+85561 777 090
Logo
តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨
Updated on: June 6, 2022, 10:56 p.m.
Published on: August 13, 2019, 2:16 a.m.

តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨


A construction worker leans on a stack of bricks at a Phnom Penh construction site in 2017.

តម្លៃឥដ្ឋនៅកម្ពុជាបាន​រក្សា​ស្ថិរ​ភាព​​​នៅ​ជាង​មួយ​ឆ្នាំ​ចុង​​ក្រោយ​នេះ បើ​ទោះ​បី​ជា​តម្រូវ​ការ​សម្រាប់​វិ​ស័យ​សំ​ណង់​នៅ​បន្ត​កើន​ឡើង ដោយសារ​អ្នក​ផលិត​បាន​បង្កើន​ផលិត​កម្ម ហើយ​អាច​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវ​ការ​​។ នេះ​បើ​យោង​តាម​ពាណិជ្ជ​ករ​​​​ក្នុង​ឧស្សា​ហ​កម្ម​នេះ។

យោងតាមលោក ឈាង ស៊ុយហ៊ាង​ ​តំណាងសហ​គម​អ្នក​ផលិត​ឥដ្ឋជាង ១០០ សហ​គ្រាស​នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាល​ខេត្ត​កណ្តាល​ តម្លៃឥដ្ឋ​បានរក្សា​កម្រិត​ប្រ​ហាក់​ប្រហែល​នៅ​ជាង ១ ឆ្នាំ​កន្លះ​ចុង​ក្រោយគិត​ចាប់​ពី​ខែ​មី​នា​ឆ្នាំ​២០១៨ មក។

លោក ស៊ុយហ៊ាង បាននិយាយថាតម្លៃ​ឥដ្ឋនា​ពេល​នេះ​​មានតម្លៃ ៤០០ ដុល្លារក្នុងមួយម៉ឺន​ឥដ្ឋ​ គឺ​មិន​មាន​ការប្រែ​ប្រួល​ទេ​ធាប​នឹង​ដើម​ឆ្នាំ ២០១៨មក។ តម្លៃ​ឥដ្ឋ​នៅ​កម្ពុជា​បានចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​នៅ​ចាប់​ពី​ដើម​ឆ្នាំ​២០១៧ ដែល​កាល​នោះ ឥដ្ឋ​មួយ​ម៉ឺន​ដុំ​មាន​តម្លៃ ១៨០ ដុល្លារ។ តម្លៃ​នេះ​បាន​កើន​ដល់ ៣០០ ដុល្លារ​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ត្រឹម​តែ​ ៣ ខែ​បន្ទាប់​ដែល​ធ្វើ​ឲ្យ​តម្លៃ​ឥដ្ឋ​មួយ​ម៉ឺន​ដុំ​បាន​កើន​ដល់ ៤០០ ដុល្លារ។

យោង​តាម​លោក ស៊ុយ​ហ៊ាង កំ​ណើន​តម្រូវការឥដ្ឋ​នៅ​តែ​ខ្លាំង​នៅ​ឆ្នាំ​នេះ ដែល​ការ​បញ្ជា​ទិញ​ភាគ​ច្រើន​បានមកពី​ខេត្ត​​ព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ជា​ទី​ដែល​វិ​ស័យ​សំ​ណង់​កំ​ពុង​មាន​សកម្ម​ភាព​ខ្លាំង។

លោក​បន្ត​ថា​៖​«​​ម្ចាស់ឡ​ឥដ្ឋ​ជា​ច្រើន​បាន​ពង្រីក​ការ​ផលិត​។ អ្នក​ដែល​ធ្លាប់​មាន​តែ​ ២ ដំ​បូល​ (ឡ​ផលិត​ឥដ្ឋ​) កាល​ពី​មុន បាន​ដំ​ឡើង​ដល់៤ ដំ​បូង។ អ្នក​មាន​ ៤ កើន​ដល់​ ៦ ដំ​បូល អ៊ីចឹង​ទៅយើង​ផលិត​បាន​ច្រើន​ជាង​មុន​ ហើយ​ទាន់​តម្រូវ​ការ​ដែល​កើន​ឡើង​»។ លោក​បន្ត​ថា៖​«តម្រូវ​ការ​នៅ​បន្ត​កើន​ ហើយ​ពេល​ខ្លះ​ក៏​យើង​ពិ​បាក​ផ្គត់​ផ្គង់​ឲ្យ​ទាន់​ពេល​ដែរ តែ​យើង​សម្រេច​មិន​ដំ​ឡើង​ថ្លៃ​ទេ​ដោយ​សារ​យើង​បង្ការ​កុំ​ឲ្យ​មាន​​ការ​នាំ​ចូល​ឥដ្ឋ​ពី​វៀត​ណាម​មកជំ​នួស​»។

