(ផ្សារទំនើប Big C បើកសម្ពោធដាក់ដំណើរការលក់ដូរក្នុងក្រុងប៉ោយប៉ែត)
បន្ទាប់ពីបានដំណើរការសាងសង់ជិតមួយឆ្នាំ ចាប់ផ្ដើមពីចុងឆ្នាំ២០១៨ផ្សារទំនើប Big C ដែលជាផ្សារទំនើបឈានមុខគេមួយនៅក្នុងប្រទេសថៃបានបញ្ចប់ការសាងសង់រួចរាល់ និងបានប្រកាសបើកដំណើរជាផ្លូវការនៅដើមខែធ្នូឆ្នាំនេះ។
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ផ្សារទំនើបBig C ដែលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសម្ពោធដាក់ដំណើរការលក់ដូរជាផ្លូវការហើយ។
នៅក្នុងពិធីបើកសម្ពោធផ្សារទំនើបថៃនេះមានការអញ្ជើញចូលរួម ដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។
លោក Aswin Techajareonvikul នាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter បានលើកឡើងថាការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែតគឺដើម្បីផ្តល់ជម្រើសដល់ប្រជាជនកម្ពុជា ក្នុងការទិញទំនិញបានងាយស្រួល និងទទួលបានទំនិញល្អៗ ដែលមានតម្លៃសមរម្យ ជាពិសេសផ្សារទំនើបនេះមានលក់សម្ភារៈប្រើប្រាស់ និងមុខទំនិញគ្រប់ប្រភេទ ដែលពលរដ្ឋគ្រប់កម្រិតអាចមានលទ្ធភាពទិញបាន។
លោកបានបញ្ជាក់ថា ដោយបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់ប៉ោយប៉ែតនេះ ទើបក្រុមហ៊ុនសម្រេចចិត្តឈានជើងចូលក្នុង ទីផ្សារប្រទេស កម្ពុជាតាមរយៈការនាំយកមកនូវផលិតផល និងសេវាកម្ម ដែលប្រកបដោយគុណភាព សម្រាប់បំពេញតាមតម្រូវការប្រជាជនកម្ពុជា។
សម្រាប់វិស័យអចលនទ្រព្យគេមើលឃើញថា វត្តមានរបស់ផ្សារលក់រាយ និងផ្សារទំនើបល្បីៗ ដូចជា ផ្សារ BIG C ដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គឺជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លី និងការស្នាក់នៅរយៈពេលវែងរបស់អ្នកចំណូលថ្មី ដោយហេតុថាទាំងអ្នកទេសចរ និងវិនិយោគិនអចលនទ្រព្យ តែងតែសំឡឹងមើលពីសក្តានុលពលនៃតំបន់នីមួយៗ មុនពេលពួកគេសម្រេចិត្តចូលទៅវិនិយោគក្នុងតំបន់នោះ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្លាស់ប្តូរនានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments