ទីក្រុងញូយ៉ក ៖ កាលពីរសៀលថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ថ្លែងសុន្ទរកថាបើកជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិកនៅទីក្រុងញូយ៉ក ។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងអាមេរិកចំនួនជាង១០០ក្រុមហ៊ុន ។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ជម្រាបជូនក្រុមហ៊ុនអាមេរិកដែលមានវត្តមានក្នុងជំនួបពាណិជ្ជកម្ម អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលប្រទេសទាំងពីរបាននិងកំពុងជំរុញរួមគ្នា ។
អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ហើយក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិកកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ ឆ្នាំ២០២២ នេះ កម្ពុជាគឺជាប្រធានអាស៊ាន ហើយក៏ជាឆ្នាំដ៏ប្រសើរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ។
អ្នកឧកញ៉ាប្រធានបានលើកទឹកចិត្ត និងអញ្ជើញធុរជនអាមេរិក មកបំពេញទស្សនកិច្ច ដោយផ្ទាល់នៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព និងសិក្សាលទ្ធភាពសហការគ្នាជាមួយដៃគូកម្ពុជា ។
ក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះ ក្រុមហ៊ុននៃប្រទេសទាំងពីរ បានជជែកពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យសំណង់ និងអចលនទ្រព្យ កសិកម្ម សេវាកម្ម និងពាណិជ្ជកម្មជាដើម ។
នៅចុងបញ្ចប់នៃជំនួបពាណិជ្ជកម្ម ធុរជននៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដោយផ្ទាល់ និងពិនិត្យអំពីលទ្ធភាពក្នុងការសហការវិនិយោគនិងធ្វើធុរកិច្ចរួមគ្នានាពេលអនាគត ៕
Comments