ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសម្រេចបាននៃអង្គសិក្ខាសាលាស្ដីពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាពនៃជាតិរស់ឡើងវិញ» ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ។
ក្នុងសន្និសីទនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា «ខេត្តព្រះសីហនុនឹងក្លាយជាសិង្ហបុរីទី២» បើទោះជាខេត្តជាប់មាត់សមុទ្រមួយនេះ រងការរិះគន់ពីការអភិវឌ្ឍដោយជនជាតិចិន ដែលអ្នកខ្លះថា កំពុងធ្វើឲ្យ ពលរដ្ឋកម្ពុជាប្រឈម នឹងការប្រកួតប្រជែងលើមុខរបរ និងការបាត់បង់ការងារយ៉ាងណាក៏ដោយ ។
អានអត្ថបទបន្ថែមអំពី៖ សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ!
លោក ផៃ ស៊ីផាន បានថ្លែងបន្ថែមថាខេត្តព្រះសីហនុជាទិសដៅនៃការអភិវឌ្ឍ និងជាគោលដៅទីក្រុងទំនើបនៅពេលខាងមុខនេះដែលហៅថា «ទីក្រុងអច្ឆរិយ» ព្រោះនៅទីក្រុងធំរបស់កម្ពុជាមួយនេះនឹងក្លាយជាសាំងហ្គាពួទី២។ វឌ្ឍនភាព ក្រុងព្រះសីហនុ មិនត្រឹមតែជាវឌ្ឍនភាពជាដៃគូជាមួយចិននោះទេ ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ ។
សូមរំលឹកថាខេត្តព្រះសីហនុនាពេលបច្ចុប្បន្នកំពុងទទួលការវិនិយោគយ៉ាងគំហុកពី វិនិយោគិនចិន លើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសម្រាកលំហែផ្សេងៗសម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ៕
Comments