+85561 777 090
Logo
កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម
Updated on: June 6, 2022, 7:39 p.m.
Published on: December 8, 2016, 3:31 p.m.
Realestate News

កិច្ចសន្ទនាអំពីស្រ្តីនិងការងារនៅក្នុងវិស័យស្ថាបត្យកម្ម


ក្នុងវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើងឃើញថាយុវជនសម័យថ្មីបានខិតខំប្រឹងប្រែង​ច្នៃបង្កើតស្នាដៃរបស់ខ្លួនយ៉ាងខ្លាំង។ ជាក់ស្តែងការប្រកួតប្រជែងក្នុងវិស័យនេះក៏មានភាពស្វិតស្វាញ​ជាង​មុនផងដែរ។ ក្រលេកមើលធនធានមនុស្សនៅក្នុងវិស័យស្ថាបត្យកម្មសព្វថ្ងៃវិញយើងឃើញថា​ស្រ្តីក៏បានរួមចំណែកក្នុងការងារនេះផងដែរ។ ខាងក្រោមនេះជាមតិយោបល់របស់ស្រ្តីដែលធ្វើការពាក់ព័ន្ធនៅក្នុងវិស័យស្ថាបត្យកម្ម។

Realestate.com.kh  បានជជែកជាមួយស្រ្តីទំាង៣នាក់ដែលស្ថិតនៅក្នុងវិស័យស្ថាបត្យកម្ម ពួក​គាត់​នឹងចូលខ្លួនមកចែករំលែកបទពិសោធន៍ផ្ទាល់នៅក្នុងវិស័យនេះតែម្តង៖ កញ្ញា សូ សុផា អតីតនិសិត្សនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ សព្វថ្ងៃជាបុគ្គលិកផ្នែកស្ថាបត្យករនៅក្នុងក្រុមហ៊ុន Archetype Group  កញ្ញា ទេព សុធី និសិត្សឆ្នំាទី៥ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ និងកញ្ញា ទ្រី លីដា បុគ្គលិកផ្នែករចនា និងស្ថាប្យតកម្មនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Design

រៀបរាប់ត្រួសៗអំពីជីវប្រវត្តិរបស់អ្នក! ហេតុអ្វីអ្នកសម្រេចចិត្តឈានជើងចូលក្នុងវិស័យស្ថាបត្យកម្ម?

សុផា៖ ការពីជំនាន់នៅរៀនត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលាពេលខ្លះត្រូវ​ចំណាយ​ពេល​រហូតទល់ភ្លឺក៏មាន។ ប្រាកដណាស់ការងារស្ថាបត្យកម្មត្រូវចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើនដោយហេតុតែចិត្តស្រលាញ់ការងារច្នៃប្រឌិតទើបបានជាខ្ញុំមិនរុញរានឹងការឈាន​ជើង​ចូល​វិស័យ​ស្ថាបត្យកម្មមួយនេះ។

សុធី៖ កាលពីឆ្នំា២០១២ទើបតែប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់យុវនារីពួកគាត់តែងតែជ្រើសរើសមុខវិជ្ជាគណនេយ្យ  ធនាគារ ហិរញ្ញវត្ថុ ឧសថស្ថាន ហើយមិត្តភក្តិរបស់ខ្ញុំភាគច្រើនជ្រើសរើសមុខវិជ្ជាទំាងអស់នេះ។  ទីបំផុតខ្ញុំបានជ្រើសរើសមុខវិជ្ជាស្ថាបត្យកម្មដែលគ្រប់គ្នាគិតថាជាជំនាញរបស់បុរសហើយពុំមានទីផ្សារការងារច្រើននោះទេ ប៉ុន្តែវាជាការងារច្នៃប្រឌិតដែលខ្ញុំចូលចិត្តបំផុតដូច្នេះ​ស្ថាបត្យកម្មវាសាកសម្យនឹងខ្ញុំបំផុត។​

