ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៧% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ជាក់ស្តែង ធនាគារពិភពលោកបានលើកឡើងថា កម្ពុជាមានកំណើនដល់ទៅ ៧.៥% ក្នុងឆ្នាំ ២០១៨ និងថយចុះក្រោម ៧% នៅឆ្នាំ ២០១៩ នេះ។
ជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យក៏ត្រូវបានគេមើលឃើញថាកំពុងតែរីកចម្រើនខ្លាំងក្នុង រយៈពេលមួយទសវត្សរ៍ចុងក្រោយ។ វិស័យដីធ្លីជាផ្នែកមួយដែលទទួលបានការអភិវឌ្ឍនច្រើនពី វិនិយោគិនជាតិ និងអន្តរជាតិ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក។ ក្នុងនោះការអភិវឌ្ឍដ៏ឡូត៍បានកំពុងតែមានសន្ទុះខ្លាំងនៅគ្រប់ទីកន្លែងក្នុងប្រទេស កម្ពុជា។
តើការវិនិយោគលើគម្រោងដីឡូត៍នេះបានផ្តល់ផលចំណេញចំណេញដូចម្តេចដល់វិស័យអចលនទ្រព្យ? ប៉ុន្តែវាអាចមានផលអវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍វិស័យនេះដែរឬទេ?
បើមើលលើទិដ្ឋភាពជាក់ស្តែង គម្រោងដីឡូតិ៍បានផ្តល់ផលវិជ្ជមានដូចជា៖
ជំរុញសកម្មភាពសេដ្ឋកិច្ច
យើងសង្កេតឃើញថាគម្រោងដីឡូត៍ជាច្រើនមាននៅតំបន់ជាយក្រុង ហើយការវិនិយោគលើគម្រោងអភិវឌ្ឍន៍ដីឡូតិ៍នេះបានចាប់យកអតិថិជនក្នុងស្រុក ដែលមានបំណងចង់បានដីមួយ កន្លែងសម្រាប់សាងសង់គេហដ្ឋានមួយ និងធ្វើអាជីវកម្មនៅតំបន់នោះ។ ដូច្នេះ វាជំរុញឲ្យមានការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតំបន់ដែលមានដីឡូតិ៍ផងដែរ។
ឱកាសវិនិយោគរបស់អ្នកចំណូលទាប
អ្នកចំណូលទាបមិនមានទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយ ការវិនិយោគដីធ្លី (ដីដែលមានភាពស្របច្បាប់)។ ការអភិវឌ្ឍដីឡូតិ៍ជាឱកាសល្អសម្រាប់អ្នក ចំណូលទាប ក្នុងការវិនិយោគបើទោះបីជាតំបន់ដីឡូតិ៍ស្ថិតនៅតំបន់ឆ្ងាយពីទីក្រុងបន្តិចក្តី។ ដោយសម្លឹងឃើញផលចំណេញនៃការវិនិយោគ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ល្មមអាចនឹងវិនិយោគបាននាំគ្នាសំរុកទិញដី ដែលជាហេតុធ្វើឲ្យតម្រូវការកើនឡើង ហើយវាក៏ជំរុញដល់ដល់តម្លៃអចលនទ្រព្យនៅតំបន់នោះផងដែរ។ ហេតុអ្វីទិញដីនៅជិតរោងចក្រ?
