ជាមួយនឹងលំហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់មកពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាទទួលបានកំណើននៃការសាងសង់រោងចក្រជាច្រើនមិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសផងដែរ។
ផលិតកម្មវិស័យរោងចក្រកាត់ដេរ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិស័យអចលនទ្រព្យ។ តំបន់ ឬទីតាំង ដែលប្រមូលផ្តុំដោយរោងចក្រគឺជាតំបន់ដែលបានប្រមូលផ្តុំដោយអាជីវកម្ម ប្រជាជាជន សកម្មភាពសេដកិច្ចនានា។ (អត្ថបទពាក់ព័ន្ធ)
ជាទូទៅគេមើលឃើញថាភាពរីចម្រើននៃវិស័យរោងចក្រនេះមានចំណែកដ៏សំខាន់មួយដល់ភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា។ ប៉ុន្តែបើគេមើលអោយលម្អិត តើតាមភាពជាក់ស្តែង កំណើនរោងចក្រក្នុងប្រទេសកម្ពុជាបានផ្តល់ផលវិជ្ជមាន ឬជួយដល់វិស័យអចលនទ្រព្យឲ្យរីកចម្រើនដូចម្តេចខ្លះ?
គេមិនអាចប្រកែកបានទេចំពោះទំនាក់ទំនងរវាងរោងចក្រកាត់ដេរ និងវិស័យអចលនទ្រព្យ ដែលបានផ្តល់ផលវិជ្ជមានដល់វិស័យដីធ្លី នេះបើយើងពិនិត្យទៅលើស្ថានភាពជាក់ស្តែងនៅកម្ពុជា។
ខាងក្រោមនេះគឺជាចំណុចធំៗ ដែលវិស័យរោងចក្របានជួយរុញច្រានវិស័យអចលនទ្រព្យឲ្យហក់ឡើងជាលំដាប់។
ជួយជំរុញតម្លៃដីធ្លី
កំណើននៃវិស័យរោងចក្រធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើង។ តួយ៉ាងតម្លៃដីធ្លី និងផ្ទះកើនឡើងខ្ពស់ ដោយសារតែតម្រូវការនៃការស្នាក់នៅ និងការទិញលក់កើនឡើង។
ជាទូទៅ តម្លៃដីធ្លី និងផ្ទះកើនឡើង ឬធ្លាក់ចុះទៅតាមស្ថានភាពសេដ្ឋកិច្ច ឬគម្រោងផ្សេងៗ ដែលជំរុញឲ្យមានកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ។ ជាក់ស្តងនៅឆ្នាំ ២០១៤ តម្លៃដីធ្លីនៅតាមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅទៅបានកើនឡើងពី១៥% ទៅ២០%។
ជំរុញដល់ការសាងសង់
ការសាងសង់បានសំរុកទៅកាន់តំបន់ដែលមានរោងចក្រ និងមានមនុស្សរស់នៅច្រើន។ គម្រោងទាំងនេះមានដូចជា ផ្ទះជួល ផ្ទះអាជីវកម្ម ផ្សារ និងសំណង់តូចធំដើម្បីបំពេញតាមតម្រូវនៃការស្នាក់នៅ និងហូបចុករបស់កម្មករ។ តំបន់ទាំងនេះមានការរីកដុះដាលឆាប់រហ័សជាងតំបន់ដែលគ្មានរោងចក្រ។
ចំណុចទាំងនេះជាកត្តាដ៏សំខាន់ដែលអាចទាក់ទាញគម្រោងវិនិយោគធំៗឲ្យចូលទៅកាន់តំបន់នោះ ឬតំបន់ដែលជាប់គ្នានោះ។ ជាក់ស្តែងដូចជា គម្រោងបុរីពិភពថ្មី នៅសង្កាត់កំប៉ូល ជាដើម។ ក្រៅពីនេះ គម្រោងដីឡូតិ៍ជាច្រើនបានជ្រើសរើសយកទីតាំងជិតរោងចក្រ ដើម្បីធ្វើជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។
លើសពីនេះទៅទៀត នៅពេលដែលសកម្មភាពសេដ្ឋកិច្ចរីកម្រើនខ្លាំង នោះនឹងជម្រុញឲ្យ រដ្ឋាភិបាលធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះ បានឆាប់រហ័សផងដែរ។
ជំរុញការទិញលក់អចលនទ្រព្យ
អ្នកមានចំណូលទាប ពិសេសអ្នកធ្វើការក្រុមហ៊ុន ឬរោងចក្រសហគ្រាស តែងតែចាប់អារម្មណ៍ទិញអចលនទ្រព្យខ្នាតតូច ពិសេសដីឡូតិ៍ដែលនៅតាមតំបន់ជាយក្រុង។ ការទិញលក់មួយភាគធំត្រូវបានអ្នកអភិវឌ្ឍន៍ផ្តោតសំខាន់លើអ្នកមានចំណូលទាប (កម្មកររោងចក្រ) ដោយផ្តល់ជូនការបង់រំលស់គ្មានការប្រាក់។
ជំរុញសកម្មភាពសេដ្ឋកិច្ច
វិស័យរោងចក្រជំរុញឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងជាលំដាប់ តាមរយៈការវិនិយោគពីបរទេស។ ជាក់ស្តែង ប្រាក់ខែគោលរបស់កម្មករនិយោជិក កើនឡើងជិតដល់២០០ ដូល្លារ/ខែ។ ជាមួយនឹងប្រាក់ចំណូលនេះ កម្មករនិយោជិក អាចការប្រើប្រាស់ដើម្បីសាងសង់ផ្ទះសំបែង បើកអាជីវកម្មផ្ទាល់ខ្លួន ទិញដី និងទិញផ្ទះជាដើម។ សើសពីនេះទៀត សកម្មភាពសេដ្ឋកិច្ចផ្សេងៗត្រូវបានធ្វើឡើងយ៉ាងមមារញឹកនៅក្នុងតំបន់រោងចក្រដូចជា ផ្សារទំនិញ ចំណីអាហារ ការលក់ដូរ និងសេវាកម្មផ្សេងៗសម្រាប់បំពេញតាមតម្រូវការរស់នៅ ប្រចាំថ្ងៃរបស់កម្មករ។
Comments