លីដា៖ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះពីព្រោះកាលពីតូចខ្ញុំចូលចិត្តគូររូប និងប្រើប្រាស់ការស្រមើស្រមៃរបស់ខ្ញុំជាមួយនឹងមនុស្សជុំវិញខ្លួន។ ខ្ញុំចូលចិត្តការងារបែបសិល្បៈនិងការរចនាបែបច្នៃប្រឌិតវាអាចនិយាយបានថាខ្ញុំចង់ឲ្យការស្រមើស្រមៃរបស់ខ្ញុំក្លាយជាការពិតហើយខ្ញុំចង់បង្កើតអ្វីដែលថ្មីៗ។

តើស្ថាបត្យករណាម្នាក់ដែលអ្នកចូលចិត្ត? តើស្ថាបត្យកម្មប្រភេទណាដែលអ្នកចូលចិត្ត?

សុផា៖ អ្នកស្រី Zaha Hadid ជាស្ថាបត្យករស្រ្តីដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយខ្ញុំចូលចិត្តស្នាដៃរបស់គាត់មានដូចជា៖ Galaxy Soho Beijing និងគម្រោងនៅក្នុងប្រទេសកម្ពុជា​យើងផងដែរ​នោះគឺមជ្ឈមណ្ឌលស្លឹករឹត។  ប្រភេទស្ថាបត្យកម្មបែបបៃតងធម្មជាតិជាប្រភេទស្ថាបត្យកម្មដែលខ្ញុំចូលចិត្តបំផុតវាផ្តល់នូវភាពស្រស់ស្រាយ និងបរិស្ថានធម្មជាតិយ៉ាងពិតប្រាកដ។

សុធី៖ លោក  Tadao Ando ដែលជាស្ថាបត្យករជប៉ុនដែលមានបែបផែនស្ថាបត្យកម្មជាមួយព​​ន្លឺ និង​ប៉េ​តុង​វាជាស្នាដៃដែលប្រកបដោយភាពសិល្បៈបែបស្រទន់ ហើយស្នាដៃដែលខ្ញុំចូលចិត្តបំផុតនោះ​មាន​ដូចជា៖ ព្រះវិហារ The Church of the Light និងមជ្ឈមណ្ឌលសិល្បៈ The Pulitzer Foundation for the Arts ។សំណង់ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តមានដូចជា៖ សំណង់ប្រាសាទតាព្រហ្ម សំណង់សម័យទំនើបអំឡុងទស្សវត្សរិ៍ទី៦០ សំណង់អគារសម័យ​អា​ណា​និគម​បារំាងសំណង់ពហុកីឡាដ្ឋានជាតិអ៊ូឡំាពិក និងផ្ទះឬស្សីនៅតាខ្មៅ​ដែលសាងសង់ឡើង​នៅ​ឆ្នំា​២០១៥។

លីដា៖ ស្ថាបត្យករដែលខ្ញុំចូលចិត្ត និងយកជាគំរូមានដូចជា៖ លោក Jean Nouvel Jean Nouvel ជាស្ថាបត្យករជនជាតិបារំា និងលោក វណ្ណ ម៉ូលីវណ្ណ ជាបិតាស្ថាបនិកស្ថាបត្យកម្មខ្មែរសម័យទំនើប។ ស្ថាបត្យកម្មដែលខ្ញុំចូលចិត្តគឺស្តាតអូឡាំពិកដែលស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ព្រោះរាល់សំណង់របស់គាត់ជាសំណង់ដែលមានការ រចនាស្រស់ស្អាតមានការរួមបញ្ចូលជាមួយរចនាបថខ្មែរ ការយកធម្មជាតិមកបំលែងដែលមានបរិយាកាសខ្យល់ចេញចូល ពន្លឺនៅក្នុងអគារបានល្អ យើងអាចទទួលអារម្មណ៏ថាមានផាសុកភាព។

តើមានភាពលំបាក និងមានភាពរីករាយក្នុងវិស័យស្ថាបត្យកម្មដូចម្តេចដែរ?