ធ្វើឲ្យទីក្រុងរីកធំឆាប់រហ័ស
ការអភិវឌ្ឍដីឡូតិ៍មានលក្ខណៈពិសេសមួយត្រង់ថា វាបានតភ្ជាប់តំបន់ជាយក្រុងទៅនឹងតំបន់ក្រុង និងបានប្រែក្លាយតំបន់ស្ងប់ស្ងាត់ឲ្យប្រែក្លាយជាតំបន់មានសក្ដានុពល។ បច្ចុប្បន្នទីក្រុងភ្នំពេញត្រូវបានពង្រីកកាន់តែធំជាមុន ក្នុងនោះវត្តមានគម្រោងដីឡូតិ៍នេះឯងដែលបានទាញយកប្រជាជនកាន់តែច្រើនឡើងឲ្យទៅតាំងទីលំនៅ និងសាងសង់លំនៅដ្ឋាននៅតាម ជាយក្រុង ពោលគឺទីក្រុងរីកទៅគ្រប់ទិស ពិសេសប៉ែកខាងលិច និងខាងត្បូងនៃទីក្រុង។
បើទោះបីជាយ៉ាងណាស្របពេលដែលវិស័យដីធ្លីកំពុងរីកចម្រើនបញ្ហាមួយចំនួនត្រូវបានគេមើលឃើញថាកំពុងកើតឡើង ដែលបានបង្ករការរាំងស្ទះដល់វិស័យទាំងមូល។ ការអភិវឌ្ឍន៍ដីឡូតិ៍បានផ្តល់ផលអវិជ្ជមានមួយចំនួនដូចជា៖
ការឆបោក
ស្របនឹងកំណើននៃការអភិវឌ្ឍ និងតម្រូវការទិញពីប្រជាពលរដ្ឋខ្មែរ ជនទុច្ចរិតមួយចំនួនបានឆបោក ឬកេងប្រវ័ញ្ចអតិថិជនក្នុងរូបភាពផ្សេងៗគ្នាដូចជា៖ ការលក់ដីឡូតិ៍ខ្យល់ ប្លង់រឹងក្លែងក្លាយ ដីមានវិវាទ ម្ចាស់ក្លែងក្លាយ និងការបង់ប្រាក់មុនគម្រោងជាដើម។ ថ្មីៗនេះក្រសួងបានចេញសេចក្តីប្រកាសណែនាំអ្នកទិញដី និងផ្ទះកុំឲ្យចាញ់បោកគេ!
កត្តារាំងស្ទះដល់ការអភិវឌ្ឍក្រុងអនាគត
ជាក់ស្តែងយើងឃើញថា ការអភិវឌ្ឍដីឡូតិ៍ច្រើនតែមាននៅតំបន់ជាយក្រុង ហើយការពុះដីឡូតិ៍មួយចំនួនពុំបានធ្វើតាមស្តង់ដារត្រឹមត្រូវនោះទេដូចជា៖ ការធ្វើផ្លូវតូចពេក ប្រព័ន្ធលូតូចពេក (ខ្លះមិនមានប្រព័ន្ធលូ) គ្មានប្រពន្ធទឹក និងជាពិសេសគម្រោងមិនបាន កំណត់ឲ្យសាងសង់ផ្ទះប្រភេទណានោះទេ ពោលគឺសាងសង់បែបណាក៏បាន។ ស្វែងយល់ពីច្បាប់នៃការអភិវឌ្ឍដីនៅកម្ពុជា។
អ្នកជំនាញជាច្រើនបានបង្ហាញពីកង្វក់ថា នៅពេលរដ្ឋាភិបាលចង់ប្រែក្លាយតំបន់ទាំងនេះទៅជាតំបន់លំនៅដ្ឋានស្អាត និងមានសណ្ដាប់ធ្នាប់នៅពេលអនាគត នោះរដ្ឋាភិបាលនឹងប្រឈមមុខនឹងបញ្ហា។ លើសពីនេះទៀតពួកគេព្រមានថាតំបន់ដីឡូតិ៍អាចក្លាយតំបន់លំនៅដ្ឋានអនាធិបតេយ្យ និងរហូតដល់អ្នកជំនាញមួយចំនួនប្រើពាក្យថាវាជា “មហារីកអចលនទ្រព្យ” ទៀតផង៕
ស្វែងរកព័ត៌មានថ្មីៗអំពីវស័យអចលនទ្រព្យ ឬចង់វិនិយោគដីធ្លី ផ្ទះក្នុងបុរី ឬខុនដូនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
Comments