+85561 777 090
Logo
អ្នកជំនាញអចលនទ្រព្យបង្ហាញទស្សនៈរបស់ខ្លួន លើ​ការផ្លាស់ប្តូរមុខមាត់ខេត្តព្រះសីហនុ
Updated on: June 7, 2022, 7:00 a.m.
Published on: March 2, 2018, 7:41 p.m.

អ្នកជំនាញអចលនទ្រព្យបង្ហាញទស្សនៈរបស់ខ្លួន លើ​ការផ្លាស់ប្តូរមុខមាត់ខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ​បានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ខេត្តតំបន់​សមុទ្រ​មួយនេះធ្លាប់បានហ៊ុំព័ទ្ធដោយព្រៃក្រាស់ៗតែឥលូវនេះវាបានប្រែក្លាយទៅជាទីប្រជុំជនដ៏សំខាន់មួយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

ការរីកចម្រើននេះស្តែងឡើងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ និងអគារខ្ពស់ៗជាច្រើនដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងនោះការអភិវឌ្ឍជៀសមិនផុតពីការ​ហុចផលប៉ះពាល់នោះទេដូចជាការប៉ះពាល់បរិស្ថាន និងការបំពុលបរិយាកាសជាដើម ហើយខេត្តព្រះសីហនុក៏ត្រូវតែប្រឈមនឹងបញ្ហាអស់ទាំងនេះដូចគ្នាដែរ។

ដើម្បីស្វែងយល់បន្ថែមពីការផ្លាស់ប្តូរ និងផលប៉ះពាល់ពីការអភិវឌ្ឍខេត្តព្រះសីហនុគេហទំព័រ Realestate.com.kh បានជួបសម្ភាសជាមួយថ្នាក់ដឹកនាំគម្រោង Purely Projects ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ និងមានទីស្នាក់ការនៅក្នុងខេត្តនេះតែម្តង។

ខាងក្រោមនេះគឺជាសេចក្តីដកស្រង់នៃបទសម្ភាសន៍របស់ស្វាមីភរិយា​ជនជាតិអូស្រ្តាលី គឺលោក Mark និងលោកស្រី Kerry Morton៖

REAKH៖ តើលោក និងលោកស្រីអាចប្រាប់យើងត្រួសៗបានទេអំពីព័ត៌មានទាក់ទងនឹងក្រុមហ៊ុនរបស់ពួកលោក និងសាវតារបស់ពួកលោក? តើលោក និងលោកស្រីរស់នៅខេត្តព្រះសីហនុបានរយៈពេលប៉ុន្មានឆ្នាំ​ហើយ ?
Purely Projects៖ Purely Projects គឺជាក្រុមហ៊ុនផ្តល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ។ យើងបានផ្តល់ការប្រឹក្សានេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែយើងទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុបានរយៈពេលមួយឆ្នាំប៉ុណ្ណោះយើងផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជាច្រើនផ្នែកទាក់ទិននឹងឧស្សាហកម្មដែលមានឯកទេសជំនាញខាងការអភិវឌ្ឍ និងការគ្រប់គ្រងពាណិជ្ជកម្មលក់រាយអគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅដ្ឋានជាដើម។

លោកស្រី Kerry គឺជានាយិកាគ្រប់គ្រង Purely Projects ។ គាត់មានបទពិសោធន៍ជាង ២០ ឆ្នាំខាងពាណិជ្ជកម្មលក់រាយទាំងនៅអូស្រ្តាលី និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ Kerry ជំនាញផ្នែកការអភិវឌ្ឍការលក់រាយការផ្តល់គំនិតសម្រាប់ការជួលទីតាំងពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូល និងជំរុញអាជីវកម្មជាទូទៅ និងការរចនាការគ្រប់គ្រងការជួល និងផ្នែកទីផ្សារ។ ចំណែកលោក Mark Morton វិញគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ គាត់ជំនាញផ្នែកគ្រប់គ្រងទ្រព្យសកម្មនៃគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅអូស្រ្តាលី កម្ពុជា ឡាវ និងវៀតណាម។

