ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកការបន្តកំណើនឥណទានដោយមានភាពប្រមូលផ្តុំនៅក្នុងវិស័យអចលនទ្រព្យនិងអាជីវកម្មដែលពាក់ព័ន្ធនៅកម្ពុជា គឺជាហានិភ័យមួយដែលអាចបង្អាក់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមរបាយការណ៍ស្តីពីទស្សនៈវិស័យសេដ្ឋកិច្ចរបស់ ADB ដែលចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុន សេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរទៅមុខហើយត្រូវបានគេរំពឹងថានឹងកើនឡើង ៧ ភាគរយនៅឆ្នាំនេះដោយសារការបន្តរឹងមាំពីវិស័យប្រពៃណីដូចជាវិស័យសម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។
ទោះយ៉ាងណា ADB ក៏បានលើកឡើងពីការពូនគរកំណើនកម្ចីនៅក្នុងវិស័យអចលនទ្រព្យដែលជាហានិភ័យក្នុងស្រុក។ បន្ថែមលើនេះ កំណើនសេដ្ឋកិច្ចអាចនឹងត្រូវបានរំខានប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរទាំងស្រុង ឬផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA)។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ភាពមិនប្រាកដប្រជាកាន់តែកើនឡើងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោកនឹងអាចប៉ះពាល់ដល់វិស័យសេវាកម្មដូចជាទេសចរណ៍កម្ពុជា ដែលត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មផលិតផលនិងសេវាកម្មដែលមានតម្លៃខ្ពស់” ។
អ្នកស្រីថ្លែងថា៖«ដើម្បីបង្ការហានិភ័យ តម្រូវឲ្យកាត់បន្ថយហានិភ័យដែលបានមកពីការផ្តល់ ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពខ្ពស់ដើម្បីប៉ះប៉ូវដល់ការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគ»។
ទោះបីជាបានបង្ហាញក្តីបារម្ភអំពីការពូនគរការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យច្រើនក្តី ADB មិនបានលើកឡើងពីទិន្នន័យជាក់លាក់បង្ហាញនៅក្នុងរបាយការណ៍នេះទេ។
យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើងដល់ ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនាឆ្នាំ ២០១៩ នេះ គឺកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងដំណាច់ខែមិថុនាឆ្នាំមុន។ ទោះជាយ៉ាងណា តួរលេខនេះមិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយអ្នកអភិវឌ្ឍដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ីមិនមែនជាស្ថាប័នតែមួយទេដែលសម្តែងការព្រួយបារម្ភទាក់ទងនឹងកំណើនដ៏លឿនរហ័សពេកនៃកម្ចីក្នុងវិស័យអចលនទ្រព្យ។ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារពិភពលោកនៅកម្ពុជាបានកត់សម្គាល់ពីហានិភ័យនៃការកើនឡើងឥណទានហួសពីតម្រូវការនេះដែរ។
NBC បានចេញសេចក្តីថ្លែងការណ៍មួយកាលពីដើមឆ្នាំនេះដោយបញ្ជាក់ថាកំណើនឥណទាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែខ្ពស់ប្រហែល ៣១ ភាគរយ។
នៅពេលអចលនទ្រព្យកើនឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសិក្ខាសាលាមួយកាលពីដើមឆ្នាំនេះ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកបានមានប្រសាសន៍ថាវិស័យសំណង់ និងអចលនទ្រព្យតែងតែមើលឃើញពីវដ្តនៃការលូតលាស់ និងការធ្លាក់ចុះ។
លោកថ្លែងថា៖«នៅពេលវាឡើងដល់កំពូលវានឹងធ្លាក់ចុះវិញ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពេលវេលានេះនឹងទៅជាយ៉ាងណាទេហើយសម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យ និងសំណង់បាននឹងកំពុងកើនឡើងខ្លាំងដែលធ្វើឱ្យប្រាក់កម្ចីធនាគារមានកាន់តែច្រើន។ ប្រការនេះអាចបង្កជាហានិភ័យ ដូច្នេះការការពារសុខភាពវិស័យហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការការពារបញ្ហាសេដ្ឋកិច្ច»។
លោក ហ៊ឹម សីហា នាយកស្រាវជ្រាវរបស់ VTrust Appraisal បានឲ្យដឹងថា កំណើននៅក្នុងវិស័យអចលនទ្រព្យ និងការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុ តែងកើតឡើងស្របគ្នា ហើយតែងត្រូវការគ្នាទៅវិញទៅមកដើម្បីបន្តរីកចម្រើន។
លោកបញ្ជាក់៖«ភាពបត់បែននៃជម្រើសនៃការទូទាត់ប្រាក់សំណងសម្រាប់កម្ចីគេហដ្ឋានបាន ជំរុញទីផ្សារលំនៅដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។
លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាអចនទ្រព្យ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរ កំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយកំពុងងាកទៅរកបែបបទនៃការរស់នៅថ្មី ដោយគូរស្រករវ័យក្មេងចង់រស់នៅដោយឯករាជ្យពីឳពុកម្តាយ ហើយអាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់ខ្លួន។ កត្តានេះ បានបង្កើនតម្រូវការកម្ចីសម្រាប់វិស័យអចលនទ្រព្យជាបន្តបន្ទាប់។
លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បានរបៀបរស់នៅល្អជាងមុន។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម បានប្តូរទៅរកកម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរមកកំរិតមធ្យម»។
ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments