យោងតាមប្រកាសស្តីពី «បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន» ចុះថ្ងៃទី0៦ ខែធ្នូ ក្រសួងបានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងលើកតម្លៃសេដ្ឋកិច្ចនៃសំណង់ ។
ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅបានចេញសេចក្តីប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ។
តាមរយៈសេចក្តីប្រកាសនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញម្ចាស់អគាររោងចក្រ ឬឃ្លាំងដូចមានចែងក្នុងកម្មវត្ថុខាងលើទៅដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់ដើម្បីក្រុមការងារជួយពិនិត្យ និងចាត់ចែងជូន ។
សូមបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យម្ចាស់សំណង់ទាំងអស់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បីគ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និងការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន ៕
Comments