REAKH៖ លោក និងលោកស្រីអាចនិយាយប្រាប់យើងបានទេថាតើមានការផ្លាស់ប្តូរអ្វីខ្លះដែលពួកលោកបានឃើញនៅក្នុងទីផ្សារអចលនទ្រព្យក្នុងអំឡុងពេលដែលលោកទាំងពីររស់នៅខេត្តព្រះសីហនុ?
Purely Projects៖ ការផ្លាស់ប្តូរក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញក្នុងរយៈពេលមួយឆ្នាំមកនេះគឺមិនគួរឲ្យជឿសោះ។ អ្វីដែលប្រែប្រួលគឺមិនមែនត្រឹមតែការវិនិយោគរបស់ចិនក្នុងវិស័យកាស៊ីណូប៉ុណ្ណោះទេ។ ជាក់ស្តែងនៅភូមិអូត្រេះ យើងឃើញមានសណ្ឋាគារថ្មី និងរមណីយដ្ឋានបឹងហ្កាឡូចំនួន១៦ដែលទើបនឹងសាងសង់រួច ឬកំពុងសាងសង់ក្នុងរង្វង់មួយគីឡូម៉ែត្រពីចំណុចកណ្តាលភូមិនេះ។

ទីតាំងអភិវឌ្ឍន៍ទាំងនោះភាគច្រើនគឺជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរ។ ជាងនេះទៅទៀតនោះគឺភាគច្រើននៃទីតាំងទាំងនោះទុកសម្រាប់ «លក់ជួល» ដើម្បីយកចំណេញ។ ស្លាកផ្សេងៗសុទ្ធតែសរសេរជាភាសាចិន ឬខ្មែរ។ ភាសាអង់គ្លេសមានតិចតួចណាស់។ កុំភ្លេចថានៅមានការអភិវឌ្ឍចម្រុះសំខាន់ៗផ្សេងទៀតដូចជា D’Seaview, Blue Bay, Seagate ដែលកំពុងដំណើរការយ៉ាងល្អក្នុងខេត្តនេះ។ នេះខ្ញុំសូមរៀបរាប់តែគម្រោងពីរបីប៉ុណ្ណោះ

REAKH៖ វាច្បាស់ណាស់ថា ការវិនិយោគរបស់ចិនមានទំហំធំធេងក្នុងខេត្តមួយនេះ។ តើវានឹងជះឥទ្ធិពលអ្វីខ្លះចំពោះលោក និងលោកស្រីផ្ទាល់មិនថាជីវិតឯកជន ឬក៏ភាពជាម្ចាស់អាជីវកម្មទេ ?
Purely Projects៖ យើងទាំងពីររស់នៅក្បែរទីតំបន់អភិវឌ្ឍ Chinatown ដែលជាគម្រោងដ៏ធំមួយគ្របដណ្តប់លើផ្ទៃដីជិត១០០ហិចតា។ តាមពិតទៅវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។ ចរាចរណ៍ប្រចាំថ្ងៃរបស់រថយន្តកាម្ញ៉ុងឆ្លងកាត់ភូមិអូត្រេះបង្កជាបញ្ហាយ៉ាងច្រើនដូចជាធ្វើឲ្យខូចខាតផ្លូវបង្កជាធូលីហុយ និងសំឡេងរំខានដល់ពលរដ្ឋ និងអាជីវកម្មផ្សេងៗក្នុងតំបន់។
ក្នុងនាមជាទីប្រឹក្សា យើងពិបាកនឹងជជែកជាមួយម្ចាស់គម្រោង ដោយសារតែបញ្ហាកង្វះខាតស្លាកសញ្ញាស្តីពីគម្រោងសាងសង់ ឬព័ត៌មានលម្អិតសម្រាប់បង្កើតអត្តសញ្ញាណរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ណាស់។ ក្រុមហ៊ុនទាំងនោះរួមជាមួយអ្នកចេះចិនមានឱកាសល្អដើម្បីបង្កើតទំនាក់ទំនងវិជ្ជមាន។

REAKH៖ ជាទូទៅតើពួកលោកយល់ឃើញយ៉ាងម៉េចដែរចំពោះការវិនិយោគរបស់ចិនក្នុងខេត្តព្រះសីហនុ ? តើលោកគិតថាវាជារឿងវិជ្ជមាន ឬក៏អវិជ្ជមាន? តើមូលហេតុអ្វី?Purely Projects៖ គ្រប់ទម្រង់វិនិយោគទាំងអស់មិនថាមកពីបរទេស ឬក្នុងស្រុកទេ សុទ្ធតែហុចផលប៉ះពាល់ចំពោះសហគមន៍។ មិនថា គម្រោងវិនិយោគនោះធំ ឬតូចទេ គឺសុទ្ធតែជះឥទ្ធិពលដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ច។ប្រទេសចិន និងជប៉ុន បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ទន្ទឹមនឹងនោះក៏មានការចូលរួមពីអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ចំណុចវិជ្ជមាននៃការវិនិយោគរបស់ចិនគឺ ធ្វើឲ្យហេដ្ឋារចនាសម័្ពន្ធរីកចម្រើន មិនថាផ្លូវថ្នល់ ប្រព័ន្ធលូ ឬអគ្គិសនីទេ។

