ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកាលពីពេលថ្មីៗនេះបានទទួលនូវពានរង្វាន់ដ៏មានកិត្យានុភាពមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៣ (CREA) ដែលរៀបចំដោយ Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា (ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ បានឈ្នះពានរង្វាន់ គម្រោងលំនៅឋាន និងផ្ទះអាជីវកម្មល្អបំផុតប្រចាំឆ្នាំ សម្រាប់គម្រោងដំបូងរបស់ខ្លួនគឺ គម្រោងបុរី ដឹ រ៉េស៊ីដិន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ និងបានអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាសហគមន៍លំនៅឋាន និងតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ។
ឆ្នាំ ២០២៣ នេះ គឺជាលើកដំបូងដែលក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន បោះជំហានចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏ល្បីល្បាញនេះ ។ ស្ថាបនិក និងអគ្គនាយិកានៃក្រុមហ៊ុននេះបានឱ្យដឹងថា ការទទួលស្គាល់នេះ គឺជាលទ្ធផលជាក់ស្តែងនៃការខិតខំប្រឹងប្រែង ការជឿទុកចិត្ត និងកិច្ចសហការពីក្រុមការងារទាំងមូលក្នុងគម្រោងដំបូងរបស់ខ្លួនគឺគម្រោងបុរី ដឹ រ៉េស៊ីដិន ។
លោកស្រី លី ដាលីន ដែលជាស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន មានប្រសាសន៍ថា៖ “ពានរង្វាន់មួយនេះមានអត្ថន័យខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះក្រុមការងារដែលបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគម្រោងបុរី ដឹ រ៉េស៊ីដិន លេចចេញជារូបរាង។ គម្រោងនេះបានចាប់ផ្តើមនៅចំពេលនៃការផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ហើយក្រុមការងារទាំងអស់សហការគ្នាយ៉ាងស្អិតរមួតក្នុងការធ្វើការងារជាក្រុម មានភាពបត់បែន និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់ពេលដ៏លំបាកនោះ ព្រមទាំងអាចបំពេញតាមការសន្យារបស់យើងក្នុងការផ្តល់នូវលំនៅឋានប្រកបដោយគុណភាពជូនដល់អតិថិជនរបស់យើង” ។
លោកស្រី ដាលីន បានមានប្រសាសន៍ទៀតថា ពានរង្វាន់ដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានគឺសក្តិសមបំផុតទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍសហគមន៍លំនៅឋាន និងអគារពាណិជ្ជកម្មប្រកបដោយគុណភាព ដែលផ្តល់នូវប្រណិតភាព ផាសុកភាព និងអត្ថប្រយោជន៍ប្រចាំថ្ងៃជាច្រើនទៀតសម្រាប់អតិថិជនរបស់លោកស្រី ។
លោកស្រីបានបន្តថា៖ “យើងនឹងមិនអាចឈ្នះពានរង្វាន់នេះបានទេ ប្រសិនបើគ្មានទំនុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជនរបស់យើង ហើយខ្ញុំក៏សូមអរគុណដល់អតិថិជនគ្រប់រូបផងដែរ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរឈានទៅមុខដោយក្តីសង្ឃឹម ស្នាមញញឹមរបស់យើងដើម្បីខិតខំប្រឹងប្រែងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ហើយនិងដើម្បីនាំយកអ្វីដែលថ្មី ទំនើបកម្ម និងផ្តល់នូវស្តង់ដានៃការរស់នៅប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគ្រប់គ្នាកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិផងដែរ” ។
Comments