កំណើននៃការវិនិយោគវិស័យពាណិជ្ជកម្មបែបលក់រាយ និងផ្សារទំនើបកាន់តែមានភាពពេញនិយមខ្លាំងឡើងនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគម្រោងផ្សារទំនើបថ្មីៗ មានយីហោល្បីៗពីអន្តរជាតិ ប្រកាសបើកដំណើរការជាបន្តបន្ទាប់នៅទីផ្សារប្រទេសកម្ពុជា។
បច្ចុបប្បន្ននេះ ផ្សារទំនើបថ្មីមួយឈ្មោះថា WB Arena ជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយនៅក្នុង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់នៅក្នុងសង្កាត់ចាក់អង្រែក្រោម តាមបណ្តោយមាត់ទន្លេបាសាក់ ដែលទីតាំងនេះស្ថិតនៅជិតផ្លូវជាតិលេខ២ និងផ្លូវ ៦០ ម៉ែត្រ។
គម្រោងផ្សារទំនើប WB Arena នេះនឹងសាងសង់ឡើងតាមរចនាបទរួមបញ្ចូលគ្នាបែបខ្មែរ និងអន្តរជាតិដោយមានការសហការគ្នារវាងអ្នកជំនាញឯកទេសក្នុងស្រុក និងបរទេស។ លោក Tan Teck Kee និងក្រុមហ៊ុន WorldBridge Group បានដឹកនាំលើដំណើរការអភិវឌ្ឍន៍នេះតាំងដំណាក់កាលនៃការបង្កើតគំនិតដំបូងបង្អស់មក។
ផ្សារទំនើប WB Arena នេះមានគោលដៅទាក់ទាញយកទាំង អតិថិនជនក្នុងស្រុក និងភ្ញៀវទេសចរ ហើយផ្សារទំនើបនេះមានការផ្តល់ជូនសេវាកម្ម និងទំនិញជាច្រើនប្រភេទដែលរួមានដូចជា៖ ហាងទំនិញ កន្លែងកំសាន្ត កន្លែងសម្រាកលំហែកាយ និងហាងអាហារ & ភេសជ្ជៈនៅក្នុងតាមអគារនីមួយៗ។
បច្ចុប្បន្នគេអាចធ្វើដំណើរដោយងាយស្រួលតាមទន្លេបាសាក់ទៅដល់ទីតាំងនៃគម្រោងផ្សារ WB Arena នេះតាមរយៈការជិះទូក។ តាក់ស៊ីទឹកទូកលក្ខណៈឯកជន និងទូកទេចរណ៍អាចដឹកអ្នកទេសចរទៅនិងមកផ្សារទំនើប WB Arena បានយ៉ាងឆាប់រហ័ស។ លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការរគម្រោងផ្សារ WB Arena បាននិយាយថា "ភ្ញៀវទេសចរដែលមានមកដល់នឹងទទួលបានភាពរីករាយជាមួយទេសភាពមាត់ទន្លេអម ជាមួយទេសភាពដ៏ស្រស់ស្អាតនៃដើមត្នោតដែលបានដាំជាជួរនៅលើផ្លូវដើរតាមមាត់ទន្លេ។ ផ្លូវដើរមមាត់ទន្លេនេះមានបណ្តោយ ១០០ម៉ែត្រ និងទទឹងជាង ២៥ ម៉ែត្រ។"
លោក Simon បានបន្ថែមថា បរិយាកាសមាត់ទន្លេដ៏ស្រស់ត្រកាលនេះផ្តល់ជូននូវខ្យល់ត្រជាក់ ស្រស់ស្រាយពីដងទន្លេ។ ផ្សារទំនើប WB Arena ផ្តល់ជូនភ្ញៀវនូវជម្រើសនៃការញ៉ាំអាហារនៅតាមដងទន្លេ ឬគ្រាន់តែសម្រាកលំហែកាយ ដោយរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយបែបធម្មជាតិដែលមានដើមឈើ សួនច្បារ និងឆាកតន្រ្តីដែលមានការសម្តែងផ្សេងៗ។
នៅចំកណ្តាលនៃផ្សារ WB Arena មានឆាកសម្តែង ដែលមាន៤០០កៅអីនឹងមានផ្តល់ជូននូវការសម្តែងរៀងរាល់យប់ដោយមានការបង្ហាញវប្បធម៌-អរិយធម៌ ការសម្តែងសៀករហ័សកម្ម ការប្រគុំតន្រ្តី ការសម្តែងពិសេសលក្ខណៈអន្ដរជាតិ និងកម្មវិធីប្រកួត ប្រដាល់ក្បាច់ គុណខ្មែរដ៏មានប្រជាប្រិយភាពជាដើម។
កាន់តែសំខាន់ទៀតនោះ គឺជាផ្សារលក់ទំនិញ ដែលមានស្តង់លក់ចំនួន ៩០ តូប ដែលផ្តល់ជូន នូវជម្រើសនៃមុខទំនិញជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអលង្ការ និងផលិតផលធ្វើដោយដៃ ផលិផលកែសម្ផស្សជាដើម។ លោក Griffiths បានបញ្ជាក់ថាភ្ញៀវទេសចរអាចរីករាយជាមួយការទិញទំនិញដែលដាក់លក់នៅតាមតូបនីមួយៗនៅតាមច្រករបៀង និងតាមផ្លូវដើរនៅក្នុងផ្សារ" ។
នៅលើផ្លូវដើរ ១០០ ម៉ែត្រ តាមមាត់ទន្លេគឺមានតូប៧កន្លែងរួមមាន៖ ហាងលក់អាហារលឿន (fast food) ហាងកាហ្វេ ហាងការ៉េម និងហាងនំដែលអ្នកទេសចរអាចញ៉ាំ និងផឹកភេសជ្ជៈផ្សេងៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយភាពរីករាយ។ ចំណែកការញាំុអាហារតាមមាត់ទន្លេ គេអាចជ្រើសរើសបានជាមួយជម្រើសនៃអាហារជាច្រើនប្រភេទរួមមាន៖ អាហារបែបចិន ខ្មែរ អ៊ឺរ៉ុប ជប៉ុន វៀតណាម និងថៃ ដែលអាចញាំុជាមួយបរិយាកាសមាត់ទន្លេ ឬនៅក្នុងហាងក៏បាន។
លោក Griffiths លើកឡើងថា «ផ្សារ WB Arena ប្រមូលផ្តុំនូវហាងល្បីៗពេញនិយមបំផុត ព្រមទាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងស្រុក»។ ផ្សារ WB Arena ក៏មានកន្លែងហាត់ប្រាណ សម្រាប់ភ្ញៀវ បន្ទាប់ពីរវល់នឹងការងារពេញមួយថ្ងៃ។
លក្ខណៈពិសេសមួយទៀតរបស់ ផ្សារ WB Arena គឺការយកចិត្តទុកដាក់ទៅលើការកំសាន្ដរបស់កុមារដែលគម្រោងនេះបានធ្វើជាកន្លែងលេងសម្រាប់ក្មេងជាមួយនឹងល្បែងកំសាន្តថ្មីៗសម្រាប់កុមារ។ផ្សារទំនើប WB Arena បានចាប់ផ្តើមជួលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានអ្នកជួល១២នាក់ អ្នកកក់ ៣៨% នៅក្នុងខែដំបូង។
Comments