REAKH៖ តើលោក និងលោកស្រីគិតថាមានផលប៉ះពាល់អ្វីខ្លះចំពោះប្រជាជនមូលដ្ឋានដែលរស់នៅក្នុងខេត្តនេះ?

Purely Projects៖ ប្រាកដណាស់ វាពិតជាមានផលប៉ះពាល់ចំពោះជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរពោលគឺទាំងវិជ្ជមាន និងអវិជ្ជមាន។ ម្ចាស់ដីខ្មែរដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងត្រូវលក់ដីរបស់ខ្លួនក្នុងតម្លៃមួយដែលពួកគាត់មិនសង្ឃឹមថានឹងទទួលបាននោះទេ ប្រសិនបើពួកគាត់លក់ទៅឲ្យវិនិយោគិនក្នុងស្រុក។ នៅខេត្តព្រះសីហនុភស្តុតាងជាច្រើនជុំវិញការជួលផ្ទះបង្ហាញថាទាំងជនបរទេស ទាំងជនជាតិខ្មែរមិនបានបន្តកិច្ចសន្យាជួល ឬថ្លៃជួលលើសពីថវិកាផ្ទាល់ខ្លួនរបស់ពួកគេដោយសារតែសម្ពាធលើតម្លៃដែលបង្កើតឡើងដោយផលប្រយោជន៍របស់ចិន។

REAKH៖ តើពួកលោកនៅតែជឿថាខេត្តព្រះសីហនុផ្តល់នូវឱកាសដ៏មានសក្កានុពលក្នុងវិស័យអចលនទ្រព្យ និងធុរកិច្ចដល់ជនបរទេស និងពលរដ្ឋខ្មែរក្នុងតំបន់?

Purely Projects៖ វានៅតែមានឱកាសសម្រាប់វិនិយោគិនបរទេស ទាំងនៅក្នុងវិស័យអចលនទ្រព្យ ទាំងក្នុងធុរកិច្ចប្រសិនបើពួកគេស្នើសុំ និងអនុវត្តតាមផែនការអាជីវកម្មច្បាស់លាស់។

ឧទាហរណ៍បច្ចុប្បន្នមានផ្សារទំនើប «សំខាន់» មួយ (ដែលធ្វើការផ្គត់ផ្គង់តម្រូវការមានកំណត់) និងផ្សារទ្រង់ទ្រាយតូចមួយក្តាប់តូច។ ដូច្នេះអ្នកលក់រាយដ៏សំខាន់ដែលចូលមកកាន់ខេត្តនេះមុនគេនឹងសប្បាយរីករាយពីការទាញចំណេញចំពោះបរិយាកាសរីកចម្រើន តែមានការប្រកួតប្រជែងតិចតួច។ ចំពោះរឿងនេះមានក្រុមហ៊ុនខ្មែរជាច្រើនដែលឈរជើងជាយូរយារណាស់មកហើយក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងភូមិអូត្រេះបានពង្រីកប្រតិបត្តិការរបស់ខ្លួន។
REAKH៖ តើលោក-លោកស្រី ជឿថា ផ្ទះជួលកំពុងតែមានការខ្វះខាតក្នុងខេត្តនេះឬ?