សុផា៖ ប្រាកដណាស់ការងារនេះវាពិតជាលំបាកនិងចំណាយពេលវេលាយ៉ាងច្រើន ប៉ុន្តែខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តនៅពេលដែលខ្ញុំបានច្នៃបង្កើតអ្វីដែលថ្មីជាពិសេសនៅពេលដែលអតិថិជនពេញចិត្តនឹងស្នាដៃ​របស់ខ្ញុំ ទំាងនេះបានបញ្ជាក់ថាខ្ញុំបានធ្វើឲ្យពួកគាត់រស់នៅក្នុងបរិបទប្រកបដោយស្តង់ដារសមរម្យ។ ភាគច្រើនការងារមួយនេះត្រូវបានគេសន្មត់ថាជាការងាររបស់មនុស្សប្រុស ហើយកម្រមានម​នុស្សស្រីចូលធ្វើការក្នុងវិស័យនេះណាស់ ប៉ុន្តែបច្ចុប្បន្នវាដូចជារឿងធម្មតានៅពេលដែលមនុស្សស្រីចូលធ្វើការក្នុងការ ងារស្ថាបត្យកម្ម។  ជាក់ស្តែងខ្ញុំមិនដែលមានការរើសអើងអ្វីទាល់តែសោះនៅពេលដែលខ្ញុំធ្វើការងារនេះ។

សុធី៖ នៅពេលរៀនជំនាញនេះនៅឆ្នំាដំបូងខ្ញុំយល់ឃើញថាស្ថាបត្យកម្មវាពិតជាទាក់ទងនឹងអ្វីគ្រប់បែបយ៉ាងនៅជុំវិញខ្លួនយើង។ មុខវិជ្ជានេះត្រូវចំណាយពេលយ៉ាងច្រើនជាមួយគម្រោងសាលា ហើយត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មីៗ ម្យ៉ាងវិញទៀតយើងត្រូវចំណាយពេលយ៉ាងច្រើនចុះទៅការដ្ឋានសាងសង់ដោយផ្ទាល់ នេះជាហេតុ​ផលដែលការងារនេះគេច្រើននិយាយថាជាការងារសម្រាប់បុរស។

ចំណែកឯភាពរីករាយនៅក្នុងការរៀនជំនាញក៏ដូចជាការងារផ្នែកស្ថាបត្យកម្មវិញ វាពិតជាផ្តល់ឲ្យខ្ញុំនូវគំនិតច្នៃប្រឌិតនិងទូលាយជាងមុន។ ម្យ៉ាងទៀតការងារនេះវាជាការងារប្រមូលផ្តុំដោយបែបផែន​សិល្បៈ រសនិយម បច្ចេកទេសទំនើប ជាពិសេសការបញ្ចូលគ្នារវាងវប្បធម៌ចម្រុះ។ បច្ចុប្បន្នឆ្នំាសិក្សាទី ៥នេះខ្ញុំបានសិក្សាអំពីការរៀបចំនគរូបនីយកម្មកាន់តែធ្វើឲ្យចំណេះដឹងរបស់ខ្ញុំកាន់តែធំទូលាយ និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិស័យមួយនេះ។

