 2018, 4:39 a.m.

តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?


មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីកំពុងតែមានភាពពេញនិយមខ្លាំងចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសដោយសារតែតម្លៃដីនៅទីនោះធូរថ្លៃជាងគេ បើធៀបនឹងខណ្ឌផ្សេងៗទៀតនៅទីក្រុង។

ព្រែកភ្នៅត្រូវបានបែងចែកជា៥សង្កាត់៖ ពញាពុន ព្រែកព្នៅ សំរោង គោករកា និងពុនសាង។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍កំពុងសិក្សាវិនិយោគនៅតំបន់នេះដោយសារតែវាជាតំបន់ ដែលមាន សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ហើយជាពិសេសមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ។

លោក អ៊ុង មាន អ្នកលក់ដីឡូតិ៍នៅព្រែកភ្នៅ បានឱ្យដឹងថា ព្រែកព្នៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍។ ក្នុងចំណោមដីនៅជាយក្រុងទាំងអស់ដីនៅព្រែកភ្នៅនៅធូរថ្លៃជាងគេ។ បើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។

ដោយមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ លោក អ៊ុង មាន ជឿថា ព្រែកព្នៅអាចនឹងក្លាយជាកោះពេជ្រទី២បន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ទាក់ទងនឹងតំបន់ព្រែកព្នៅ លោក គីម ហ៊ាង ប្រធានសមាគមន៍ភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថាតំបន់ព្រែកព្នៅនៅមានសក្ដានុពលច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍ជាពិសេសដោយសារតម្លៃដីនៅធូរថ្លៃ។ ប្រការនេះនឹងជម្រុញអ្នកអភិវឌ្ឍន៍មកផ្ដោតការយកចិត្តទុកដាក់នៅទីនោះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោមមធ្យម។

ដីឡូតិ៍នៅតំបន់ព្រែកភ្នៅកំពុងមានទីផ្សារខ្លាំងដោយសារអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ស្វះស្វែងទិញដីទុកសម្រាប់វិនិយោគ និងអភិវឌ្ឍន៍នៅថ្ងៃអនាគត។ លោក គីម ហ៊ាង លើកឡើងថា បើអ្នកចង់ទិញដីឡូតិ៍សម្រាប់វិនិយោគ ឫអភិវឌ្ឍន៍ អ្នកគួរទិញនៅព្រែកព្នៅ ដោយសារសក្ដានុពលអភិវឌ្ឍន៍ផ្ដោតនៅភាគខាងជើងទីក្រុងភ្នំពេញ។ ប៉ុន្តែគេគួរទិញដីដែលមានប្លង់រឹងត្រឹមត្រូវតាមផ្លូវច្បាប់។

ទន្ទឹមនេះ លោក ចេង ខេង ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) លើកឡើងផងដែរថាការវិនិយោគលើដីឡូតិ៍ជារឿងល្អបើអ្នកលក់អនុវត្តន៍តាមការសន្យាដូចជា ការសាងសង់ផ្លូវ ការរៀបចំប្រព័ន្ធទឹក និងភ្លើង សម្រាប់អតិថិជនរបស់ខ្លួន។ប៉ុន្តែ លោក ចេង ខេង បន្តថាជាក់ស្ដែងអ្នកលក់ដីឡូតិ៍ភាគច្រើនមិនបានធ្វើតាមការសន្យារបស់ខ្លួនទេ។ មុនប្រកាសលក់គម្រោង ពួកគេសន្យាថានឹងសាងសង់ផ្លូវប្រវែង ២០០ ម៉ែត្រប៉ុន្តែបន្ទាប់ពីលក់គម្រោងអស់ ពួកគេសាងសង់បានតែ ៥០ ម៉ែត្រប៉ុណ្ណោះ។

លោក ចេង ខេង ជម្រុញអ្នកលក់ដីឡូតិ៍ឱ្យធ្វើតាមការសន្យារបស់ខ្លួន ដោយបន្ថែមថា ដីឡូតិ៍អាចជួយគ្រួសារចំណូលមធ្យមឱ្យមានលំនៅដ្ឋានអចិន្រ្តៃដូចអ្នកមានចំណូលខ្ពស់ដែរ។លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd ដែលវិនិយោគលើដីឡូតិ៍ ៤កន្លែងនៅព្រែកភ្នៅ និយាយថា ជាមួយនឹងតម្រូវការដីឡូតិ៍កើនឡើង យើងបានលក់ដាច់៧០ ភាគរយហើយនៃគម្រោងរបស់យើងទាំងមូល។

លោក ចាន់ឌី បន្តថា គម្រោងដីឡូតិ៍របស់លោក ដែលមានទំហំ ៥ x ២០ ម៉ែត្រ តម្លៃ ២ ៧០០ ដុល្លារ លក់ដាច់ច្រើនជាងគេ ហើយអតិថិជនភាគច្រើនគឺគ្រួសារចំណូលក្រោមមធ្យម និង មធ្យម។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន Vtrust Appraisal គិតចាប់តាំងពី ឆ្នាំ ២០០១ មក ព្រែកភ្នៅមានតែ៩គម្រោងធំៗ និង១២គម្រោងតូចៗ ដែលសរុបមានចំនួន៦,០០០យូនីត។

ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលសាងសង់ចប់មានតែ២គម្រោងប៉ុណ្ណោះដែលមាន៣០៤ យូនីត។ យ៉ាងណាក៏ដោយ គេរំពឹងថា ៣ ៧២០ យូនីតទៀតនឹងត្រូវសាងសង់ចប់ នៅឆមាសទីមួយឆ្នាំ២០១៨ខាងមុខ។បើទោះបីជាព្រែកភ្នៅមិនទាន់មានគម្រោងច្រើនក៏ដោយ លោក ចាន់ឌីជឿថាជាមួយនឹងដីដែលមានតម្លៃថោកជាងខណ្ឌដទៃ និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងជើង ព្រែកភ្នៅនឹងស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សនៅថ្ងៃអនាគតដ៏ខ្លី។

ចាប់អារម្មណ៍វិនិយោគលើដីឡូតិ៍សូមស្វែងរកដីឡូតិ៍សម្រាប់លក់លើគេហទំព័រ Realestate.com.kh!





Comments