សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីម្សិលមិញនេះបានរាយការណ៍មកថាក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC នឹងវិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាមដើម្បីនាំទៅលក់នៅ អាមេរិកខាងជើង និងទីផ្សារអឺរ៉ុបលើទុនចំណាយប្រមាណ ១៧០ លានដុល្លារ ។
ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង វៀតណាម ទើបតែមានការចុះកិច្ចព្រមព្រៀងទិញយន្ដហោះ១១០គ្រឿងពីអាមេរិកដែលមានតម្លៃ១៥ពាន់លានដុល្លារអាមេរិក ។
ប្រភពព័ត៌មានបានឲ្យដឹងថានេះជារោងចក្រផលិតគ្រឿងបង្គុំយន្ដហោះទី២ ហើយដែលនឹងមាននៅវៀតណាមខណៈដែលរោងចក្រទី១ទើបតែបានសម្ពោធ បើកដំណើរការកាលពីដើមខែធ្នូឆ្នាំ២០១៨ដែលជាការវិនិយោគ របស់ក្រុមហ៊ុនកូរ៉េ ខាងត្បូងជាមួយនឹងដើមទុន២០០លានដុល្លារអាមេរិក ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថារោងចក្រផលិតគ្រឿងយន្ដហោះ ដែលជាការវិនិយោគដោយក្រុមហ៊ុនអាមេរិក UAC នេះអាចផលិតគ្រឿងបង្គុំ យន្ដហោះ ប្រមាណ៤ពាន់ប្រភេទនៃផ្នែកចំនួន ៥លានផ្នែក ដែលប្រើប្រាស់បានគ្រប់ប្រភេទ នៃយន្ដហោះទាំងអស់។ ហើយផលិតផលទាំងនោះនឹងនាំចេញទៅកាន់ទីផ្សារ នៅឯ អាមេរិកខាងជើង និងអឺរ៉ុប ។
រោងចក្រនេះគ្រោងនឹងនាំចេញឲ្យបានក្នុងតម្លៃទឹកប្រាក់២៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នឹងឆ្នាំបន្ទាប់នឹងនាំចេញ៨៥លានដុល្លារអាមេរិកនឹងចាប់ពីឆ្នាំ២០២៦ទៅគ្រោងនឹងនាំចេញឲ្យបានដល់១៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
Comments