+85561 777 090
Logo
ឯកឧត្តម គួច ចំរើន ចុះពិនិត្យការកែលម្អរង្វង់មូលតោពីរ
Updated on: May 28, 2022, 6:15 a.m.
Published on: August 18, 2021, 9:44 a.m.

ឯកឧត្តម គួច ចំរើន ចុះពិនិត្យការកែលម្អរង្វង់មូលតោពីរ


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិកា ៧ មករា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមប្រភពរដ្ឋបាលក្រុងព្រះសីហនុ

រង្វង់មូលតោពីរ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ ត្រូវបានធ្វើការកែលម្អ​ខឿនស្មើៗគ្នា និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព ។ នៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបផងដែរ ។

ដោយឡែកសួនច្បារនៅខាងមុខវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ ត្រូវបានរៀបចំកែលម្អឱ្យមានសោភ័ណភាព និងបរិស្ថានបៃតង ដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ អន្តរជាតិ និងជាទីតាំងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាងលើ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមានគុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍរីកចម្រើន មានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប ដូចជាផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ។ល។ ដែលជាការទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើនឡើងនាពេលខាងមុខជាក់ជាមិនខាន ៕

Comments