កាលពីប៉ុន្មានខែមុននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានធ្វើការសម្ភោធស្ពានមិត្តភាពកម្ពុជា-ថៃ ( ស្ទឹងបត់-បានណងអៀង) និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ដែលប្រព្រឹត្តឡើងនៅឯព្រំប្រទល់កម្ពុជា-ថៃ។
ចំពោះស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក វាមានលក្ខណៈពិសេសត្រង់ថាអ្នកដំណើរអាចធ្វើដំណើរពីកម្ពុជាឆ្លងទៅកាន់ប្រទេសថៃផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ខ្សែរថភ្លើងនេះក៏មានរត់ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងសហគមន៍អាស៊ានផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគផ្លូវដែករបស់រដ្ឋាភិបាលប្រទេសថៃបានបង្ហើបពីថ្ងៃចាប់ផ្តើមដំណើរការជាផ្លូវការនៃស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ពោលគឺស្ថានីយនេះនឹងចាប់បម្រើសេវារថភ្លើងជាប្រចាំចាប់ពីថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ។
តាមការបញ្ជាក់ពីលោក Worawut Mala អ្នកគ្រប់គ្រងស្តីទីនៃក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសថៃ បាននិយាយទៅកាន់កាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃថា ស្ថានីយនេះនឹងមានការដាក់ឲ្យដំណើររថភ្លើងចំនួន ៤ ដងក្នុងមួយថ្ងៃ។
ចំពោះកាលវិភាគនៃការធ្វើដំណើរវិញ មានម៉ោងដូចខាងក្រោម៖
១. រថភ្លើងដឹកអ្នកដំណើរធម្មតាលេខ ២៧៥ នឹងចាប់ផ្តើមចេញដំណើរពីទីក្រុងបាងកកទៅតំបន់ Aranyaprathet និង Klong Luk នៅម៉ោង ៥ និង ៥៥នាទី ហើយមកដល់ស្ថានីយនៅម៉ោង ១១ ព្រឹក។
២. រថភ្លើងដឹកអ្នកដំណើរធម្មតាលេខ ២៧៩ នឹងធ្វើប្រតិបត្តិការនៅលើផ្លូវតែមួយដោយចាកចេញពីទីក្រុងបាងកកនៅម៉ោង ១ និង ៥ នាទីទៅដល់ព្រំដែននៅម៉ោង ៥ និង ២៧ ល្ងាច។
៣. សម្រាប់ជើងរថភ្លើងត្រឡប់មកវិញ រថភ្លើងដឹកអ្នកដំណើរធម្មតាលេខ ២៨០ នឹងចាកចេញពីស្ថានីយ៍ក្លុងលឹក (ផ្សាររុងក្លឺ) នៅម៉ោង ៦ និង៥៨ នាទីព្រឹក ហើយមកដល់ក្រុងបាងកកនាម៉ោង ១២ និង៥ នាទីយប់។
៤. រថភ្លើងដឹកអ្នកដំណើរធម្មតាលេខ ២៧៦ នឹងចាកចេញពីស្ថានីយព្រំដែននៅម៉ោង ១ និង៥៣ រសៀលមកដល់បាងកកនៅម៉ោង ៧ និង៤០ យប់។
ចំពោះតម្លៃនៃការធ្វើដំណើរវិញ តាមប្រភពដដែលបានឱ្យដឹងថា ថ្លៃសំបុត្ររថភ្លើងរវាងទីក្រុងបាងកក និងស្ថានីយក្លុងលឹក នឹងមានតម្លៃ ៤៩ បាត (ប្រហែលជា ៦,០០០ រៀល) ក្នុងការធ្វើដំណើរមួយជើង។
គួរបញ្ជាក់ផងដែរថា សេវាកម្មផ្លូវដែកឆ្លងប្រទេសថ្មីនេះនឹងអាចជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរក៏ដូចជាភ្ញៀវទេសចរកម្ពុជា ថៃ និងបរទេសដែលចង់ឆ្លងកាត់ព្រំដែនប្រទេសទាំង២។ ដោយការធ្វើដំណើរនេះទៀតសោត ក៏ផ្តល់បទពិសោធន៍យ៉ាងល្អ និងអាចនាំចំណូលមកកាន់ប្រទេសទាំង២បានមួយចំនែកផងដែរ៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅសៀមរាបនៅថ្ងៃនេះ។ លោកអ្នកអាចទាញយកសៀវភៅណែនាំអំពីការវិនិយោគនៅកម្ពុជាបាននៅពេលនេះ!
Comments