+85561 777 090
Logo
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង ១៥០ លានដុល្លារនឹងប្រើរយៈពេលសាងសង ៣៦ ខែ
Updated on: June 2, 2022, 8:35 p.m.
Published on: November 19, 2019, 1:40 a.m.

រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង ១៥០ លានដុល្លារនឹងប្រើរយៈពេលសាងសង ៣៦ ខែ


អត្ថបទព័ត៌មានពិធីចុះហត្ថលេខាគម្រោងសាងសង់ទឹកស្អាត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ខ្លួនបានចុះកិច្ចសន្យារួច​ហើយលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមាន ទឹកប្រាក់សរុបចំនួន ១៥៦ លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិតបានទឹកស្អាត ១៩៥ ពាន់ម៉ែត្រគូបក្នុង ១ ថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តថាគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំងនឹងចាប់ផ្តើមដំណើរការសាងសង់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសង្ឃឹមថា គម្រោងនេះនឹងប្រើរយៈពេលសាងសងឱ្យរួចរាល់ត្រឹម ៣៦ ខែ។

ចំពោះ ទឹកប្រាក់សរុបចំនួន ១៥៦ លានដុល្លារ  ក្នុងនោះ មានថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១៣៦ លានដុល្លារ ដែលក្រសួងបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប និងប្រើប្រាស់ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២០ លានដុល្លារ។

ពាក់ប័ន្ធនឹងរោងចក្រផលិតទឹកស្អាតនេះ លោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា តាមរយៈការព្យាករណ៍បានបង្ហាញថា តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញនឹងមានរហូតដល់ជាង ៩០០ ពាន់ម៉ែត្រគូបក្នុង ១ ថ្ងៃ នាឆ្នាំ២០២៥ និងជាង ១ លានម៉ែត្រគូបក្នុង ១ ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋប្រមាណ ៥៤០ ពាន់គ្រួសារ។

លោក សឹម ណារ៉ា បានបន្ថែមទៀតថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ គឺមានបំណងផ្គត់ផ្គង់ទឹកទៅ «ពហុកីឡាដ្ឋានជាតិមរតកតេជោ» ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងបម្រើសេចក្តីត្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលរស់នៅភាគខាងលិចរាជធានីភ្នំពេញ ប្រមាណ ៥០ ម៉ឺននាក់បន្ថែមទៀត ស្របតាមគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នេះជាគម្រោងសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទី៤ ហើយ បន្ទាប់ពីការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១ នាឆ្នាំ២០១៣ និងជំហានទី២ នាឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមុន នាឆ្នាំ២០១៩ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខិតខំដើម្បីបានទឹកចែកចាយជូនប្រជាពលរដ្ឋ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះប្រកួតពានរង្វាន់អចលនវត្ថុ

Comments