នៅពេលលោក លី វុទ្ធី សម្រេចចិត្តទិញផ្ទះកាលពី ២ ឆ្នាំមុន លោកត្រូវបានឪពុកម្តាយបង្អាក់ទឹកចិត្តនៅពេលដំបូង ដោយពួកគេបានលើកឡើងថាផ្ទះដែលលោក វុទ្ធី ចង់ទិញមានចម្ងាយឆ្ងាយពីទីប្រជុំជន។
ដោយចំណាយថវិកាចំនួន ៥៥,០០០ ដុល្លារ លោកវុទ្ធី អាចទិញផ្ទះថ្មីមួយល្វែងនៅក្នុងបុរីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ លោក វុទ្ធី មិនទទួលបានការលើកទឹកចិត្តពីឱពុកម្តាយនោះទេ តែលោកមានភាពអត់ធ្មត់ ហើយតាំងចិត្តធ្វើតាមការសម្រេចចិត្តរបស់ខ្លួនដោយ ជឿជាក់ថាតម្លៃនឹងកើនឡើងខ្ពស់ជាងថវិការបស់គាត់នាពេលអនគត។
លោកថ្លែងថា៖«វានៅឆ្ងាយបន្តិចប៉ុន្តែខ្ញុំមិនអាចទិញផ្ទះនៅកណ្តាលក្រុងដោយប្រើលុយត្រឹមជាង៥ ម៉ឺនបានទេ។ ខ្ញុំជឿថា នៅពេលណាដែលយើងមានលទ្ធភាព យើងត្រូវសម្រេចចិត្តទិញផ្ទះឲ្យបានលឿនទោះបីជាវានៅឆ្ងាយបន្តិចក៏ដោយ។ ប្រសិនបើយើងរង់ចាំ យើងនឹងត្រូវទៅកាន់តែឆ្ងាយ ឬចំណាយកាន់តែច្រើនជាងនេះ»។
ពីរឆ្នាំក្រោមមក ការយល់ឃើញរបស់វុទ្ធីកំពុងតែក្លាយជាការពិត។ តម្លៃផ្ទះនៅជុំវិញផ្ទះរបស់គាត់កំពុងកើនឡើងហើយអ្នកអភិវឌ្ឍន៍បុរីកាន់តែច្រើនកំពុងជំរុញឆ្ងាយពីកណ្តាលទីក្រុង។
គម្រោងបុរីបន្តពង្រីកទៅជាយក្រុង
ការពង្រីកទីក្រុង ការកើនឡើងតម្លៃដីធ្លី និងទីតាំងទំនេរនៅជាយទីក្រុងមានកាន់តែតិចកំពុងរុញគម្រោងផ្ទះល្វែងកម្រិតមធ្យមនៅតាមបុរី ដែលកំពុងប្រមូលផ្តុំជុំវិញភ្នំពេញនឹងរំកិលខ្លួនកាន់តែឆ្ងាយជាងមុន។ នៅឆ្នាំ២០៣០ ខាងមុខ គម្រោងបុរីថ្មីៗអាចនឹងមានគម្លាតដល់ទៅ ៣០ ទៅ ៣៥ គីឡូម៉ែត្រពីទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់ VTrust Appraisal។
នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal លោក ហ៊ឹម សីហា បានលើកឡើងថាគម្រោងផ្ទះល្វែងតាមបុរី ដែលមានគម្លាតកាន់តែឆ្ងាយពីទីក្រុងនឹងធ្វើឲ្យគម្រោងខុនដូ តម្លៃសមរម្យកាន់តែមានតម្រូវការ ដោយសារថាគម្រោងខុនដូមានអំណោយផលសម្រាប់ទីប្រជុំជនដោយសារត្រូវការទំហំដីតូចល្មម។
