សៀមរាបជាខេត្ដ ដែលទទួលសក្កានុពលទេសចរណ៍ទាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។ ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរក្នុងខេត្តសៀមរាបតាមរយៈអាកាសចរណ៍រាប់លាននាក់។
យោងតាមទិន្នន័យរបស់ គ្រឹះស្ថាអង្គរ ភ្ញៀវទេសចរណ៍ដែលបានទិញសំបុត្រមើលប្រាសាទនៅសៀមរាបមានចំនួនជាង ១ លាននាក់ក្នុងរយៈពេលជិត ៥ ខែ នៃឆ្នាំ២០១៩ នេះ។
ឆ្លើយតបនឹងកំណើនដ៏ច្រើននេះ និងដើម្បីស្រួលដល់ការហោះហើរ រដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសងព្រលានយន្តហោះខ្នាតធំៗ នៅក្នុងខេត្តសៀមរាប។ តួយ៉ាងកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលបានបើកកិច្ចប្រជុំជុំវិញគម្រោង សាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងវត្តមានចូលរួមរបស់ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការ តម្រង់ទិស ការសាងសង់ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និង ភាគីក្រុមហ៊ុនវិនិយោគគម្រោងសាងសង់ចិន ដឹកនាំដោយលោក Lu Yanwen ។
គម្រោងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ គម្រោងនឹងសាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២៤។
ទីតាំងនៃគម្រោងព្រលានយន្តហោះនេះស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹងសាងសង់តាម ស្តង់ដារ អាកាសយានដ្ឋានអន្តរជាតិ ដែលអាចប្រតិបត្តិបានជាមួយយន្តហោះខ្នាតធំ។
ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ គេគ្រោងនឹងចំណាយទុនវិនិយោគសរុបប្រមាណ ៨៨០ លានដុល្លារ ជាមួយនឹងការសាងសង់ផ្លូវរត់ល្បឿនលឿនទំហំ ៣,៦០០ ម៉ែត្រ គុណនឹង ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះធ្វើការហោះហើរ និងចុះចត និងចំណតយន្តហោះ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ រួមនឹងបរិក្ខារជំនួយ ស្ថានីយ សម្រាប់អ្នកដំណើរ ដែលមានទំហំ ៥០ ពាន់ម៉ែត្រក្រឡា។
ម្យ៉ាងទៀត បើតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគត លោក Lu Yanwen បានបញ្ជាក់ថាគម្រោងនឹងធ្វើការពង្រីកទៅជាអាកាសយានដ្ឋានប្រភេទធំ (4F) ហើយគម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ យុនទូ គ្រុប វិនិយោគទុនបរទេសយូណាន និង ព្រលានយន្តហោះ យូណានគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ ក្នុងទឹកប្រាក់ ២២០ លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី ហៅកាត់ក្រុមហ៊ុនអង្គរ ដែលទទួលខុសត្រូវ ចំពោះការវិនិយោគលើគម្រោងសាងសង់ និង គ្រប់គ្រងប្រតិបត្តិការ ។
លោក Lu បានរំពឹងថា ព្រលានថ្មីនេះអាចបម្រើសេវាកម្មភ្ញៀវទេសចរណ៍ពី ៧ លានទៅ ១០ លាននាក់ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ ដែលមាននៅក្នុង រាជធានីភ្នំពេញ ខេត្ដសៀមរាប និង ក្រុងព្រះសីហនុ៕
ចង់ស្វែងរកអចលនទ្រព្យនៅសៀមរាប សូមចូលទៅកាន់ Realestate.com.kh!
Comments