លីដា៖ បើយើងនិយាយក្នុងវិស័យស្ថាបត្យកម្មជាដំបូងវាពិតជាលំបាកសម្រាប់នាងខ្ញុំ ប៉ុន្តែក្នុង​នាម​ជាមនុស្ស​ស្រីម្នាក់ដែល​រៀនខាងវិស័យនេះ​ ខ្ញុំអាចនិយាយបានថាទាំង​ការលំបាកនិង​សប្បាយ​វាលាយលំគ្នា​​។ ជាមួយអារម្មណ៍ដែលមិនបានគេងគ្រប់គ្រាន់និងពុំសូវមានពេលជាមួយនឹងគ្រួសារព្រោះត្រូវមានការងារជាច្រើនដែលត្រូវធ្វើ វាមានអារម្មណ៍តាងតឹងបន្តិច។  ស្ថិតក្នុងជំនាញសា្ថបត្យកម្មនេះគឺ​វាតម្រូវឲ្យនាងខ្ញុំត្រូវមានទំនួលខុសត្រូវ​ និងមានការតាំងចិត្តខ្ពស់​ទៅលើការងារ​ថែមទាំងមានជំនឿទុកចិត្តលើខ្លួនឯង​កាន់តែខ្លំាងឡើង។​ ជាការពិតណាស់ប្រសិនបើយើងគ្មានការតាំងចិត្ត និងស្រលាញ់ទៅលើជំនាញមួយនេះទេខ្ញុំជឿថាគឺមិនអាចធ្វើវាបានទេ។ ចំពោះចំណុចនេះដែរអ្វីដែលធ្វើអោយខ្ញុំមានការសប្បាយចិត្តទៅលើជំនាញសា្ថបត្យកម្មមួយនេះ គឺខ្ញុំអាចមានឱកាសបញ្ចេញនូវគំនិតដែលខ្ញុំចង់រចនា ទៅលើសំណង់អ្វីមួយ ហើយវាក៏អាចនឹងក្លាយជាសមទ្ធិផលរបស់ខ្ញុំផ្ទាល់ផងដែរ។ ជាពិសេសធ្វើ​ឲ្យ​អតិថិជន​មានភាពរីករាយផងដែរ វាបានផ្តល់អោយខ្ញុំនូវស្នាមញញឹម អនុស្សាវរីយ៍ និងភាពរីករាយជាច្រើនក្នុងការងារមួយនេះ។ ខ្ញុំបានស្គាល់នូវមិត្តភាព និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនក្នុងសង្គម។

តើអ្នកធ្លាប់ជួបប្រទះការរើសអើងនៅក្នុងវិស័យមួយនេះដែរឬទេ? ប្រសិនបើជួបតើអ្នកដោះស្រាយ បញ្ហានេះយ៉ាងដូចម្តេច?

សុផា៖ ខ្ញុំមិនដែលជួបនឹងការរើសអើងអ្វីឡើងនៅក្នុងវិស័យនេះក៏ដូចជានៅកន្លែងការងារ។

សុធី៖ ចំណែកឯការរើសអើងភេទក្នុងវិស័យមួយនេះភាគច្រើនបានចេញមកពីមជ្ឈដ្ឋានខាងក្រៅដោយពួក​គេនៅតែមានផ្នត់គំនិតមួយគិតថាការងារនេះគឺសម្រាប់តែបុរស។ សម្រាប់នៅក្នុងមជ្ឈដ្ឋានការងារ នេះវិញវានៅតែមានមតិតូចមួយនៅតែគិតថាស្រ្តីមិនអាចធ្វើការងារបែបនេះទេ ពួកគេគិត​ថា​ការងារនេះត្រូវចុះការដ្ឋានសាងសង់ទំាងថ្ងៃទំាងយប់ដោយផ្ទាល់។ ចំណែកឯ​ស្រ្តីជាភេទទន់ខ្សោយ​មិនសាកសម្យទៅចុះធ្វើការងារបែបនេះទេ សម្រាប់ខ្ញុំវិញការងារនេះជាការងារដោយប្រើប្រាស់គំនិតច្នៃប្រឌិតដូច្នេះវាគ្មានហេតុផលណាដែលស្រ្តីមិនអាចធ្វើការងារនេះបានឡើយ។

