+85561 777 090
Logo
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
Updated on: May 29, 2022, 4:17 a.m.
Published on: March 14, 2019, 8:36 a.m.

ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​


(រូបភាពតំណាង)

«គម្រោង​ទ្រង់ទ្រាយ​តូចសន្តិសុខ​មនុស្សជាតិ» របស់រដ្ឋាភិបាល​ជប៉ុនបាន​ផ្ដល់​ជំនួយ​ឥតសំណង​ក្នុងទំហំ​ទឹកប្រាក់​ជិត២៧​ម៉ឺន​ដុល្លារសម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រនៅ​ខេត្តឧ​ត្ត​រ​មានជ័យ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត បាត់ដំបង និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​សិក្សានៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគខេត្ត​បាត់ដំបង ។

ការ​ផ្ដល់​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នេះធ្វើឡើង​នា​រសៀល​ថ្ងៃទី១៣ ខែមីនា​ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ដោយ ឯកឧត្ដម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​កម្ពុជា និង​តំណាង​ទទួល​ជំនួយ​ទាំង៣​របស់​កម្ពុជា​។​

អានអត្ថបទបន្ថែមអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!

​ឯកឧត្ដម ​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា បាន​បញ្ជាក់​ថារដ្ឋាភិបាល​ជប៉ុនផ្ដល់ជំនួយ​ជិត៩​ម៉ឺន​ដុល្លារ​ដ​ដល់​ប្រធាន​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រទំនប់​អូរ​ស្នូក មាន​ប្រ​វែង ១០៥០ ម៉ែត្រ ដែលមាន​ទីតាំង​ក្នុង ក្រុង សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន ប្រមាណ១៣០០នាក់​អាច​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​មាន​ស្ថេរភាព និង​អាច​បង្កើន​ផ្ទៃដី​កសិកម្ម​ផងដែរ​ ។​

សម្រាប់​គម្រោង​ទី២មាន​ថវិកាជិត៩​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ បឹង​ខ្ទុំ ប្រវែង​១៦៥០ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាច្រើន ​រយ​នាក់​ក្នុង​ការងារ​កសិកម្មជាពិសេស​ដំណាំ​ស្រូវសែន​ក្រអូប​។​

គម្រោង​ទី​៣មាន​ថវិកា​ជាង៨​ម៉ឺន៥​ពាន់​ដុល្លារ ដោយ​គម្រោង​មួយ​នេះ​ជួយ​ដល់ការពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​តម្លើង​សម្ភារៈ​ បណ្ដុះបណ្ដាល ​ក្នុង​វិទ្យាស្ថាន​ ពហុបច្ចេកទេស​ភូមិភាគ​ខេត្តបាត់ដំបង ។​

គួរបញ្ជាក់ផងដែរថាជំនួយឥតសំណង​ទាំង៣​គម្រោង​ខាងលើនេះគឺ​ស្ថិតក្រោមជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​ គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិដែល​ជប៉ុនជួយ​ដល់​កម្ពុជា​ ​តាំងពី​ឆ្នាំ ១៩៩១មកម្ល៉េះ ៕

ប្រភពពី៖ ទូរទស្សន៍បាយ័ន

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments