(រូបភាពតំណាង)
វៀតណាមបានរើខ្លួនចេញពីឋានៈដែលជាប្រទេសក្រីក្របំផុតមួយក្នុងលោក មកក្លាយជាប្រទេសដែលមានអត្រាការអភិវឌ្ឍខ្លាំងបំផុតមួយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗជាច្រើន។ ទន្ទឹមនឹងនេះរដ្ឋាភិបាលវៀតណាមបានអនុម័តការសិក្សា និងគម្រោងសាងសង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ថ្នល់ ស្ពាន និងអគារជាច្រើនដែលគម្រោងទាំងនេះសុទ្ធតែជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា!
តួយ៉ាង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក វៀង វ៉ាន់ថេ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងគមនាគមន៍វៀតណាមបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយទាក់ទិននឹងការបំលាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងផ្ទៃដីទំហំប្រមាណ៤៨០០ហិចតា(ក្នុងខេត្តចំនួន១៣)ឱ្យទៅរស់នៅកន្លែងផ្សេង (នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន វៀតណាម)។
គោលបំណងនៃការជម្លៀស និងបំលាស់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួននេះ ត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីយកកន្លែងដែលប៉ះពាល់នេះដើម្បីសាងសង់ផ្លូវល្បឿនលឿន (expressway) ដែលលាតសណ្ធឹងពីភាគខាងជើងទៅភាគខាងត្បូង។
គម្រោងនេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបជាង៤០០០គ្រួសារ ដោយក្នុងនោះទាំងសំណងទាំងការចំណាយសាងសង់នឹងធ្វើឡើងអស់ទឹកប្រាក់ប្រមាណ៥៣៣.៨លានដុល្លារ។
ចំណែកឯសំណង់ទៅដល់ប្រជាពលរដ្ឋដែលត្រូវរើលំនៅដ្ឋានរបស់ខ្លួននោះនឹងត្រូវចេញឱ្យមុនពេលត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះចាប់ផ្តើមការដ្ឋានសាងសង់បានកាន់តែលឿន។
គូសបញ្ជាក់ផងដែរថាផលប៉ះពាល់ទៅលើប្រជាជនជាង៤០០០គ្រួសារនេះគឺគ្រាន់តែជំហានដំបូងមួយដែលជាផ្នែកនៃគម្រោងតែប៉ុណ្ណោះ ដោយក្នុងនោះគម្រោងផ្លូវល្បឿនលឿននេះទាំងមូលនឹងមានសរុប១១កំណាត់ ដែលនឹងចំនាយទឹកប្រាក់សរុប៥.០៦ពាន់លានដុល្លារ ដោយមានប្រវែងសរុប២០០០គីឡូម៉ែត្រតភ្ជាប់ពីខេត្តណាំដិញ (នៅជិតរដ្ឋធានីហាណូយ) ទៅកាន់ខេត្តវិញឡុង គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥៕
Comments