កាលពីថ្ងៃទីនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ គម្រោងថ្មីមួយ ដែលមានឈ្មោះថា ឈីហ្វថោវវើ បានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការស្ថិតនៅផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក Chau Chung Kai ស្ថាបនិក និងជាប្រធានធនាគារ Chief Bank និងលោក Dato 'Jack Yap, នាយកគ្រប់គ្រងក្រុមហ៊ុន JS Property International។
ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង ឈីហ្វថោវវើ នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីចំណុចវិជ្ជមាននៃការវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា "បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារកម្ពុជាមានស្ថេរភាពនយោបាយល្អ និងមានគោលនយោបាយ ទាក់ទាញវិនិយោគិនបរទេស។”
លោកមើលឃើញថាបច្ចុប្បន្នអគារធំៗបានដើរតួជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញឲ្យមានការវិនិយោគ បន្ថែមទៀតចូលមកកម្ពុជា។ ទទឹមជាមួយគ្នានេះដែរ លោក សំអាល់ ក៏បានលើកទឹកចិត្តឲ្យអ្នកវិនិយោគគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ជាពិសេសការគោរពតាម គោលការណ៍នៃការការពារបរិស្ថាន។
ជាមួយគ្នានេះដែរឯកឧត្តម លាង មុនីរិទ្ធិ បានផ្តល់ទុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះសម្មិទ្ធផលនៃការវិយោគនៅ កម្ពុជាដូចជាគម្រោងអគារ ឈីហ្វថោវវើ នេះ។ លោកក៏ជឿជាក់ដែរថា គម្រោងនេះនឹងកសាងទំនុកចិត្តដល់វិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមទៀតនៅក្នុងប្រទេស កម្ពុជា។
“ទាំងនេះគឺកំពុងជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។”
អភិវឌ្ឍដោយក្រុមហ៊ុន JS Property International អគារឈីហ្វថោវវើនឹងក្លាយជាអគារខ្ពស់បំផុតមួយ ដែលមានកម្ពស់រហូតដល់ ១៥៨ ម៉ែត្រ បែបចែកជាកន្លែងស្នាក់នៅ ពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារ។ នៅលើដំបូលនៃអគារនឹង ត្រូវសាងសង់ជាអាងហែលទឹកដ៏ប្រណិតបំផុតដំបូងគេ នៅក្នុងប្រទេសប្រទេស។
លោក Jack Yap ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន JS Property បានលើកឡើងថា អគារឈីហ្វថោវវើ គីមានកម្ពស់ ៤០ ជាន់ នឹងក្លាយជាសម្គាល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុង ដែលបានបង្កើតទ្បើងដោយផ្អែកលើ គោលគំនិត ៣ ធំៗ គឺ៖ រស់នៅ ធ្វើការងារ និងកម្សាន្ត។
លោកបានបន្ថែមថាអគារពាណិជ្ជកម្មថ្មីនេះ មាន ២៥ ជាន់ជាការិយាល័យ ៥ ជាន់ជាតំបន់ពាណិជ្ជកម្មសម្រាប់ជួល និង ១០ ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ រីឯសេវាកម្មសំខាន់ៗមានដូចជា៖ បន្ទប់ប្រជុំធំទូលាយ និងបន្ទប់រាំ ក្លឹបហាត់ប្រាណ និងកន្លែងធុរកិច្ចដ៏ទំនើប អមដោយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង រួមជាមួយសេវាកម្មសំខាន់ៗ ជាច្រើនទៀត។
បន្ថែមលើសពីនេះទៀត ក្នុងនោះគម្រោងនឹងមានសេវាកម្មប្រឹក្សាយោបល់ផ្នែកអាជីវកម្ម បរទេសជាលក្ខណៈឯកជន។ ម្យ៉ាងវិញទៀត ឈីហ្វថោវវើ ក៏មានប្រព័ន្ធចំណតរថយន្តក្រោមដីដោយស័្វយប្រវត្តិផងដែរ។
ទាក់ទងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ លោក Jack និយាយថា ក្រុមហ៊ុន JS Property International ត្រូវបានបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន JS & Partner និងឈីហ្វថោវវើរៀលអ៊ីស្ទេតខេមបូឌា ខូអិលធីឌី ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា៖ កម្ពុជា ម៉ាទ្បេស៊ី និងហុងកុង៕
Comments