Pureley Projects៖ ភាគច្រើននៃការជួលគឺសំដៅទៅលើស្ទូឌីយោតូច ដែលមានបន្ទប់គេងមួយ។ ជម្រើសបន្ទាប់គឺផ្ទះវីឡាដែលមានបី ទៅបួនបន្ទប់គេង។ ចំណែកឯលំនៅដ្ឋានទំហំមធ្យមជួបនូវកង្វះខាត ដូចជាផ្ទះដែលមានបន្ទប់គេងពីរដាច់ដោយឡែក និងចង្ក្រានបាយជាដើម។ ជនបរទេសចូលចិត្តផ្ទះប្រភេទនេះណាស់។ បើសិនជាលោកអ្នកចង់ទិញគឺមានគម្រោងអភិវឌ្ឍន៍ប្រកបដោយគុណភាពយ៉ាងច្រើននៅក្នុងខេត្តនេះដោយគុណភាពមានតាំងពីកម្រិតខ្ពស់ដល់មធ្យម។
REAKH៖ បើតាមអ្វីដែលខ្ញុំបានមើលឃើញតាមបណ្តាញសង្គមមានមតិប្រឆាំងនឹងជនជាតិចិនយ៉ាងខ្លាំងក្នុងខេត្តនេះ។ តើពួកលោកគិតថានឹងមានចរន្តដូចគ្នានេះទេបើសិនជាមានការបណ្តាក់ទុនដ៏ច្រើនលើសលប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឬពីបស្ចិមប្រទេសណាមួយវិញនោះ? តើលោក និងលោកស្រីគិតថារឿងនេះពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ដែរឬទេ?

Purely Projects៖ ពេលដែលមានការអភិវឌ្ឍទ្រង់ទ្រាយធំគឺពិតជាមានផលប៉ះពាល់ចំពោះជីវភាពរស់នៅ និងបរិស្ថាន។ នេះគឺជាប្រធានបទសំខាន់នៅក្នុងការជជែកពិភាក្សានៅលើបណ្តាញសង្គមនានា មិនមែនតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក។ ជាធម្មតាទេ នៅពេលដែលប្រទេសណាមួយ មិនថាជាសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស ចិន ឬក៏ជាតិសាសន៍ណាមួយទេឲ្យតែមកបោះវិនិយោគទុនសន្ធឹកសន្ធាប់ក្នុងតំបន់មួយសហគមន៍អាចនឹងយល់ថា ជីវភាពរស់នៅចាស់របស់ពួកគាត់ « ភាពជាម្ចាស់ផ្ទះ » និងជាតិសាសន៍របស់ពួកគាត់កំពុងតែប្រឈមនឹងការគំរាមកំហែង។
REAKH៖ បើតាមយោបល់របស់ពួកលោកបើសិនជាគ្មានលំហូរចូលនៃវិនិយោគិនចិននៅខេត្តព្រះសីហនុទេ តើខេត្តនេះនឹងមានសភាពដូចសព្វថ្ងៃនេះទេ?

Purely Projects៖ ឆ្នេរសមុទ្រ និងសម្រស់ខេត្តរាប់បញ្ចូលទាំង តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែនឹងនៅតែបន្តទាក់ទាញវិនិយោគិនបរទេសដែលផ្តោតជាពិសេសលើការសាងសង់សណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសមុទ្រ។ ប៉ុន្តែសន្ទុះនៃការបណ្តាក់ទុនប្រហែលជាយឺតជាងនេះ ប្រសិនបើគ្មានជនជាតិចិនទេ។

REAKH៖ តើពួកលោកមានទស្សនៈបែបណាចំពោះទីផ្សារអចលនទ្រព្យ និងអនាគតខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ?Purely Projects ៖ វាពិបាកណាស់ក្នុងការព្យាករព្រមគ្នាពីទស្សនវិស័យនៃទីផ្សារអចលនទ្រព្យ និងអនាគតនៃខេត្តនេះសម្រាប់ថ្ងៃមុខ។ ប៉ុន្តែ ខ្ញុំជឿថា តម្លៃដីធ្លី និងថ្លៃជួលនឹងមានស្ថិរភាពវិញ។ គឺដូចជានៅអូស្រ្តាលី បន្ទាប់ពីមានការងើបឡើងយ៉ាងគំហុកនៃការវិនិយោគរបស់ជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដូច្នោះដែរ។ លើសពីនេះទៅទៀត យើងអាចរំពឹងថា នឹងបានឃើញផ្លូវថ្នល់ល្អប្រសើរជាងមុន ហេដ្ឋារចនាសម័្ពន្ធ បរិស្ថានបរិសុទ្ធ និងស្អាតជាងមុន សម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរ មិនថាការវិនិយោគទាំងនោះចេញមកពីប្រភពណានោះទេ៕

តើលោកអ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់ជួល ឬលក់នៅខេត្តព្រះសីហនុ? ឬលោកអ្នកកំពុងស្វែងរកអានមគ្គុទេ្ទសក៍ចុងក្រោយអំពីអចលនទ្រព្យក្នុងខេត្តព្រះសីហនុ សូមចូលទៅកាន់គេហទំព័រ Realestate.com.kh
 

Comments