ស្ថិតនៅលើបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី កែងនឹងផ្លូវ ១០០៣ ខណ្ឌសែនសុខ យើងឃើញការដ្ឋាន សាងសង់ហុំព័ន្ធស័ង្កសីមួយដែលមានក្រុមកម្មករ និងវិស្វករសំណង់កំពុងបំពេញកិច្ចការយ៉ាង សកម្ម។ ការដ្ឋានសាងសង់នោះជាទីតាំងផ្សារទំនើបបោះដុំដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ផ្សារនោះមានឈ្មោះថា Makro ។
យោងតាមគេហទំព័រព័ត៌មានអ៊នឡាញ Cambonomis បានឲ្យដឹងថាផ្សារទំនើប Makro សាងសង់នៅលើផ្ទៃដីទំហំប្រមាណជាង៥ហិកតាដែលមានកម្ពស់២ជាន់ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅក្បែរផ្សារទំនើបអ៊ីអន២របស់ជប៉ុន។
ផ្សារទំនើបលក់បោះដុំទំនិញដ៏ធំមួយនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដែលកាន់កាប់ភាគហ៊ុនចំនួន៣០ភាគរយ និងក្រុមហ៊ុនស៊ី.ភី. គ្រុបកាន់កាប់ភាគហ៊ុន ចំនួន៧០ភាគរយ។ សម្រាប់ផ្សារទំនើបមួយនេះអាចនឹងត្រូវការបុគ្គលិកជាង២០០នាក់សម្រាប់ បម្រើការងារនៅក្នុងផ្សារទំនើបលក់ទំនិញបោះដុំដ៏ធំមួយនេះ។
តាមរយៈសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថានៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា “ការបង្កើតផ្សារទំនើបក៏ស្ថិតនៅក្នុងគម្រោងរដ្ឋាភិបាលផងដែរ។ ជាការប្រសើរនៅពេលដែលយើងមានផ្សារទំនើបបោះដុំដូចនេះដែលធ្វើឲ្យតម្លៃលក់មិនមានការប្រែប្រួលចុះឡើងខ្លាំង មិនជួបអតិផរណា ឬមានតម្លៃ មួយលក់ច្បាស់លាស់។”
ផ្សារ Makro នឹងក្លាយជាផ្សារទំនើបបោះដុំនិងជាឃ្លាំងស្តុកដ៏ធំបំផុតដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សារមួយនេះនឹងធ្វើការនាំចូលទំនិញជាច្រើនប្រភេទមកពីប្រទេសថៃដោយផ្ទាល់ដើម្បីយកមកលក់បោះដុំនៅក្នុងប្រទេសកម្ពុជា។
យើងឃើញថាគម្រោងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនបានបោះជំហានចូលមកកាន់កម្ពុជាតួយ៉ាងគម្រោងផ្សារទំនើបធំៗចំនួន២មកពីប្រទេសថៃ ដូចបានរៀបរាប់ខាងដើមផ្សារទំនិញលក់ដុំ Markro និងផ្សារទំនិញលក់រាយមកពីប្រទេសថៃដែលជាការវិនិយោគរបស់ក្រុមហ៊ុនស៊ិនត្រាល់គ្រុបដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបធំបំផុតនៅប្រទេសថៃ៕
តាមដានព័ត៌មានគម្រោងអភិវឌ្ឍន៍ជាច្រើនតាមរយៈ Realestate.com.kh
Comments