+85561 777 090
Logo
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
Updated on: June 6, 2022, 8:07 p.m.
Published on: September 29, 2018, 12:37 a.m.

ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ


ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី របស់​​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី២៥ ខែកញ្ញា នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាព អនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​។

បច្ចុប្បន្នក្រសួងអនុម័តប្រកាសស្តីពីកាអភិវឌ្ឍដីហើយបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកាសនេះនឹងអនុវត្តសម្រាប់គ្រប់ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ផងដែរ។ គម្រោងដីឡូតិ៍ តម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។

ជាការក្រើនរំលឹក លោក ប៉ែន សុផល  បានបញ្ជាក់ថា “មន្រ្តី​ជំនាញ​របស់ក្រសួង​រៀប​ចំ​ដែន​ដី នឹង​ចាត់​វិធាន​ការជាក់លាក់តាមផ្លូវច្បាប់លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយក្នុងករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ​លក់​ដី​ឡូតិ៍​ ដែល​មិន​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​។​”  

អ្នកឱកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  បានស្វាគមន៍ និងគាំទ្រចំ​ពោះវិធានការថ្មីនេះរបស់ក្រសួងដែនដី។ លោកបានមានប្រសាសន៍ថា «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដើម្បីបញ្ឍប់រាល់សកម្មភាពមិនស្របច្បាប់របស់អ្នកលក់ និងគម្រោងដីឡូតិ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា»។

លោក បានបន្ថែមទៀតថាវិធាននេះគឺជាប្រយោជន៍ដល់វិស័យទាំងមូល ដើម្បីបន្តភាពរីកចម្រើនទៅមុខជានិច្ចជាមួយនឹងការ ធានាបាននូវការពារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអ្នកលក់ អ្នកទិញនិងម្ចាស់គម្រោងស្របច្បាប់។​​

ជាមួយគ្នានេះ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានមានប្រសាសន៍ថាការចាត់វិធានការ នេះជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លីពិសេសគឺការពុះដីឡូតិ៍ដោយសារបច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង ហើយនៅពេលក្រសួងចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀបចំ និងគ្រប់គ្រងទៅតាមស្តង់ដារសមស្រប នោះបញ្ហានឹងត្រូវបានដោះស្រាយ។​

លោក សៀប បានបញ្ជាក់ថា កន្លងមក អ្នកទិញដីឡូតិ៍ធ្លាប់ជួបបញ្ហាដោយសារគម្រោងមួយចំនួន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង និងផ្លូវមិនច្បាស់លាស់ ប្លង់កម្មសិទ្ធិមិនជាក់លាក់ និងមានបញ្ហានៅពេលរដ្ឋាភិបាលចាប់ផ្តើមអភិវឌ្ឍនៅក្នុងតំបន់នោះ។​ លោក ជឿថា វិធានការរបស់ក្រសួង នឹងធ្វើអោយការពុះដីឡូតិ៍លក់កាន់តែមានភាពប្រសើរឡើង។​

ទោះយ៉ាងណា អ្នកឱកញ៉ា ចេង ខេង មើលឃើញថាបច្ចុប្បន្នរវាងរដ្ឋ និងវិស័យឯកជននៅតែត្រូវការការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជួយឲ្យវិស័យអចលនទ្រព្យនៅតែបន្តភាពរីកចម្រើនប្រកបដោយចីរភាព៕

ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments