រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យដើម្បីឱ្យភ្ញៀវទេសចរដើរកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារនោះផងដែរ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះសាងសង់សម្រេចបាន៨៥%ហើយ ។ នេះបើយោងតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ។
តាមប្រភពរដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង ។
ប្រភពបានបន្តថា តាមរយៈក្រុមការងារសាងសង់វិមានឯករាជ្យបានលើកឡើងថា វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥%ហើយ ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត ។
គួររម្លឹកផងដែរថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះផងដែរ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ៕
Comments