លោកស៊ុយហ៊ាងប៉ាន់ស្មានថាបច្ចុប្បន្ននេះមានឡឥដ្ឋប្រមាណ ៣០០ ឡនៅក្នុងប្រទេសកម្ពុជា (បូក​បញ្ចូល​ទាំង​ម្ចាស់​សិប្ប​កម្ម​នៅ​ក្នុង​សហ​គម​របស់​លោក)។ សម្រាប់​សមាជិក​ក្នុង​សហ​គម​អ្នក​ផលិត​ឥដ្ឋ​ស្រុក​មុខ​កំ​ពូល និង​ ស្រុក​ខ្សាច់​កណ្តាល សិប្ប​កម្ម​​នីមួយៗមានសមត្ថភាពធ្វើឥដ្ឋបានយ៉ាងតិច ១០ ម៉ឺន​​ឥដ្ឋក្នុងមួយថ្ងៃ អ៊ីចឹង​អ្នក​ផ្គត់​ផ្គង់​ពី​សហ​គម​នេះ​អាច​ផ្គត់​ផ្គង់​យ៉ាង​ហោច​ណាស់ ១០ លាន​ដុំ​ក្នុង​មួយ​ថ្ងៃ។

កម្ពុជានៅតែពឹងផ្អែកលើការនាំចូលសម្ភារៈសំណង់

ប្រទេសកម្ពុជាបានមើលឃើញការហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលជាង​មួយ​ទសវត្យ​ចុង​ក្រោយ ហើយ​​វិ​ស័យ​អចលនទ្រព្យ សំណង់ និងបដិសណ្ឋារកិច្ចគឺជាវិស័យ​ដែល​ទទួល​បាន​លំ​ហូរ​ចូល​វិនិយោគ​ដ៏​ខ្លាំង​ក្លា​។

ផលិ​ត​កម្មឥដ្ឋបាន​ទទួល​អត្ថប្រយោជន៍ពីការរីកដុះដាលនៃសំ​ណង់​អគារ​ផ្សារទំនើប អគារ​ការិយាល័យ ​អគារខុនដូ និងគម្រោង​​ជាច្រើនទៀត។

ក្នុងរយៈពេល ៦ ខែដំ​បូង​ឆ្នាំនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បានអនុម័តគម្រោងសាងសង់ចំនួនជាង ២,០០០ គម្រោងដែលមានទឹកប្រាក់វិនិយោគប្រមាណជាង ៣,៣ ពាន់លានដុល្លារ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃចន្ទថាស្ថិរភាពសេដ្ឋកិច្ច កំ​ណើន​ការវិនិយោគផ្ទាល់ពីបរទេស និងវឌ្ឍនភាពអចលនទ្រព្យបានរួមចំណែកធ្វើឱ្យមានតម្រូវ​ការ​សម្ភារៈ​​សំណង់​កាន់តែច្រើនឡើង។

ទោះយ៉ាងណាលោកបានកត់សម្គាល់ថាប្រទេសកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសម្ភារៈសំណង់ផ្សេងៗទៀតដូចជាដែកថែប និងផលិត​ផល​តុប​តែង​ផ្នែកខាងក្នុង។

លោក​ថ្លែង​ថា​៖​«​យើងរំ​ពឹង​ថា​ផលិតកម្មក្នុងស្រុករបស់យើងនឹង​រីកចម្រើន​ជាងនេះ​ ដូច្នេះយើងនឹង​អាចរក​ផលិត​ផល​​ក្នុងស្រុកបានកាន់តែច្រើនសម្រាប់​វិ​ស័យ​សំ​ណង់​ និងកាត់​បន្ថយ​ការ​ពឹងផ្អែក​លើការនាំចូល»៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 

Comments