លីដា៖ ប្រាកដណាស់ក្នុងជំនាញមួយនេះវាតែងតែមានពាក្យតិចតួចដែលនិយាយពីអសម្ថតភាពជាមួយពាក្យ បង្អាប់ផងដែរប៉ុន្តែចំពោះបទពិសោធន៍ដែលខ្ញុំមាននៅក្នុងវិស័យស្ថាបត្យកម្មមួយនេះគឺមិនដែលជួបនឹងបញ្ហារើសអើងពីសំណាក់អ្នករួមអាជីពដូចគ្នានោះទេ។  ដូចជាសព្វថៃ្ងនេះខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Re-Edge Architecture & Design ​​ មួយនេះគឺមានទាំងបុគ្គលិកប្រុស  បុគ្គលិកស្រី ពួកគាត់មិនដែលមានការរើងអើង ទៅលើពួកខ្ញុំដែរជាបុគ្គលិកស្រីនោះប៉ុន្តែគាត់ថែមទាំងផ្តល់នូវឧកាសទៅលើ ពួកខ្ញុំក្នុងការបញ្ចេញនូវគំនិតក្នុងការរចនា និងធើ្វការងារដែរពួកខ្ញុំពេញចិត្តថែមទាំងមានការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅវិញទៅមក ពីគ្នាថែមទៀតផង ប៉ុន្តែប្រសិនបើខ្ញុំបានជួបប្រទះនូវបញ្ហារើងអើង ពីសំណាក់អ្នករួមអាជីពជាមួយគ្នា ខ្ញុំគិតថាដំណោះស្រាយដំបូងយើងត្រូវធ្វើយ៉ាងណាបង្ហាញនូវ សមត្ថភាពអោយពួកគេ ឃើញថាអ្វីដែលពួកគេធ្វើបាន យើងក៏អាចធ្វើបានហើយធ្វើបានល្អជាងពួកគេថែមទៀតផង។

ប្រសិនបើអ្នកមានគ្រួសារហើយអ្នកចាប់អាជីពជាស្ថាបត្យករវាពិតជាបញ្ហាប្រឈមរវាងអាជីព និងគ្រួសារ តើអ្នកមានវិធីសាស្រ្តយ៉ាងដូចម្តេចដើម្បីសម្របសម្រួលបញ្ហាដែលអាចនឹងកើតមានឡើង?

សុផា៖ ប្រាកដណាស់ការងារប្រភេទនេះវាពិតជាត្រូវចំណាយពេលយ៉ាងច្រើន ហើយការចំណាយពេលជាមួយក្រុមគ្រួសារក៏មានតិចតួចបំផុត។ ដូច្នេះការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារត្រូវតែកំណត់ឲ្យបានច្បាស់លាស់។ ខ្ញុំទទួលស្គាល់ថាវាពិតជាមានការលំបាកក្នុងការរៀបចំពេលវេលាផ្ទាល់ខ្លួនជាមួយនឹងការងារប្រភេទនេះពិតមែន!

សុធី៖ ថ្វីបើខ្ញុំមិនទាន់រៀបការនៅឡើយ ប៉ុន្តែខ្ញុំបានគិតថារឿងនេះត្រូវតែមានការយោគ​យល់គ្នា​ ហើយវាពិតជាត្រូវការការរៀបចំពេលវេលា​ឲ្យបានត្រឹមត្រូវរវាងការងារ និងគ្រួសារ។ យើងត្រូវស្វែងរកពេលវេលាកំសាន្តផ្ទាល់ខ្លួនជាមួយគ្រួសារការចំណាយពេលផ្ទាល់ខ្លួនវាពិតជាមិនអាចខ្វះបាន។

លីដា៖ ខ្ញុំមិនទាន់រៀបការមានគ្រួសារនៅឡើយទេ ប៉ុន្តែខ្ញុំគិតថាបញ្ហានេះត្រូវតែកើតមានឡើងជាមិនខាន ដូច្នេះការបែងចែកពេលវេលាផ្ទាល់ខ្លួនពិតជាសំខាន់ យ៉ាងណាក៏ដោយខ្ញុំនឹងបែងចែកឲ្យច្បាស់នូវពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ និងការងារ។

ស្វែងរកព័ត៌មានសំខាន់ៗតាមរយៈ Realestate.com.kh!

borey-ads-580-x-90-khmer

Comments