លោកថ្លែងថា៖«ការកើនឡើងថ្លៃដីធ្លីនៅជាយភ្នំពេញ បានកំពុងជំរុញឱ្យគម្រោងបុរីថ្មីៗត្រូវបានអភិវឌ្ឍកាន់តែឆ្ងាយ»។ លោកបន្តថា៖«នាពេលខាងមុខ គឺមានតែគម្រោងខុនដូប៉ុណ្ណោះដែលមានទីតាំងនៅក្នុងទីក្រុង។ ដូច្នេះ អ្នកដែលចង់មានទីតាំងរស់នៅកណ្តាលក្រុងនឹងត្រូវជ្រើសរើសយកការរស់នៅតាមខុនដូជាជាងទិញផ្ទះតម្លៃមធ្យមតាមបុរីដែលមានទីតាំងឆ្ងាយពីទីក្រុងដល់ទៅ ២៥ គីឡូម៉ែត្រ ឬ ៣៥ គីឡូម៉ែត្រ»។
គម្រោងបុរីជាច្រើនកំពុងត្រូវបានអភិវឌ្ឍនៅតំបន់ខាងក្រៅទីប្រជុំជនក្នុងទីក្រុងរួចទៅហើយ។ គម្រោង បុរី The Flora ស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រពីវត្តភ្នំ។ ទន្ទឹមនឹងនេះបុរីពិភពថ្មីកំពុងសាងសង់គម្រោងជាច្រើនដែលគម្រោងទាំងអស់មានចម្ងាយ ១០ គីឡូម៉ែត្រ ឬច្រើនជាងនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាលោករំពឹងថាទំហំគ្រួសារជាមធ្យមនៅភ្នំពេញប្រហែល ៤ ទៅ ៥ នឹងធ្លាក់ចុះនាពេលខាងមុខ។
ការផ្លាស់ប្តូរពីលំនៅដ្ឋានជាប់ដីទៅខុនដូ
លោកថ្លែងថា៖«នាពេលអនាគត ទំហំគ្រួសារជាមធ្យមនឹងមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ។ ក្មេងជំនាន់ក្រោយមិនចង់រស់នៅកន្លែងដែលមានមនុស្សច្រើនទេ ហើយពួកគេនឹងផ្លាស់ប្តូរពីផ្ទះបែបប្រពៃណី [បុរី] ទៅខុនដូវិញ»។
យោងតាមរបាយការណ៍របស់ VTrust Appraisal ភ្នំពេញ ២០៣០ រាជធានីភ្នំពេញនឹងមានការកើនឡើងជាលំដាប់នៃការផ្គត់ផ្គង់ខុនដូក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលឈានដល់ ២៩៥,០០០ យូនីតនៅចុងទសវត្សរ៍នេះ។ ចំនួននេះស្មើរនឹងការកើនឡើង ៥ ដងពីចំនួនឆ្នាំ ២០១៨ នៅពេលដែលមានខុនដូចំនួនជាង ៦១,០០០ នៅក្នុងរាជធានី។
របាយការណ៍ដដែលបានព្យាករណ៍ថាផ្ទះល្វែងតាមបុរីនឹងកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំទៀតពីប្រមាណ ១៥០,០០០ នៅចុងឆ្នាំ ២០១៨ ដល់ប្រហែល ៤៥០,០០០ នៅឆ្នាំ២០៣០។
ដោយឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ លោក វុទ្ធី ក្នុងការទិញផ្ទះមួយដែលកាលពី ២ ឆ្នាំមុន លោកវុទ្ធី ហាក់រីករាយដែលគាត់បានទិញទ្រព្យសម្បត្តិនាពេលនោះ។
លោកបន្តថា៖«ទៅអនាគតទៅ ផ្ទះថ្មីនឹងកាន់តែឆ្ងាយពីទីក្រុង ហើយបើយើងស្ទាក់ស្ទើរក្នុងការទិញយើងនឹងត្រូវទៅកាន់តែឆ្ងាយ ឬក៏បង្ខំចិត្តទិញខុនដូទោះមានទំហំតូច»៕
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
Comments